ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​ជប៉ុន​បាន​យល់ព្រម​យ៉ាង​ឆាប់រហ័ស​ឲ្យ​ប្រើ​ឱសថ Remdesivir


អ្នក​បច្ចេកទេស​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​ពិនិត្យ​មើល​ដប​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ Gilead Sciences នៅ​ក្នុង​ក្រុង La Verne រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។
អ្នក​បច្ចេកទេស​នៅ​ក្នុង​មន្ទីរពិសោធន៍​មួយ​ពិនិត្យ​មើល​ដប​នៃ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ Gilead Sciences នៅ​ក្នុង​ក្រុង La Verne រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ជប៉ុន​បាន​យល់ព្រម​យ៉ាង​ឆាប់រហ័ស​ឲ្យ​ប្រើ​ឱសថ Remdesivir ដើម្បី​ព្យាបាល​អ្នកជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃសុក្រ​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង​តូក្យូ លោក Yoshihide Suga នាយខុទ្ទកាល័យ​គណៈរដ្ឋមន្រ្តី​ជប៉ុន​ បាន​បញ្ជាក់ពី​ការ​យល់ព្រម​ឲ្យ​ប្រើ​ឱសថ Remdesivir ដោយ​ក្រសួង​សុខាភិបាល ការងារ និងសុខមាលភាព។ លោក​បាន​និយាយ​ទៀត​ថា ក្រុមហ៊ុន Gilead Sciences ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ បាន​ប្រាប់​ពួកគេ​ថា ការ​ផ្គត់ផ្គង់​នឹង​មាន​កម្រិត​មួយ​រយៈពេល ដូច្នេះ​នឹង​ត្រូវ​ផ្តល់​អាទិភាព​ដល់​អ្នក​ជំងឺ​ធ្ងន់ៗ​ភាគច្រើន។

នាយខុទ្ទកាល័យ​នោះ​បាន​និយាយ​ទៀត​ថា ជប៉ុន​កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ Gilead ដើម្បី​ទទួល​បាន​ឱសថ​កាន់​តែ​ច្រើន​ឡើង​ដែល​អាជ្ញាធរ​សុខាភិបាល​អាច​យក​ទៅ​ព្យាបាល​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឱសថ​នោះ។

ចំណាត់ការ​របស់​ជប៉ុន​បាន​កើត​មាន​ឡើង​បន្ទាប់ពី​បាន​ទទួល​ការ​អនុញ្ញាត​កាលពី​សប្តាហ៍​មុន​ដោយ​និយ័តករ​សហរដ្ឋអាមេរិក​អនុញ្ញាត​ឲ្យ​ប្រើ​ឱសថ Remdesivir ក្នុង​គ្រាអាសន្ន​ដែល​បាន​បង្ហាញ​ក្នុង​ការ​ជួយ​អ្នកជំងឺ​មេរោគ​កូរ៉ូណា​ខ្លះ​ឲ្យ​ជា​សះស្បើយ​បាន​យ៉ាង​លឿន​នៅ​ក្នុង​ការ​សាកល្បង​នៅ​គ្លីនិក។

សេចក្តីថ្លែងការណ៍​ពី​ក្រុមហ៊ុន Gilead បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​អនុម័ត​ដ៏​ឆាប់រហ័ស​របស់​ជប៉ុន​ផ្អែក​មួយ​ផ្នែក​ធំ​លើ​ទិន្នន័យ​គ្លីនិក​មក​ពី​ការ​សាកល្បង​ទាំងអស់​នោះ​ដែល​បាន​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​សហរដ្ឋអាមេរិក។ ជប៉ុន និង​សហរដ្ឋអាមេរិក​ជា​ប្រទេស​តែ​២គត់​រហូត​មក​ទល់​ពេល​នេះ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឱសថ​នោះ​ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩។

លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នក​ជំនាញ​កំពូល​ខាង​ជំងឺ​ឆ្លង​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ឱសថ​នេះ​មិនមែន​ដោះស្រាយ​បញ្ហា​ទាំងអស់​ទេ ក៏ប៉ុន្តែ បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា ជា​ការ​ព្យាបាល​ជំងឺ​នោះ​បាន។

សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​ជាង​១លាន២សែន​ករណី ដោយ​មាន​មនុស្ស​ស្លាប់​លើស​ពី​៧ម៉ឺន៥ពាន់​នាក់ ខណៈ​ដែល​ជប៉ុន​ បាន​រាយការណ៍​ថា មាន​ការ​ឆ្លង​១ម៉ឺន៥ពាន់​ករណី និង​មនុស្ស​ស្លាប់​៥៨០នាក់៕

XS
SM
MD
LG