ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ដោយ​មិន​ប្រកាស​ឱ្យ​ដឹង​ជាមុន


រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ត្រូវបាន​ទទួលស្វាគមន៍​នៅ​ក្បែរយន្តហោះ​ដោយ​ឧត្តមសេនីយ៍ទោ​លោក Matthew McFarlane ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុងបាកដាដ ប្រទេស​អ៊ីរ៉ាក់ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Lloyd Austin ត្រូវបាន​ទទួលស្វាគមន៍​នៅ​ក្បែរយន្តហោះ​ដោយ​ឧត្តមសេនីយ៍ទោ​លោក Matthew McFarlane ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុងបាកដាដ ប្រទេស​អ៊ីរ៉ាក់ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះក្នុង​អំឡុង​ពេល​នៃដំណើរ​បំពេញ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ឱ្យ​ដឹង​ជា​មុន​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​ថា ​កងទ័ព​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​នោះ​ត្រូវតែ​ផ្តោត​លើ​ការគាំទ្រ​កងទ័ព​អ៊ីរ៉ាក់​ និង​ផ្តួល​រំលំ​ក្រុមរដ្ឋ​ឥស្លាម ខណៈ​ដែល​ផ្តោតលើ​ភាពចាំបាច់​ឱ្យ​សន្តិសុខ​បំពេញ​បេសកកម្ម​នោះ។

លោក Austin បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​បន្ទាប់ពី​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Mohammed Shia al-Sudani ថា «កិច្ចសហប្រតិបត្តិការ​ការពារ​ប្រទេស​របស់​យើង​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម ​ឬ Daesh ជា​សរសរ​ស្តម្ភ​ដ៏​សំខាន់​មួយ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង ហើយ​សហរដ្ឋ​អាមេរិក​នៅតែ​តាំងចិត្ត​ដល់​ការប្រយុទ្ធ​នេះ​នៅ​ក្នុង​ការគាំទ្រ​សន្តិសុខ​របស់​អ៊ីរ៉ាក់ ​និង​សន្តិសុខ​នៅ​ក្នុង​តំបន់»។

លោក Austin បាន​ថ្លែង​អំណរ​គុណ​មេដឹកនាំ​អ៊ីរ៉ាក់​ចំពោះ​ការតាំងចិត្ត​ធ្វើ​ឱ្យ​ប្រាកដ​ថា​ កងទ័ព​ចម្រុះ​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នឹង​ត្រូវ​បាន​ការពារ​ពី​ពួក​សត្រូវ​មាន​ប្រទេស​និង​សត្រូវ​គ្មាន​ប្រទេស។

កងទ័ព​សហរដ្ឋ​អាមេរិក​និង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋធានី​បាដាដ​បាន​ក្លាយ​ជា​ទីដៅ​នៃ​ការបាញ់​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ពី​ពួក​កងជីវពល​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។

សហរដ្ឋ​អាមេរិក​មាន​កងទ័ព​ប្រហែល២ពាន់៥រយ​នាក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដោយ​មាន​បេសកកម្ម​ផ្តល់​យោបល់​និង​ជួយ​កងទ័ព​អ៊ីរ៉ាក់​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម។

ដំណើ​បំពេញ​ទស្សនកិច្ច​របស់​លោក Austin កើត​មាន​ឡើងបន្ទាប់ពី​អគ្គលេខាធិការ​អង្គការ​សហប្រ ជាជាតិ​លោក Antonio Guterres បាន​សន្យា​កាលពី​សប្តាហ៍​មុន​បង្កើន​សាមគ្គីភាព​ជាមួយ​ប្រជា​ពលរដ្ឋ​អ៊ីរ៉ាក់​ ហើយ​លោក​សង្ឃឹម​ថា ​អ៊ីរ៉ាក់​នឹង​មាន​សន្តិភាព​និង​វិបុលភាព​នៅ​ថ្ងៃ​អនាគត​និង​មាន​ស្ថាប័ន​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP AFP និង Reuters។

XS
SM
MD
LG