ឧត្តមស្នងការអ.ស.បទទួលបន្ទុកលើជនភៀសខ្លួនបានរាយការណ៍ថា ប្រជាពលរដ្ឋចំនួន ៥.២០០នាក់បានចូលមកប្រទេសបង់ក្លាដេសពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក បន្ទាប់ពីមានការវាយប្រហារធ្វើឡើងដោយយុទ្ធជនរ៉ូហ៊ីងយ៉ាទៅលើប៉ុស្តិ៍ប៉ូលិសចំនួន ៣០ កន្លែង។ ឧត្តមស្នងការអ.ស.បទទួលបន្ទុកលើជនភៀសខ្លួនក៏បាននិយាយថា ប្រជាពលរដ្ឋរាប់ពាន់នាក់ បានរត់ភៀសខ្លួន ដោយព្រួយបារម្ភពីការវាយប្រហារសងសឹកដោយយោធាមីយ៉ាន់ម៉ា។ ប្រជាពលរដ្ឋទាំងនោះ ត្រូវបានគេរាយការណ៍ថា បានជាប់គាំងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា។
លោក Adrian Edwards អ្នកនាំពាក្យអង្គការ UNHCR បានប្រាប់ VOA ថា អង្គការ UNHCR មិនទាន់អាចបញ្ជាក់របាយការណ៍ទាំងនេះបានទេ។ លោកនិយាយថា ក្រុមជនភៀសខ្លួនកំពុងនៅតាមកន្លែងជាច្រើនតាមបណ្តាយព្រំដែន ហើយបុគ្គលិករបស់ទីភ្នាក់ងារមិនបាននៅគ្រប់ទីតាំងទាំងនោះ។ លោក Edwards បានមានប្រសាសន៍ថា៖
«ច្បាស់ណាស់ថា មានមនុស្សរត់ភៀសខ្លួន ដើម្បីរកកន្លែងសុវត្ថិភាព និងត្រូវការទីជម្រក និងការផ្គត់ផ្គង់ផ្សេងៗ... ហើយពិតណាស់ យើងបានទាក់ទងជាមួយនឹងអាជ្ញាធរបង់ក្លាដេស។ ទាំងនេះហាក់ដូចជា ហេតុការណ៍ដាច់ដោយឡែកមួយពីអ្វីដែលយើងអាចឃើញនាពេលឥឡូវនេះ។ ដូចនេះ ខ្ញុំមិនគិតថា យើងមានប្រព័ន្ធជួយសង្រ្គោះនៅទីនេះទេ។ តើយើងអាចទៅដល់កន្លែងដែលជនទាំងនោះស្ថិតនៅ ដើម្បីជួយពួកគេពីខាងក្នុងព្រំដែន គឺនៅផ្នែកម្ខាងទៀតនៃព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ? (ចម្លើយគឺថា) ទេ យើងមិនអាចទេនៅពេលនេះ»។
លោក Edwards បានលើកឡើងថា អង្គការ UNHCR មិនអាចបញ្ជាក់របាយការណ៍ ដែលថា ប្រជាពលរដ្ឋរាប់រយ ឬអាចដល់រាប់ពាន់នាក់ ត្រូវបានសម្លាប់ និងរងរបួសនៅរដ្ឋ Rakhine នោះទេ។ លោកបាននិយាយថា៖
«យើងបានឃើញរបាយការណ៍ផ្សេងៗគ្នាអំពីចំនួនអ្នកស្លាប់ រួមមានសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើងដោយអាជ្ញាធរមីយ៉ាន់ម៉ា។ យើងមិនអាចបញ្ជាក់សេចក្តីថ្លែងការណ៍ទាំងនោះបានទេ។ យើងកំពុងអំពាវនាវឲ្យមានការរក្សាការបើកចំហព្រំដែន។ យើងគិតថា វាពិតជាមានសារៈសំខាន់ណាស់ដែល មនុស្សនានាត្រូវបានអនុញ្ញាតឲ្យស្វែងរកកន្លែងជ្រកកោនសុវត្ថិភាព»។
នេះជាការផ្ទុះអំពើហិង្សាអាក្រក់ជាងគេបំផុតមួយនៅរដ្ឋ Rakhine ចាប់តាំងពីខែតុលាមក នៅពេលក្រុមយុទ្ធជនរ៉ូហ៊ីងយ៉ា បានសម្លាប់មន្រ្តីប៉ូលិស ៩នាក់ ដែលការណ៍នេះបានបង្កឲ្យប្រជាពលរដ្ឋយ៉ាងច្រើនរត់ភៀសខ្លួន។ របាយការណ៍នាពេលថ្មីៗនេះ ដោយអង្គការអន្តរជាតិទទួលបន្ទុកផ្នែកទេសន្តរប្រវេសក៍បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ៨ម៉ឺន ៧ពាន់នាក់ បានរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដេសក្នុងរយៈពេលប្រាំមួយខែមកនេះ។ សមាជិកសហគមន៍រ៉ូហ៊ីងយ៉ាមិនមានសិទ្ធិទទួលបានសញ្ជាតិនៅប្រទេសមីយ៉ាន់ម៉ាទេ ដោយសារតែច្បាប់ចម្រូងចម្រាសមួយអនុម័តឡើងកាលពីឆ្នាំ ១៩៨២។
ប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាពលរដ្ឋភាគច្រើនកាន់សាសនាព្រះពុទ្ធ បានប្រឈមនឹងការរិះគន់ចំពោះការប្រព្រឹត្ត (មិនគប្បី) ទៅលើសហគមន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕
ប្រែសម្រួលដោយណឹម សុភ័ក្រ្តបញ្ញា