លោក Ash Carter រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ចនាវាចម្បាំងដែលមានផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនាថ្ងៃព្រហស្បតិ៍នេះ ខណៈដែលភាពតានតឹងកំពុងតែកើនឡើងជាមួយនឹងប្រទេសចិនលើបញ្ហាដែលរដ្ឋាភិបាលទីក្រុងប៉េកាំងខិតខំពង្រីកដែនសមុទ្រនៅក្នុងតំបន់នោះ។
លោក Carter បានធ្វើដំណើរជាមួយនឹងសមភាគីរបស់លោកគឺ លោក Hishammuddin Hussein រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី។
លោករដ្ឋមន្ត្រីទាំងពីរបានឡើងជិះលើនាវាចម្បាំងផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះ ថា USS Theodore Roosevelt ក្នុងពេលដែលនាវានោះបើកក្នុងសមុទ្រចិនខាងត្បូងដោយចេញពីឆ្នេរសមុទ្ររបស់ប្រទេសម៉ាឡេស៊ី។
ក្នុងពេលប្រកាសពីដំណើរទស្សនកិច្ចរបស់លោកកាលពីថ្ងៃពុធ លោក Carter មានប្រសាសន៍ថានេះគឺជា «សញ្ញានៃការប្តេជ្ញាចិត្តរបស់យើង» ចំពោះតំបន់នេះ ហើយសហរដ្ឋអាមេរិកផ្តោតការចាប់អារម្មណ៍កាន់តែខ្លាំងលើប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីបានផ្តោតលើតំបន់មជ្ឈឹមបូព៌ាអស់រយៈពេលជាច្រើនឆ្នាំ។
លោក Carter និងលោក Hussein បានពិនិត្យមើលប្រតិបត្តិការយន្តហោះប្រយុទ្ធដែលផ្ទុកលើនាវានោះ និងស្តាប់របាយការណ៍មេបញ្ជាការកងទ័ពជើងទឹកអំពីបេសកកម្មបើកបរក្នុងពេលថ្មីៗនេះ។
ដំណើររយៈពេលខ្លីរបស់លោក Carter និងលោក Hussein នៅលើនាវានេះកើតមានឡើងតែក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាពិឃាតរបស់សហរដ្ឋអាមេរិកដែលបំពាក់ដោយគ្រាប់មីស៊ីលបានបើកបរក្នុងចម្ងាយតែ២២គីឡូម៉ែត្រពីតំបន់ថ្មប៉ប្រះទឹក Subi ក្នុងតំបន់ប្រជុំកោះ Spratly៕