ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​គុយបា​បង្កើតទំនាក់ទំនងការទូតពេញលក្ខណៈឡើងវិញ


រូប​ថត​នៃ​ទង់​ជាតិ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​គុយបា​នៅ​ជាមួយ​គ្នា​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កក្កដា ឆ្នាំ​២០១៥។​
រូប​ថត​នៃ​ទង់​ជាតិ​របស់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​គុយបា​នៅ​ជាមួយ​គ្នា​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កក្កដា ឆ្នាំ​២០១៥។​

សហរដ្ឋ​អាមេរិក​និង​ប្រទេស​គុយបា​បាន​ចាត់ចែង​ឲ្យ​មាន​ទំនាក់ទំនង​ខាង​ការទូត​ពេញ​លេញ​សារ​ជា​ថ្មី ​នៅ​ក្រោយ​ម៉ោង​៤​ព្រឹក​ម៉ោង​សកល​នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រោយ​ពី​មាន​អរិភាព​ជាង​៥​ទសវត្សរ៍​មក​នោះ។

ពីរ​បី​ម៉ោង​បន្ទាប់​មក​ នៅ​មុន​ពេល​ថ្ងៃ​រះ​ដែល​មាន​ភាព​ស្ងប់ស្ងាត់ ​ទង់​ជាតិ​ប្រទេសគុយបា​ដែល​មានពណ៌​ក្រហម ស​និង​ខៀវ ត្រូវបាន​បង្ហូត​នៅ​ឯ​ក្រសួង​ការបរទេស​ស.រ.អា. ​ជាមួយ​នឹង​ទង់​ជាតិ​នៃ​ប្រទេស​ឯ​ទៀត ​ដែល​មាន​ចំណង​ទាក់ទង​ខាង​ការទូត​ជាមួយ​ស.រ.អា.។

នៅ​ពេល​នេះ​ ស.រ.អា.និង​ប្រទេស​គុយបា​មាន​ស្ថានទូត​ពេញ​លក្ខណៈ​នៅ​ក្នុង​ប្រទេស​នីមួយៗ​ហើយ។

ការផ្លាស់​ប្តូរ​ខាង​ការទូត​នេះ​ បាន​កើត​មាន​ឡើង​៥៤ឆ្នាំ​នៅ​ក្រោយ​មាន​ការ​ផ្តាច់​ចំណង​ការទូត ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ស.រ.អា. John Kennedy។

ក្រុម​មន្ត្រី​គុយបា​ដែល​មាន​រួម​បញ្ចូល​លោក​រដ្ឋមន្ត្រី​ការបរទេស Bruno Rodriguez Parrilla ផង​នោះ​នឹង​ចូល​រួម​ក្នុង​ពិធី​បើក​ស្ថានទូត​គុយបា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ចន្ទ​នេះ។

​លោកស្រី​ Roberta Jacobson ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា​ទទួល​បន្ទុក​កិច្ចការ​អឌ្ឍគោល​ខាង​លិច​ ដែល​បាន​បំពេញ​មុខ​នាទី​សំខាន់​មួយ​ក្នុង​កិច្ច​ចរចា​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ក៏​នឹង​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ។​

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា. John Kerryនឹង​ទទួល​លោក​ Rodriguez Parrillaជា​សម​ភាគី​គុយបា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែរ។​មន្ត្រី​ទាំង​ពីរ​នាក់​នេះ​នឹង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​មួយ​នៅ​ពេល​បន្ទាប់​មក​ទៀត​ក្នុង​ថ្ងៃ​ចន្ទ​នេះ៕​

XS
SM
MD
LG