ក្រុមអ្នកការទូតសហរដ្ឋអាមេរិកនិងគុយបា បានបញ្ចប់ការពិភាក្សាជុំទី៣ស្តីពីការធ្វើឲ្យមានចំណងទាក់ទងខាងការទូតឡើងវិញ នេះបើតាមការបញ្ជាក់របស់ប្រទេសគុយបាកាលពីថ្ងៃអង្គារ ដោយគ្មានការផ្តល់សេចក្តីលម្អិតអំពីអ្វីដែលត្រូវបានពិភាក្សានោះទេ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសគុយបា (Cuba) បានប្រាប់ឲ្យដឹងថា ការពិភាក្សាបានបញ្ចប់បន្ទាប់ពីការចរចាអស់រយៈពេលមួយថ្ងៃ។
សេចក្តីថ្លែងការណ៍នោះប្រាប់ឲ្យដឹងថា៖ «ភាគីទាំងពីរបានព្រមព្រៀងរក្សាការទាក់ទងក្នុងពេលអនាគតដែលជាផ្នែកមួយនៃដំណើរការនេះ។ ហើយបានកត់សម្គាល់ថា ជំនួបនោះបានធ្វើឡើងក្នុងបរិយាកាសប្រកបដោយវិជ្ជាជីវៈ»។
លោក Roberta Jacobson អ្នកការទូតកំពូលសហរដ្ឋអាមេរិកសម្រាប់តំបន់អាមេរិកឡាទីន ហើយនិងលោក Josefina Vidal អ្នកការទូតកំពូលគុយបាសម្រាប់កិច្ចការសហរដ្ឋអាមេរិក បានជួបនៅក្នុងទីក្រុងឡាហាវ៉ានកាលពីថ្ងៃច័ន្ទដើម្បីចាប់ផ្តើមការចរចាដែលត្រូវបានពណ៌នាថា ជាការបញ្ចប់ដោយការបើកចំហរ។
លោកស្រី Jen Psaki អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ក្រុមអ្នកការទូតចង់រក្សាការចរចានោះក្នុងភាពស្ងប់ស្ងាត់។ លោកស្រី Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា ការផ្តោតការយកចិត្តទុកដាក់របស់ពួកអស់លោក គឺទៅលើការប្រុងប្រៀបឲ្យមានការពិភាក្សាដ៏ស្វិតស្វាញហើយដើម្បីធ្វើការងារឲ្យចប់សព្វគ្រប់។
ចំណាត់ការនេះ កើតមានឡើងនៅពេលដែលមានការតានតឹងកើនឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសវ៉េណេហ្ស៊ុយអេឡា (Venezuela) ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទបំផុតរបស់គុយបា។ មន្រ្តីសហរដ្ឋអាមេរិកនិយាយថា បញ្ហានេះគួរមិនប៉ះពាល់ដល់ការចរចាជាមួយគុយបាទេ។ ក៏ប៉ុន្តែ មន្រ្តីគុយបាបានរិះគន់សហរដ្ឋអាមេរិកពីព្រឹត្តិការណ៍នេះ៕