ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Austin ថា អាមេរិក​មិនទាន់​ឃើញ​សញ្ញា​ណាមួយ​នៃ​ចេតនា​វាយប្រហារ​លើ​កងទ័ព​អាមេរិក​ដែលកំពុង​សាងសង់​កំពង់ផែ​នៅ​តំបន់​ហ្កាហ្សា​នោះ​ឡើយ


រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មា​មួយ នៅរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មា​មួយ នៅរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin និយាយ​កាលពីថ្ងៃ​ព្រហស្បតិ៍​ថា​ ​លោក​មិន​ឃើញមាន​សញ្ញា​ណា​មួយដែល​ថា​ ក្រុម​ហាម៉ាស់​នឹង​ធ្វើ​ការ​វាយប្រហារ​ទៅលើ​កងយោធា​អាមេរិក ដែល​កំពុង​សាងសង់​កំពង់ផែ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Gaza ដើម្បី​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​តាម​នាវា​មក​កាន់​តំបន់​ហ្កាហ្សានោះ​ឡើយ។

លោក Austin បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាននៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយក្នុងរដ្ឋហាវ៉ៃ​ សហរដ្ឋអាមេរិក​ថា៖ ​«ខ្ញុំ​មិន​ឃើញមាន​សញ្ញា​ណា​មួយ​នា​ពេល​ថ្មីៗ​នេះ​ដែល​ថាមាន​ចេតនា​ណា​មួយ​ដើម្បី​ធ្វើ​ការ​វាយប្រហារ​ឡើយ»។

លោក Austin បាន​គូស​បញ្ជាក់​ថា មេបញ្ជាការ​កំពូល​កងកម្លាំង​សហរដ្ឋ​អាមេរិកប្រចាំ​តំបន់មជ្ឈិមបូព៌ា លោក​ឧត្តមសេនីយ៍ Erik Kurilla ដែល​ជាប្រធាន​ទី​បញ្ជាការដ្ឋាន CENTCOM របស់​អាមេរិក​ ​បាន​ដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​មួយ​ចំនួនដល់​កងកម្លាំងយោធា​អាមេរិក​ដែល​កំពុង​សាងសង់​កំពង់ផែ​នៅ​ទី​នោះ​ និង​កំពុង​ជួយផ្តល់​សុវត្ថិភាព​ដល់​ការ​ដឹកជញ្ជូន​ជំនួយ​ផង​ដែរ។

លោក Austin បន្ត​ទៀត​ថា៖ ​«សម្ព័ន្ធមិត្ត​របស់​យើង​ក៏​កំពុង​ផ្តល់​សន្តិសុខ​នៅ​ក្នុង​តំបន់នេះ​ផង​ដែរ​ ហើយ​វា​តម្រូវ​ឱ្យ​យើងត្រូវ​តែ​បន្ត​ការ​សហការ​ជា​មួយ​ពួក​គេ​យ៉ាង​ជិតស្និទ្ធ​ ដើម្បី​ធានា​ថា​ប្រសិន​បើ​មាន​រឿង​អ្វី​មួយ​កើត​ឡើង​ កងយោធា​របស់​យើង​នឹង​ត្រូវទទួលបាន​ការការពារ»។

កំពង់ផែ​ថ្មី​ដែល​កំពុងសាងសង់​នេះ​ស្ថិត​នៅ​ភាគនិរតី​ក្បែរ​ទីក្រុង​ហ្កាហ្សា។ កាលពី​សប្តាហ៍​មុន​មាន​ការវាយប្រហារ​ដោយ​គ្រាប់​ផ្លោង​មួយ សំដៅ​ទៅ​ជិត​ទីតាំង​នៃ​កំពង់ផែ​នោះ​ ​ប៉ុន្តែ​ក្រុម​មន្ត្រី​និយាយ​ថា​ មិន​បង្ក​របួស​ស្នាម​ដល់​នរណា​ម្នាក់​ឡើយ។

លោក Bradley Bowman នាយក​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​យោធា​និងអំណាច​នយោ បាយ ​នៅ​មូល​និធិ​ការពារ​ប្រជាធិបតេយ្យ​បាន​ប្រាប់​វីអូអេថា៖ ​«​នេះ​ជា​ឧប្បតិ្តហេតុ​មួយដែល​រង់​ចាំ​នឹង​កើត​ឡើង​»។

លោក Bowman ដែល​ជា​អតីត​ទាហាន​ជើង​ចាស់​អាមេរិក​មួយ​រូប​ផង​ដែរ​ បាន​និយាយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ កិច្ចប្រឹងប្រែងដើម្បី​ផ្តល់​ជំនួយ​ដល់​អ្នក​ដែល​កំពុង​ត្រូវ​ការជាខ្លាំង​នោះ​ កំពុង​ទទួល​បាន​ការអបអរ​សារទរ​ ប៉ុន្តែ​ការបារម្ភ​ពី​បញ្ហា​សុន្តិសុខហាក់​នៅតែ​ជា​កត្តា​ចម្បង​ ចាប់តាំង​ពីការចាប់​ផ្តើម​នៃ​បេសកកម្ម​សាងសង់​កំពង់​ផែ​របស់​អាមេរិក​នេះ​មក​ ខណៈ​ដែល​ផែនការ​មួយ​ចំនួន​ទៀតកំពុងស្ថិត​ក្នុងការគិតគូរ​នៅ​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG