ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អាមេរិក បារម្ភ​ពី​ការបន្ត​កាប់​បំផ្លាញ​ព្រៃឡង់ ខណៈ​កម្ពុជា​ថា ​ខ្លួន​បាន​ការពារ​ដោយ​ទទួល​ខុសត្រូវ


រូបឯកសារ៖ ទិដ្ឋភាព​មើល​ពី​លើ​ដែល​ថត​ពី​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃចន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​ក្តី​«កង្វល់​យ៉ាង​ជ្រាល​ជ្រៅ» ដោយ​លើក​ឡើង​ថា ការ​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៅ​បន្ត​កើត​មាន។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​របស់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ស្ថាន​ទូតបញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​គាំទ្រ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​សហគមន៍ សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជីវសាស្ត្រ​ចម្រុះ​ដ៏​សម្បូរ​បែប​នៅ​ដែន​ជម្រក​សត្វព្រៃ​នៅ​ព្រៃឡង់ ត្រូវ​បាន​អភិរក្ស។

អាមេរិកបញ្ជាក់​ថា៖ «ការ​បាត់​បង់​ព្រៃឈើនៅ​ព្រៃឡង់​និង​នៅ​ទូទាំង​ប្រទេស មាន​ការ​ទាក់​ទង​នឹង​កត្តា​មួយ​ចំនួន ដែល​រួម​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់នៅ​ខ្សោយ ​និង​ប្រព័ន្ធ​អភិបាល​កិច្ច​ពុំ​មាន​ភាព​ច្បាស់​លាស់»។

ស្ថានទូត​ ជំរុញ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​នៅ​ថ្នាក់​មូលដ្ឋាន ខេត្ត និង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ «ត្រូវ​តែ​ដើរ​ស្រប​គ្នា» ក្នុង​ការងារ​អភិរក្ស​តំបន់​ការពារ​ដូចជា​ព្រៃ​ឡង់។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍ ទីភ្នាក់​ងារ​ផ្តល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក ឬ​ហៅ​ថា​USAID បាន​ធ្វើ​ការ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ដោយ​លើក​កម្ពស់​សមត្ថភាព​បច្ចេកទេស​នៅ​គ្រប់​លំដាប់​ថ្នាក់ ជំរុញ​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យភាព គាំទ្រ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​សហគមន៍។

បើ​តាម​ស្ថានទូត​ ទីភ្នាក់ងារ​ USAID​ របស់​អាមេរិក​ មាន​គម្រោង​មាន​ឈ្មោះ​ថា «ព្រៃឡង់​បៃតង» ដើម្បីជួយសហគមន៍​មូល​ដ្ឋាន ដូច​ជា​សមាជិក​នៃ​បណ្តាញ​សហគមន៍​ព្រៃឡង់ (PLCN) នៅ​ក្នុង​ការងារ​ល្បាត​រួមគ្នា​នៅ​ព្រៃឡង់​ជាមួយ​ក្រសួង​បរិស្ថាន។

រូបឯកសារ៖ ប្រធានបេសកកម្ម​ USAID អ្នក​ស្រី Veena Reddy និង​លោក Matthew Edwardsen ប្រធាន​គម្រោង ​USAID ព្រៃឡង់​បៃតង ថត​រូប​ជាមួយ​សកម្មជន​ស្ម័គ្រ​ចិត្ត​ដែល​មក​ពី​ខេត្ត​ទាំង​បួនបន្ទាប់​ពី​កម្មវិធី​ប្រកាស​ចាប់​ផ្តើម​គម្រោង​ USAID ព្រៃ​ឡង់​បៃតងនៅ​ក្នុង​រាជធានី​ភ្នំពេញ​។
រូបឯកសារ៖ ប្រធានបេសកកម្ម​ USAID អ្នក​ស្រី Veena Reddy និង​លោក Matthew Edwardsen ប្រធាន​គម្រោង ​USAID ព្រៃឡង់​បៃតង ថត​រូប​ជាមួយ​សកម្មជន​ស្ម័គ្រ​ចិត្ត​ដែល​មក​ពី​ខេត្ត​ទាំង​បួនបន្ទាប់​ពី​កម្មវិធី​ប្រកាស​ចាប់​ផ្តើម​គម្រោង​ USAID ព្រៃ​ឡង់​បៃតងនៅ​ក្នុង​រាជធានី​ភ្នំពេញ​។

សកម្មភាពនៃ​គម្រោង​នេះ​ផ្តល់​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​សហគមន៍ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ក្នុង​ការងារ​អភិរក្ស ហើយ​ពុំ​មាន​ថវិកា​ណា​ត្រូវ​បាន​ផ្តល់​ឲ្យ​តាម​រយៈ​ប្រព័ន្ធ​រដ្ឋាភិបាល​កម្ពុជាឡើយ។

ស្ថានទូត​បន្ថែម​ថា ​ខ្លួន​នឹងបន្ត​ធ្វើ​ការ​ដោយ​ផ្ទាល់​ជាមួយ​បណ្តាញ​ព្រៃឡង់ (Prey Lang Community Network) ​និង​ក្រសួង​បរិស្ថាន ដើម្បី​គាំទ្រ​កិច្ច​ពិភាក្សា ក្នុង​គោលដៅ​រួម​នៃការការ​ពារ​ព្រៃ​ឡង់។

ស្ថាន​ទូត​អាមេរិក​ក៏​បាន​បញ្ជាក់​ថា​ខ្លួន​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​ពិភាក្សា​អំពី​ការ​រឹត​ត្បិត​មិន​ឲ្យ​ប្រជាជន​កម្ពុជា​ចូល​ក្នុង​តំបន់​ការ​ពារ ដើម្បី​តាម​ដាន​សកម្មភាព​ទាក់​ទង​នឹង​ព្រៃ​ឈើ។

ស្ថាន​ទូត​បញ្ជាក់​ថា៖ «រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ នឹង​បន្ត​អំពាវនាវ​ឲ្យ​មាន​ចំណាត់ការ ដើម្បី​បញ្ឈប់​ការ​កាប់​ឈើ​ខុស​ច្បាប់ ហើយ​អភិរក្ស​ជីវសាស្ត្រ​ចម្រុះ​ដ៏​ល្អ​នៅ​ព្រៃ​ឡង់ និង​នៅ​ដែន​ជម្រក​ដទៃ​ទៀត»​។

លោក Chad Roedemeier មន្ត្រី​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​សេចក្តី​ថ្លែង​ការណ៍ ទាក់​ទងនឹង​សំណួរ​អំពី​ជំនួយ​ដែល​ជួយ​ដល់​ការ​អភិរក្ស​ព្រៃ​ឡង់។

លោក​ នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ មាន​ប្រសាសន៍ថា​ ក្រសួង​ស្វាគមន៍​ក្តី​បារម្ភ​របស់​ដៃ​គូ​ពាក់​ព័ន្ធ ប៉ុន្តែ​លោក​ថា​ រដ្ឋាភិបាល​មាន​«ការ​តាំង​ចិត្ត​ខ្ពស់»​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​ការពារ​ព្រៃ​ឡង់ ដូច​ជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ផង​ដែរ។ លោក​បន្ត​ថា ​ក្រសួង​បរិស្ថាន​បាន​ដឹក​នាំ​ការងារ​ចូលរួម​ការពារ​ព្រៃឡង់ ដោយ​ការ​ទទួល​ខុសត្រូវ។

លោក​ជំរុញ​ឲ្យ​ដៃ​គូ​អភិវឌ្ឍន៍​ទាំង​អស់ ធ្វើ​ការ​ជាមួយ​បណ្តាញ​សហគមន៍​ការពារ​បរិស្ថាន​ណា ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ជាមួយគ្នា​នេះ ក្រសួង​បរិស្ថាន​បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដល់​បណ្តា​ម្ចាស់​ជំនួយ​និង​ដៃ​គូ​អភិវឌ្ឍន៍​ បន្ត​ធ្វើ​ការ​និង​គាំទ្រ​ថវិកា​ចំពោះ​តែ​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ស្រប​ច្បាប់»។

រូបឯកសារ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ក្រុម​សមាជិក​តំណាង​បណ្តេញ​សហគមន៍​ព្រៃឡង់ នៅ​ក្នុង​សិក្ខាសាលា​ការពារ​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃ​ចន្ទ ទី២៥ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ក្រសួង​បរិស្ថាន)
រូបឯកសារ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ក្រុម​សមាជិក​តំណាង​បណ្តេញ​សហគមន៍​ព្រៃឡង់ នៅ​ក្នុង​សិក្ខាសាលា​ការពារ​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃ​ចន្ទ ទី២៥ ខែមេសា ឆ្នាំ​២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​ក្រសួង​បរិស្ថាន)

កន្លង​ទៅ ក្រសួង​បរិស្ថាន​ បាន​ចោទ​បណ្តាញ​ព្រៃ​ឡង់​ថា​ ធ្វើ​«សកម្ម​ភាព​លួច​លាក់ និង​ដោយ​ខុស​ច្បាប់» ដោយ​មិន​បាន​ចុះ​ឈ្មោះ​ត្រឹម​ត្រូវ។

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បន្ត​ថា ​ក្រសួង​បរិស្ថាន​និង​ទីភ្នាក់ងារ​ USAID​ នឹង​បន្ត​ធ្វើ​ការការងារ​យ៉ាង​ស្អិត​រមួត​ជាមួយ​គ្នា និង​ជជែកគ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​រួម​ក្នុង​ការ​ការ​ពារ​ព្រៃឡង់​ឲ្យ​បាន​គង់​វង្ស។

បើ​តាម​លោក នេត្រ ភក្ត្រា ក្រសួង​បរិស្ថាន​និង​ទីភ្នាក់​ងារ​ USAID បាន​កំពុង​អនុវត្ត​គម្រោង​ព្រៃ​ឡង់​បៃ​តង ដែល​មាន​រយៈ​ពេល៥​ឆ្នាំ ​ពី​ឆ្នាំ​២០១៨​ ដល់​២០២៣ ដែល​មាន​ថវិកា​សរុប​ជាង​២១​លាន​ដុល្លារ​អាមេរិក។

កាល​ពី​ចុង​ខែ​កុម្ភៈ អង្គការ​លើក​លែង​ទោស​អន្តរជាតិ ​(Amnesty International) បាន​បង្ហាញ​ការ​រក​ឃើញ​ថ្មី​មួយ​អំពី​ការ​បន្ត​កាប់​ព្រៃឡង់​ទ្រង់​ទ្រាយ​ធំ​ ខណៈ​ការ​ល្បាត​ព្រៃ​របស់​ប្រជា​សហគមន៍ ​ត្រូវ​បាន​ហាមឃាត់​ជាង​១ឆ្នាំ​មក​ហើយ។ អង្គការ​អន្តរ​ជាតិ​មួយ​នេះ​ បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ ព្រៃឡង់​ដែល​មាន​ផ្ទៃ​ក្រឡា​ប្រមាណ​កន្លះ​លាន​ហិកតា​ ស្ថិត​ក្នុង​«ហានិភ័យ​ធ្ងន់​ធ្ងរ»។

អង្គការអន្តរ​ជាតិ​នេះ ជំរុញ​ឲ្យ​អាជ្ញាធរ​អនុ​ញ្ញាតឲ្យ​ប្រជា​សហគមន៍ និង​សកម្មជន​បរិស្ថាន​ អាច​ចូល​រួម​ការពារ​បរិស្ថាន​វិញ ដើម្បីកុំ​ឲ្យ​បន្ត​បាត់​បង់​ព្រៃ​ឈើ​ដ៏​វិសេស ដែល​មាន​ប្រជាជន​ប្រមាណ​២៥​ម៉ឺន​នាក់​ កំពុង​រស់​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ការ​ពារ។

កាល​ពី​កន្លង​ទៅ បណ្តាញ​សហគមន៍​ព្រៃ​ឡង់បាន​ឲ្យ​ដឹង​ថា​ ព្រៃឡង់​កម្ពុជា​បន្ត​រង​ការ​កាប់​បំផ្លាញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពួកគេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ចូល​រួម​ល្បាត​ព្រៃ​ឡង់​ឡើង​វិញ។

គួរ​បញ្ជាក់​ថា​ ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០​ម៉ឺន​ហិកតា​ដោយ​គ្របដណ្តប់​ខេត្ត​ចំនួន​៤ ​គឺ​ព្រះ​វិហារ ​កំពង់ធំ​ ក្រចេះ ​និង​ស្ទឹង​ត្រែង៕

XS
SM
MD
LG