ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ជាប់​ឃុំឃាំង​ជាង​៦០​ម៉ោង​នៅ​ខេត្ត​ក្រចេះ សកម្មជន​ព្រៃ​ឈើ​៥​នាក់​ត្រូវ​បាន​ដោះលែង


សកម្មជននិងមន្ត្រីសង្គមស៊ីវិលឈរនៅមុខសាលាដំបូងខេត្តក្រចេះ ក្រោយសកម្មជនការពារបរិស្ថានប្រាំនាក់ ត្រូវបានដោះលែងកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ (រូបថតផ្ដល់ឱ្យ)
សកម្មជននិងមន្ត្រីសង្គមស៊ីវិលឈរនៅមុខសាលាដំបូងខេត្តក្រចេះ ក្រោយសកម្មជនការពារបរិស្ថានប្រាំនាក់ ត្រូវបានដោះលែងកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។ (រូបថតផ្ដល់ឱ្យ)

សកម្មជន​បរិស្ថាន​និង​សហគមន៍​ព្រៃឈើ​៥​រូប ត្រូវ​បាន​ដោះ​លែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​រង​ការ​ឃាត់​ខ្លួន​អស់​រយៈពេល​ជាង​ ៦០ ម៉ោង ដោយសារ​ការ​យក​ស្លាក​ដាក់​ភ្ជាប់​តាម​ដើម​ឈើ​សូម​ឲ្យ​មាន​ការ​ជួយ​ថែ​រក្សា​ព្រៃឈើ ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ខេត្ត​ក្រចេះ។

សកម្មជន​បរិស្ថាន​៥​រូប​នេះ រួម​មាន​លោក អ៊ូច ឡេង ម្ចាស់​ពាន​រង្វាន់​បរិស្ថាន​ពិភពលោក ​(Goldman Environmental Prize) ឆ្នាំ​ ២០១៦ និង​ជា​ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក ហេង ស្រស់ លោក ម៉ែន ម៉ាត់ ដែល​សុទ្ធ​តែ​ជា​សកម្មជន​បរិស្ថាន និង​លោក ហេង រុន និង​លោក តង ជាង ដែល​ជា​ប្រជា​សហគមន៍​ព្រៃឈើ​នៅ​ភូមិ​អាចេន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ។

ពួកគេ​ទាំង ​៥ ​រូប​ត្រូវបាន​ដោះលែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ឃាត់​ខ្លួន​ តាំង​ពី​រសៀល​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។

លោក ហេង ស្រស់ សកម្មជន​បរិស្ថាន​មួយ​រូប​បាន​ប្រាប់​វីអូអេ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​ថា លោក​និង​លោក អ៊ូច ឡេង ព្រម​ទាំង​សកម្មជន​ព្រៃឈើ​ប្រមាណ​ជា​ ១០ ​នាក់ បាន​យក​ស្បង់​ចីវរ​ទៅ​បំបួស​ដើម​ឈើ​ ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​ក្នុង​ខេត្ត​ក្រចេះ។

លោក ហេង ស្រស់ បន្ត​ថា ក្នុង​អំឡុង​ពេល​នៃការ​ដាក់​ភ្ជាប់​សារ​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ពួកគេ​បាន​ឃើញ​មាន​ការ​ដឹកជញ្ជូន​ឈើ​នៅ​តំបន់​នោះ​ប្រមាណ​ជា​ជាង​ ២០ ​គោយន្ត ឆ្ពោះ​ទៅ​កាន់​ក្រុមហ៊ុន​ឈ្មោះ​ថា ស៊ីង​បាយ​អូថេក ខេមបូឌា ខូអិល​ធីឌី (THINK BIOTECH CAMBODIA CO. LTD) ដោយ​ក្រុម​លោក​បាន​ថត​រូប និង​វីដេអូ​ជា​ភស្តុតាង​ផង។

សកម្មជន​បរិស្ថាន ​វ័យ ​២៦ ​ឆ្នាំ​រូបនេះ បាននិយាយ​បន្ថែម​ថា បន្ទាប់​ពី​បាន​ថតរូប និង​វីដេអូ​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​គោយន្ត​ទាំង​នោះ​បាន​ប៉ុន្មាន​ម៉ោង​រួច​មក ក៏​មាន​សន្តិសុខ​ក្រុមហ៊ុន​ចេញ​មក​បិទ​ផ្លូវ​ពួក​គេ រួច​ក៏​ត្រូវ​បាន​ក្រុម​ឧទ្យានុរក្ស​ក្រសួង​បរិស្ថាន​ឃាត់​ខ្លួន​ពួកគេ​បញ្ជូន​ទៅ​មន្ទីរ​ស្នាក់ការ​ពួក​គេ ទើប​បញ្ជូន​ទៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ ដើម្បី​សួរ​នាំ​ប្រហែល​ជា​មួយ​ថ្ងៃ​ពេញ ទើប​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​ខេត្ត​ជា​បន្ត​បន្ទាប់។

លោក ហេង ស្រស់ និយាយបន្ថែម​ថា ការ​ចូល​ទៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ ដើម្បី​ធ្វើ​សកម្ម​ភាព​ការពារ​ព្រៃឈើ មិនមែន​ជា​ទង្វើ​ខុស​ច្បាប់​នោះ​ទេ។ លោក​ថា អាជ្ញាធរ​គួរ​តែ​ឃាត់​ខ្លួន​អ្នក​ដែល​កាប់ និង​ដឹក​ឈើ​ចេញ​ពី​តំបន់​នោះ មិនមែន​ឃាត់​ខ្លួន និង​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​សកម្ម​ជន​បរិស្ថាន​នោះ​ទេ។

«បើសិន​ជា​រាជ​រដ្ឋាភិបាល ក៏​ដូចជា​ក្រសួង​បរិស្ថាន​គាត់​នៅ​តែ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ អ្នក​ដែល​គាត់​មាន​ចិត្ត​ស្រលាញ់​ចូល​រួម​ការពារ អាហ្នឹង​វា​ហាក់បី​ដូចជា​បើក​ភ្លើង​ខៀវ​ឲ្យ​ទៅ​នរណា​ម្នាក់​ហើយ។ អ្នក​កាប់​មិន​ចាប់ អ្នក​កាប់​មិ​នឃាត់ បែរ​ជា​ចាប់​អ្នក​ដែល​ការពារ អ្នក​ដែល​ផ្សព្វផ្សាយ​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទៅ​វិញ»។

លោក ហេង រុន ប្រជា​សហគមន៍​ព្រៃឈើ​មួយ​រូប​ដែល​ត្រូវបាន​ឃាត់ខ្លួន​ជាមួយ​គ្នា​នោះ​ លើក​ឡើង​ថា លោក​តែង​ចូល​ដង​ជ័រ​ច្បោះ​ក្នុង​ព្រៃ​នោះ​អស់​រយៈពេល​ជាង​ ២០ ​ឆ្នាំ​មក​ហើយ។

លោក​និយាយ​ថា លោក​បាន​ចូល​ទៅ​ក្នុង​ព្រៃ​នោះ​ជាមួយ​សកម្មជន​បរិស្ថាន​ផ្សេង​ទៀត ដើម្បី​ដាក់​ស្លាក​ការពារ​កុំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ដោយ​លោក​បារម្ភ​អំពី​ការ​បាត់​បង់​ដើម​ច្បោះ​ដែល​លោក​តែង​អាស្រ័យ​ផល​សម្រាប់​ចិញ្ចឹម​ជីវិត។

លោក ហេង រុន សហគមន៍​វ័យ​ ៥៧ ​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា៖ «ខ្ញុំ​នឹក​ឃើញ​ថា ជា​រួម​យើង​ការពារ មិនមែន​កាប់​បំផ្លាញ​ផង យើង​ការពារ។ ខ្ញុំ​នឹក​ឃើញ​ថា គ្មាន​នរណា​ធ្វើ​អី​យើង មិន​នឹក​ស្មាន​ថា​បរិស្ថាន​គេ​ឃាត់​ខ្លួន ឃាត់​អី​អញ្ចឹង​ផង»។

​លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ម៉ែន ម៉ាត់ លោក ហេង រុន និង​លោក តង ជាង ដែលជាសកម្មជន​បរិស្ថាន ត្រូវបានឃាត់ខ្លួនក្នុង​តំបន់​ដែនជម្រក​សត្វព្រៃឡង់ ខេត្តក្រចេះ​កាលពីថ្ងៃសុក្រ។ (រូបថតដោយក្រសួងបរិស្ថាន)
​លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក ម៉ែន ម៉ាត់ លោក ហេង រុន និង​លោក តង ជាង ដែលជាសកម្មជន​បរិស្ថាន ត្រូវបានឃាត់ខ្លួនក្នុង​តំបន់​ដែនជម្រក​សត្វព្រៃឡង់ ខេត្តក្រចេះ​កាលពីថ្ងៃសុក្រ។ (រូបថតដោយក្រសួងបរិស្ថាន)

លោក កែវ សុជាតិ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​ដោយប្រាប់​អ្នកសារព័ត៌មាន​វីអូអេ ឱ្យ​ធ្វើ​ដំណើរ​ទៅ​ទទួល​ព័ត៌មាន​ពី​លោក​ផ្ទាល់​នៅខេត្តក្រចេះ។ អ្នកនាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​នេះ​គឺ​លោក ជា សុភ័ក្ត្រ មិន​ទាន់​អាច​ទាក់ទង​បាន។

នៅពេលសាកសួរនៅល្ងាចថ្ងៃចន្ទនេះ ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ដែលមួយរយៈនេះបានខ្នះខ្នែងបង្កើត និងគាំទ្រគំនិតផ្ដួចផ្ដើម ឬគម្រោងនានាដើម្បីការពារព្រៃឡង់ក៏បានបង្ហាញកង្វល់ពីការប៉ះពាល់ដល់សិទ្ធិនៃការបញ្ចេញមតិ។

លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​នេះ បាន​បង្ហាញ​ក្ដី​បារម្ភ​អំពី​ការ​បាត់បង់​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា។ លោក​ថ្លែង​ប្រាប់​វីអូអេ តាម​សារ​អេឡិចត្រូនិក​ថា៖

«យើង​មាន​កង្វល់​អំពី​ការ​បាត់បង់​ព្រៃឈើ​នៅ​តំបន់​ការពារ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​គាំទ្រ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ប្រជា​សហគមន៍ សង្គម​ស៊ីវិល និង​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ជីវចម្រុះ​ដ៏​សម្បូរ​បែប​នៅ​ព្រៃឡង់ និង​បេតកភណ្ឌ​ធម្មជាតិ​កម្ពុជា ត្រូវ​បាន​ការពារ»។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​សកម្មជន​បរិស្ថាន​ត្រូវ​បាន​ឃាត់​ខ្លួន ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន និង​ព្រៃឈើ។

តួយ៉ាង​កាល​ពី​ខែ​មីនា ឆ្នាំ​ ២០២០ លោក អ៊ូច ឡេង និង​សកម្មជន​បរិស្ថាន​បី​នាក់​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន​ក្នុង​ខេត្ត​ក្រចេះ។

ចំណែក​សកម្មជន​បរិស្ថាន​៣​នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី នៃ​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២០ ចំពោះ​សកម្មភាព​លើ​បណ្តាញ​សង្គម ដែល​ផ្សព្វផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​បង្ហាញ​ក្តី​កង្វល់​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​តំបន់​បឹង​តា​មោក។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ដែល​បាន​ឃ្លាំមើល​ការ​ឃាត់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង ​៥ ​រូប​នេះ​ផ្ទាល់ លើក​ឡើង​ថា ការឃាត់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​ ៥ ​រូប ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ការពារ​បរិស្ថាន​ដោយ «សុចរិត» និង​សិទ្ធិ​សេរីភាព​របស់​ពួកគេ។

លោក ស៊ឹង សែនករុណា ប្រាប់​វីអូអេ តាម​ទូរស័ព្ទ​ពី​ខេត្ត​ក្រចេះ​មក​ថា៖ «ការ​ចូល​របស់​ពួក​គាត់ គឺជា​គោល​បំណង​សុចរិត​ក្នុង​បុព្វហេតុ​ការពារ​ព្រៃឈើ និង​ការពារ​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់​ហ្នឹង​តែ​ប៉ុណ្ណោះ អញ្ចឹង​យើង​មិន​គួរ​គប្បី​ក្នុង​ការ​ចាប់​ខ្លួន​គាត់ បញ្ជូន​ឃាត់​ខ្លួន​រហូត​ដល់​បី​យប់​អញ្ចឹង​ទេ»។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ប្រាប់ VOA ថា មន្ត្រី​ឧទ្យានុរក្ស​ឃាត់​ខ្លួន សកម្ម​ជន​បរិស្ថាន​ទាំង ​ ៥​រូប​ ដោយ​សារ​ពួកគេ​មិន​បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដើម្បី​ធ្វើ​សកម្មភាព។

«នៅ​ក្នុង​តំបន់​ដែល​យើង​ការពារ​គឺ​គ្រប់គ្រង​ដោយ​ច្បាប់ មិន​អាច​ចូល​ទៅ​អាណាធិបតេយ្យ​បាន​ទេ ធ្វើ​សកម្មភាព​ដោយ​អនាធិបតេយ្យ​បាន​ទេ។ ហើយ​យើង​លើក​ថា ហេតុអី​បាន​ជា​យើង​អនុវត្ត​ច្បាប់​តែ​ទៅ​លើ​អ្នក​ដែល​ការពារ​ព្រៃឈើ។ មតិ​មួយ​ចំនួន។ យើង​មិន​បាន​អនុវត្ត​តែ​ទៅ​លើ​ជន​ណា​ម្នាក់​នោះ​ទេ គឺ​ជន​ទាំង​ឡាយ​ណា​ដែល​ប្រព្រឹត្តិ​ខុស​ច្បាប់ មិន​គោរព​តាម​ច្បាប់ យើង​អនុវត្ត​ទៅ​លើ​ជន​ណា មិន​គោរព​តាម​ច្បាប់​គឺ​យើង​អនុវត្ត​ទាំងអស់»។

លោក នេត្រ ភក្ត្រា បន្ត​ថា លោក​ទទួល​ស្គាល់​ថា​បទល្មើស​ព្រៃឈើ​ប្រភេទ​តូចៗ​នៅ​បន្ត​កើត​មាន ហើយ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ដែល​មាន​ភស្តុតាង​បង្ហាញ​ទៅ​អាជ្ញាធរ​ដើម្បី​ស៊ើប​អង្កេត។

សកម្មជន​ការពារ​ព្រៃឈើ ហេង ស្រស់ ប្រាប់​វីអូអេ​ថា នៅ​ពេល​ដែល​សកម្មជ​នបរិស្ថាន​ទាំង​៥​រូប​ត្រូវ​បាន​ឃា​ត់ខ្លួន ពួក​លោក​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​បើក​មើល​កាមេរ៉ា​ដែល​ពួក​លោក​ថត​បាន​រូបភាព និង​វីដេអូ​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ ប៉ុន្តែ​លោ​កថា អាជ្ញាធរ​មិន​បាន​បើក​មើល​នោះ​ទេ ដោយ​គិតតែ​សួរ​នាំ​ពួកគេ​ជា​បន្តបន្ទាប់។

លោក ហេង ស្រស់ បន្ថែម​ថា ក្រោយ​ការ​ឃាត់ខ្លួន​ពួកគេ​ទាំង​៥​នាក់​អស់​រយៈពេល​ជាង​៦០​ម៉ោង​អាជ្ញាធរ​តម្រូវ​ឲ្យ​ក្រុម​លោក​ធ្វើ​កិច្ចសន្យា​ឈប់​ចូល​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃឡង់​នោះ​តទៅ​ទៀត ចំណែក​សម្ភារៈ​រួមមាន​ទូរស័ព្ទ កាមេរ៉ា និង​សម្ភារៈ​ផ្សេង​ទៀត មិន​ទាន់​ប្រគល់​ឲ្យ​មក​វិញ​នៅ​ឡើយ៕

XS
SM
MD
LG