ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើ​ការ​ធ្វើ​តេស្ត​ថ្មី​ដែល​បាន​លទ្ធផល​លឿន​ដើម្បី​រក​ភាព​ស៊ាំ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩


គ្រូ​ពេទ្យ​ម្នាក់​កំពុង​យក​សំណាក​សារធាតុ​រាវ​ពី​​បុរស​ម្នាក់​ដើម្បី​យក​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា នៅ​​រដ្ឋ Indianapolis ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០។
គ្រូ​ពេទ្យ​ម្នាក់​កំពុង​យក​សំណាក​សារធាតុ​រាវ​ពី​​បុរស​ម្នាក់​ដើម្បី​យក​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូរ៉ូណា នៅ​​រដ្ឋ Indianapolis ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០។

និយ័តករ​សហរដ្ឋ​អាមេរិក​បាន​អនុញ្ញាត​ឲ្យ​ប្រើ​នូវ​វិធី​ធ្វើ​តេស្ត​ថ្មី​ដើម្បី​រក​ជំងឺ​កូវីដ ដែល​មន្ត្រី​រដ្ឋបាល​បាន​សរសើរ​ថា​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ។

ទីភ្នាក់ងារ​រដ្ឋបាល​ម្ហូបអាហារ និង​ថ្នាំ​ពេទ្យ​របស់​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​ប្រកាស​អំពី​ការ​អនុញ្ញាត​ជា​បន្ទាន់​ឲ្យ​ប្រើ​វិធី​ធ្វើ​តេស្ត​រក​ភាព​ស៊ាំ​នៅ​ក្នុង​ខ្លួន​មនុស្ស​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Quidel Corp. នៅ​ទីក្រុង San Diego រដ្ឋ California សហរដ្ឋ​អាមេរិក។

ការ​ធ្វើ​តេស្ត​នេះ​អាច​រក​ឃើញ​បំណែក​ណា​មួយ​នៃ​ប្រូតេអ៊ីន​វីរុស នៅ​ក្នុង​សំណាក​ដែល​ប្រមូល​បាន​ពី​សារធាតុ​រាវ​ក្នុង​ច្រមុះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​រដ្ឋបាល​ម្ហូប​អាហារ និង​ថ្នាំ​ពេទ្យ​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន។

នៅ​ពេល​បច្ចុប្បន្ន​នេះ វិធី​តែ​មួយ​គត់​នៅ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​រក​ជំងឺ​កូវីដ១៩ គឺ​ការ​ធ្វើ​តេស្ត​លើ​សារធាតុ​រាវ​ក្នុង​ច្រមុះ​របស់​អ្នក​ជំងឺ​ដើម្បី​រក​សារធាតុ​ហ្សេន​របស់​វីរុស។

ទោះបីជា​ការ​ធ្វើ​តេស្ត​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​ចាត់ទុក​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក៏​ដោយ ក៏​វា​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង និង​ត្រូវការ​ឧបករណ៍​ពិសេស​ដែល​មាន​តម្លៃ​ថ្លៃ​ដើម្បី​អាច​ដំណើរការ​បាន។ ប៉ុន្តែ ក្រុមហ៊ុន Quidel បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​ថ្មី​ដែល​ខ្លួន​បាន​បង្កើត​នេះ​អាច​ផ្ដល់​លទ្ធផល​ក្នុង​រយៈពេល​តែ ១៥ នាទី​ប៉ុណ្ណោះ៕

XS
SM
MD
LG