កងកម្លាំងសហរដ្ឋអាមេរិកប្រុងប្រៀបវាយប្រហារលើក្រុមគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងតំបន់មជ្ឈិមបូព៌ាដោយការបង្កើនការឆ្លើយតបដល់ការវាយប្រហារដោយដ្រូនលើមូលដ្ឋានមួយក្នុងប្រទេសហ្ស៊កដានីដែលបានសម្លាប់ទាហានអាមរិកាំងបីនាក់និងធ្វើឱ្យរបួសទាហានជាង៤០នាក់ទៀត។
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បាននិយាយទៅកាន់ពួកអ្នកកាសែតជាលើកដំបូងតាំងពីពេលលោកសម្រាន្តក្នុងមន្ទីរពេទ្យនៅថ្ងៃទី១ ខែមករាដោយសារមានការសាំញ៉ាំក្រោយការវះកាត់មហារីកក្រពេញប្រូស្តាត។ លោកបានហៅការវាយប្រហារប្រឆាំងនឹងមូលដ្ឋានអាមេរិកាំងប៉ម២២នាប៉ែកឦសានប្រទេសហ្ស៊កដានីថា«គួរឱ្យខ្ពើមរអើម»ដោយលោកបានបន្ថែមថាសកម្មភាពបែបនេះនឹងមិនអាចអត់ឱនឱ្យបានទេ។
លោករដ្ឋមន្ត្រីការពារជាតិអាមេរិកក៏ហាក់ដូចជាច្រានចោលសេចក្តីថ្លែងការណ៍ដែលចេញដោយ ក្រុមKataib Hezbollah ដែលជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលថាខ្លួនផ្អាកប្រតិបត្តិការយោធាប្រឆាំងនឹងសហរដ្ឋអាមេរិក។
ដូចជាសមភាគីរបស់លោកនៅសេតវិមាន និងក្រសួងការបរទេស លោក Austin បាននិយាយថា សហរដ្ឋអាមេរិកកំពុងចាត់វិធានការឆ្ពោះទៅមុខដោយមាន «ការឆ្លើយតបចម្រុះ» ដែលទំនងជារួមបញ្ចូលការវាយប្រហារយោធាជាច្រើនមុខព្រួញ។
បណ្តាញទូរទស្សន៍CBS News បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Biden បានអនុម័តផែនការសម្រាប់ការវាយប្រហារជាច្រើនថ្ងៃលើគោលដៅដែលរួមមាន «បុគ្គលិក និងយុទ្ធោបករណ៍ របស់អ៊ីរ៉ង់» ទាំងនៅអ៊ីរ៉ាក់ និងស៊ីរី៕