ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស.រ.អា និង​គុយបា​ប្រកាន់​គោលជំហរ​ខុសគ្នា​លើ​​បញ្ហា​សិទ្ធិ​មនុស្ស​ ទោះ​បី​ជា​មាន​ការ​សើរើ​ផ្នែក​ការទូត​


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry ថ្លែង​សុន្ទរកថា​នៅពិធី​បង្ហូត​ទង់ជាតិ​នៅ​ស្ថានទូត​អាមេរិក​ ដែល​បាន​បើក​ឡើង​វិញ​សារ​ជាថ្មី​នៅ​ក្រុងឡាហាវ៉ាន ប្រទេសគុយបា។

នៅ​ក្រោយ​បរិយាកាស​នៃ​ការ​អបអរសាទរ​នៅ​ពេល​បង្ហូត​ទង់ជាតិ​ស.រ.អា​នៅ​ឯ​ស្ថានទូត​ស.រ.អា​ក្នុង​ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា​មក​ ក៏​មាន​ការ​និយាយ​ស៊កសៀត​ឆ្លើយឆ្លងគ្នា​រវាង​លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា John Kerry និង​សមភាគី​ពី​ប្រទេស​គុយបា​អំពី​សិទ្ធិមនុស្ស។​

ការ​ឆ្លើយ​ឆ្លង​គ្នា​នេះ​បង្ហាញឲ្យ​ឃើញ​ច្បាស់​ថា ​នៅ​ពេល​ដែល​មាន​ការ​បើក​បណ្តាញ​ថ្មីៗ​នៃ​ការ​ទាក់ទង​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បីពិភាក្សា​គ្នា​អំពី​ការ​ខ្វែង​គំនិត​គ្នា​ក៏​ដោយ​ ក៏​ការ​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ទាំង​នេះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។​

ដោយ​បាន​ទទួល​គំនាប​សង្កត់​ពី​ក្រុម​អ្នកគាំទ្រ​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​ប្រឆាំង​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស លោក Kerry បាន​គូស​បញ្ជាក់​អំពី​បញ្ហា​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ជាមួយ​លោករដ្ឋមន្ត្រី​ការបរទេស​គុយបា Bruno Rodriguez ដែល​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពីធី​បង្ហូត​ទង់​ជាតិ​នោះ។​

លោក Kerry បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​គុយបា «អាច​បាន​ផលប្រយោជន៍​ប្រសើរ​បំផុត​តាម​រយៈលទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ទី​ដែល​ប្រជារាស្ត្រ​មានសេរីភាព​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ពួក​គេ​ក្នុងការ​និយាយ​ស្តី​បញ្ចេញ​មតិ និង​ក្នុង​ការ​គោរព​សាសនា​ពួក​គេ ទី​ដែល​ការ​ប្តេជ្ញា​ដល់​យុត្តិធម៌​ខាង​សេដ្ឋកិច្ច​ និង​ខាង​សង្គមអាច​សម្រេច​បាន​ដោយ​ពេញ​លេញ ​ទី​ដែល​ស្ថាប័ន​នានា​ទទួល​ខុសត្រូវ​ដល់​ពួក​ជន​ដែល​ពួក​គេ​បម្រើ និង​ទី​ដែល​សង្គម​ស៊ីវិល​មាន​ឯករាជ្យ​ភាព និង​បាន​ត្រូវ​អ​នុញ្ញាត​ឲ្យរីកចម្រើន»។

XS
SM
MD
LG