ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​១សែន​២ ម៉ឺន​នាក់​រត់​គេច​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា


ក្មេង​ប្រុស​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ម្នាក់​ទូល​បង្វិច​នៅ​លើ​ក្បាល​ដើរ​កាត់​វាលស្រែ បន្ទាប់​ពី​ឆ្លង​កាត់​ព្រំដែន​បង់ក្លាដែស កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។

អង្គការ​សហប្រជាជាតិ​ប៉ាន់​ស្មាន​ថា ​ជន​ភៀស​ខ្លួន​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ជាង​១សែន​២ម៉ឺននាក់​បាន​ឆ្លង​កាត់​ព្រំ​ដែន​ពីរដ្ឋ Rakhine ​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់ម៉ា​ចូល​ក្នុង​ប្រទេស​បង់ក្លាដែស​នៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ចុងក្រោយ​នេះ។

លោក Vivan Tan មន្ត្រី​សាព័ត៌មាន​ប្រចាំ​តំបន់​អាស៊ី​របស់​ស្នងការ​ទទួល​បន្ទុក​ជន ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ (UNHCR) បាន​ប្រាប់ VOA ផ្សាយ​ជាភា​សាមីយ៉ាន់ម៉ា​ថា «ពួកគេ​បាន​រស់​នៅ​រាយ​ប៉ាយ​នៅ​ក្នុង​ភូមិ​នានា ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់ក្លាដែស។ ពួកគេ​ភាគ​ច្រើន​កំពុង​ទៅ​ដល់​តំបន់​នោះ​ក្នុង​ស្ថានភាព​អាក្រក់​បំផុត។ ពួកគេ​និយាយ​ថា ​ពួកគេ​បាន​ដើរ​អស់​រយៈ​ពេល​ជា​ច្រើនថ្ងៃ​មក​ហើយ។​ ពួកគេ​មិនបាន​ទទួលទាន​ម្ហូប​អាហារ​ចាប់​តាំង​ពី​ពួកគេ​បាន​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន។ ពួកគេ​ជា​ច្រើន​បាន​និយាយថា ​ពួកគេរស់រាន​មាន​ជី​វិត​ដោយ​សារទឹកដែល​ពួកគេ​អាច​ស្វែងរក​បាន។ ពួកគេ​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​យ៉ាង​យ៉ឺន​បំផុត‍»។

លោក Tan ​បាន​និយាយ​ទៀត​ថា ​ជំរំ​ជន​ភៀស​ខ្លួន​ផ្លូវការ២នៅ​ក្នុង​ប្រទេស​បង់ក្លា ដែស ​មាន​មនុស្ស​ច្រើន​ហួស​កម្រិត ដោយ​មាន​មនុស្ស​មក​ដល់​កើនឡើង​ជារៀង​រាល់​ថ្ងៃ។

លោក​ Tan​ និយាយ​ថា «ជាទូទៅ ​មិន​មាន​កន្លែង​ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ទៀត​ទេ‍»។

មេដឹកនាំ​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​អន្តរជាតិបាន​ថ្កោល​ទោស​អំពើ​ហិង្សា​នេះ​ដោយ​បាន​អំពាវនាវ​ឲ្យ​លោកស្រី អង់សាន ស៊ូជី​មេដឹកនាំ​កាន់​អំណាច​ពិត​ប្រាកដ​របស់​ប្រទេស​មីយ៉ានម៉ាថ្កោល​ទោស​បញ្ហា​នេះ​ហើយ​នឹង​ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ។

កាល​ពី​ថ្ងៃ​អង្គារ ​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវ​ដល់​ភាគីទាំង​២​ឲ្យកាត់​បន្ថយ​ការ​តានតឹង​នេះ៕

XS
SM
MD
LG