ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Amnesty International៖ ព្រៃឡង់​​ស្ថិត​ក្នុង​ហានិភ័យ​ធ្ងន់ធ្ងរ ខណៈ​មិន​មាន​វត្តមានអ្នក​ល្បាត​ព្រៃ​សហគមន៍


រូបថតពីលំហអាកាសដោយ Planet Labs ថតកាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញសកម្មភាពកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា។ (រូបថតដោយ Planet Labs, Inc.)

អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ ​(Amnesty International) បាន​បង្ហាញ​ការ​រក​ឃើញថ្មី​មួយ​អំពី​ការ​បន្តកាប់​ព្រៃឡង់​ទ្រង់​ទ្រាយ​ធំ​ ខណៈ​ការ​ល្បាត​ព្រៃ​របស់​ប្រជា​សហគមន៍​ត្រូវ​បាន​ហាមឃាត់​ជាង​ ១ ​ឆ្នាំ​មក​ហើយ។

​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការអន្តរ​ជាតិ​មួយ​នេះ ចុះ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា ​រូបភាព​ដែល​ថត​តាម​ប្រព័ន្ធ​ផ្កាយ​រណប​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ បង្ហាញ​គំនរ​ឈើ​ជា​ច្រើន​ក្នុងតំបន់​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ។ រូបភាព​ទាំង​នោះ​ក៏​បង្ហាញ​ផ្លូវ​ចូល​ថ្មី ដែល​មិន​មាន​ទេ​កាល​ពី​ខែ​មករា ឆ្នាំ​មុន។

អង្គការ​អន្តរ​ជាតិ​មួយ​នេះ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ថា​ ព្រៃឡង់​ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ​កន្លះ​លាន​ហិកតា​ ស្ថិត​ក្នុង ​«ហានិភ័យ​ធ្ងន់​ធ្ងរ» ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ បន្ទាប់​ពី​អ្នក​ការពារ​បរិស្ថាន​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចុះ​ល្បាត​តំបន់ព្រៃ​ឡង់​ត​ទៅ​ទៀត។

លោក Richard Pearshouse ប្រធាន​ផ្នែកកិច្ចការ​ «វិបត្តិ​និង​បរិស្ថាន» ​នៃ​អង្គការ​ Amnesty International មាន​ប្រសាសន៍ក្នុង​សេចក្តី​ថ្លែង​ការណ៍​ ថា៖ «ខណៈអាជ្ញាធរ​កម្ពុជា​ហាម​ឃាត់​បណ្តាញសហគមន៍​ព្រៃ​ឡង់ និង​អ្នក​ការពារ​បរិស្ថាន​មិន​ឲ្យ​ចូល​ការ​ពារតំបន់​ព្រៃឡង់ អ្នក​កាប់​ឈើ​ខុស​ច្បាប់​កំពុងតែ​កាប់​ព្រៃ​ឈើ ដោយ​គ្មាន​ទោស​ពៃរ៍​»។

អង្គការអន្តរ​ជាតិ​នេះជំរុញ​ឲ្យ​អាជ្ញាធរ​អនុ​ញ្ញាតឲ្យ​ប្រជា​សហគមន៍ និង​សកម្មជន​បរិស្ថាន​ អាច​ចូល​រួម​ការពារ​បរិស្ថាន​វិញ ដើម្បីកុំ​ឲ្យ​បន្ត​បាត់​បង់​ព្រៃ​ឈើ​ដ៏​វិសេស ដែល​មាន​ប្រជាជន​ប្រមាណ​ ២៥ ម៉ឺន​នាក់​ កំពុង​រស់​នៅ​ក្នុង​តំបន់ និង​ក្រៅ​តំបន់​ការពា​រ​។

អង្គការ​មួយ​នេះ​ក៏​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ករណី​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ជា​បន្ទាប់ ដែល​មាន​ «លក្ខណៈ​ជា​ប្រព័ន្ធ​» នៃ​ការ​បង្រ្កាប។ អង្គការ​ក៏​បាន​បារម្ភ​អំពី​គម្រោង​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ ឆ្លង​កាត់​តំបន់​ព្រៃឡង់​ផង​ដែរ។

កា​ល​ពី​ដើម​ខែ​កុម្ភៈ សកម្មជន​បរិស្ថាន​និង​សហ​គមន៍​ព្រៃឈើ​ ៥ នាក់ ដែល​ក្នុង​នោះ​មាន​លោក អ៊ូច ឡេង ម្ចាស់​ពាន​រង្វាន់​បរិស្ថាន​ពិភព​លោក (Goldman Environmental Prize) ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​យក​ស្លាក​ដាក់​ភ្ជាប់​តាម​ដើម​ឈើ ​ក្នុង​ន័យ​ឲ្យ​ជួយ​ថែ​រក្សា​ព្រៃឈើ ក្នុងតំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់​ខេត្ត​ក្រចេះ។ នេះ​បើ​តាម​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា។ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ដោះ​លែង​វិញ។

រូបថតពីលំហអាកាសដោយ Planet Labs, Inc. ថតកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញឲ្យឃើញទីតាំងដែលរងការកាប់ឈើនៅក្នុងតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា។ (រូបថតដោយ Planet Labs, Inc.)
រូបថតពីលំហអាកាសដោយ Planet Labs, Inc. ថតកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ បង្ហាញឲ្យឃើញទីតាំងដែលរងការកាប់ឈើនៅក្នុងតំបន់ព្រៃឡង់នៃប្រទេសកម្ពុជា។ (រូបថតដោយ Planet Labs, Inc.)

លោក សុខ ប្លោក តំណាង​បណ្តាញ​សហគមន៍ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់​ធំ ប្រាប់​ VOA ​ថា ព្រៃឡង់​កម្ពុជាបន្ត​រង​ការ​កាប់​បំផ្លាញពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ ដូច​ដែល​អង្គការ​ Amnesty International បាន​រក​ឃើញ។ លោក​បន្ត​ថា​ ការ​ហាម​ឃាត់​ប្រជា​សហគមន៍​មិន​ឲ្យ​ចូលរួម​ការពារ ស្មើ​នឹងអនុញ្ញាត​ឲ្យមាន​ការ​បន្ត​កាប់​ព្រៃ​ឡង់​ដោយ​សេរី​។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ថា​បើ​សិន​ថា ​រដ្ឋា​ភិបាល​គាត់​មាន​ចេតនា​ទុក ព្រៃឡង់នឹង​សល់​។ តែ​បើ​សិន​ថា​ នៅ​តែ​ដូច​រាល់​ថ្ងៃ ខ្ញុំ​គិត​ថាមិន​សល់​ទេ​បង ដោយ​សារពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កាល​ដែល​យើង​បាន​ចូល​ល្បាត​ ទោះ​បី​យើង​ដឹង​ថា យើង​ចូល​ទៅ ហើយ​យើង​ចេញ​មក​វិញ គេ​ចូល​កាប់​តែ​ពិត​មែន ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ខែ បណ្តាញ​ព្រៃ​ឡង់​ចូល​បាន​ម្តង​ ឬ​ពីរ​ដង​ក្នុង​មួយ​ខែ»។

លោក​បន្ត​ថា ​ក្រុម​របស់​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា ​«បណ្តាញ​មិន​ស្រប​ច្បាប់» មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ និង​សហការ​ជាមួយ​ក្រសួង​បរិស្ថាន។ លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ ដែល​ថា​ក្រុម​របស់​លោក​មាន​ចេតនា​មិន​ល្អ។

លោកបន្ថែម​ថា៖ «ហើយ​គោល​បំណង​ដែល​ពួក​ខ្ញុំ​ធ្វើ​នេះ បង​ដឹង​ហើយ​ថា ​ពួក​ខ្ញុំអត់​ដែលធ្វើ​ដើម្បី​កេង​ចំណេញ​រឿង​នយោបាយ បាន​ប្រាក់​លាភ​ប្រាក់​សក្ការៈ​អីទេ គឺ​ពួកខ្ញុំ​ធ្វើ​ដោយលះ​បង់​សុទ្ធ​សាធ ដើម្បី​ជាតិ​មាតុ​ភូមិ ពិសេស​គឺ​ព្រៃ​ឈើ​តែ​ម្តង​»។

លោក ខេម សុឃី សមាជិក​បណ្តាញ​ព្រៃឡង់ក្នុង​ខេត្ត​ព្រះវិហារ ក៏​បាន​បង្ហាញក្តី​ព្រួយ​បារម្ភ​ដូច​គ្នាថា​ការ​កាប់​ព្រៃ​ឡង់​នៅ​តែបន្ត​កើត​មាន​ ហើយ​លោក​បារម្ភ​បាត់​បង់បើ​មិនមាន​វត្តមាន​របស់​សហគមន៍​ព្រៃ​ឡង់​ជួយ​ការពារ។ លោក​បន្ត​ថា​ មាន​ការ​កាប់​រាន​ដី​និងដឹក​ឈើចូល​ទៅក្រុម​ហ៊ុន​ផង​ដែរ។

លោក​ប្រាប់​ VOA ​ថា៖ «ការ​រឹតត្បិត​ដល់​អ្នក​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ អញ្ចឹង​ប្រៀបបាន​ដូច​ជា​ការ​បំផ្លាញ ចូល​រួម​បំផ្លាញព្រៃឡង់​អញ្ចឹង​»។

លោក​បន្ថែម​ថា៖ «បើ​សិន​ជា​រដ្ឋាភិបាល​មា​ន​ឆន្ទៈ​ក្នុង​ការ​ការពារ​ព្រៃ​ច្បាស់​លាស់ មិន​ត្រូវ​ហាម​ឃាត់​ដល់​អ្នក​ដែល​ជួយជ្រោម​ជ្រែង​ដល់​រដ្ឋាភិបាល​ហ្នឹង​ទេ»។​

កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន របាយ​ការណ៍​របស់​អ្នក​ស្រាវ​ជ្រាវ​នៃ​សាកល​វិទ្យាល័យ​ Copenhagen ប្រទេស​ដាណឺម៉ាក​ ឲ្យ​ដឹង​ថា ​ការ​បាត់​បង់​ព្រៃឡង់​ក្នុង​ឆ្នាំ​ ២០១៩ ​មាន​ទំហំ​ធំ​ គឺ​ប្រមាណ​ ៧.៥១០​ ហិកតា​ ដែល​កើន​ឡើង​ ៧៣​%​ ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១៨។ របាយ​ការណ៍​នេះ​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០០​ ដល់​ឆ្នាំ​ ២០១៩ ​ព្រៃឡង់​បាត់​បង់​ប្រមាណ ​៤៧.៤០០​ ហិកតា។​

ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ ​៥០​ ម៉ឺន​ហិកតា​ដោយ​គ្រប់​ដណ្តប់​ខេត្ត​ចំនួន​ ៤ ​គឺ​ព្រះ​វិហារ ​កំពង់ធំ​ ក្រចេះ ​និង​ស្ទឹងត្រែង។​

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​លោក សាយ​ សំអាល់ ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​បដិសេធមិន​អត្ថា​ធិប្បាយ​ភ្លាមៗ ពេល​ទាក់ទង​ទៅ ដោយ​ស្នើឲ្យ​សួរ​អ្នក​នាំពាក្យ​វិញ។

លោក​ នេត្រ ភក្រ្តា​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បាន​ចោទ​បណ្តាញ​សហ​គមន៍​ព្រៃឡង់ និង​សកម្ម​ជន​បរិស្ថាន​ថា​ ធ្វើ​ «សកម្ម​ភាព​លួច​លាក់ និង​ដោយ​ខុស​ច្បាប់» នៅ​ក្រោម​ស្ថាប័ន​មិន​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់។

លោកក៏បានវាយប្រហារអង្គការ Amnesty International ថា «រិះគន់ដើម្បីបំផ្លាញ» និងមាន «របៀបវារៈនយោបាយទុច្ចរិត» និងលើកទឹកចិត្តអ្នកបំពានច្បាប់។ លោកព្រមានបន្តចាត់វិធានការផ្លូវច្បាប់លើក្រុមដែលការពារព្រៃឡង់ខុសច្បាប់។

លោក​បញ្ជាក់​ថា៖ «ចំពោះ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ឬ​ក៏​សមាគម​ណាដែល​នៅ​តែ​បន្ត​បំពាន​សកម្មភាព និង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិប​តេយ្យ និង​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារធម្ម​ជាតិ ក្រសួង​បរិស្ថាន គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុ​វត្ត​វិធានការ​ច្បាប់»។

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​រូប​នោះ​ឲ្យ​ដឹង​ថា ​រដ្ឋា​ភិបាល​បាន​អនុញ្ញាត​ឲ្យ​តភ្ជាប់​ខ្សែប​ញ្ជូនអគ្គិសនី​ពី​ព្រំដែន​ប្រទេស​ឡាវ​មក​រាជធានីភ្នំពេញ ដែល​បណ្តាញនោះ​ឆ្លង​កាត់​ព្រៃឡង់ ក្នុង​ខេត្ត​ស្ទឹង​ត្រែង ​និង​កំពង់ធំ។ លោក​បន្ថែម​ថា ក្រសួង​កំពុង​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាននិង​សង្គម ដើម្បី​ធានាកាត់​បន្ថយ​ផល​ប៉ះ​ពាល់​ឲ្យ​បាន​កម្រិត​ទាប​បំផុត។

អង្គការ​ Amnesty International បាន​ជំរុញ​ឲ្យ​លុប​ចោល​គម្រោង​តភ្ជាប់​បណ្តាញ​អគ្គិសនី​កាត់​ព្រៃ​ឡង់​នេះ ដោយ​ពួក​គេ​ថា ​នឹង​បំបែក​ព្រៃ​ឡង់​ជា​ពីរ ហើយ​នឹង​នាំ​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​កាន់​តែ​ច្រើន​៕

XS
SM
MD
LG