ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ពន្យារ​ថ្ងៃ​ផុត​កំណត់​នៃ​ការ​ទទួល​យក​សន្លឹក​ឆ្នោត​នៅ​រដ្ឋ Wisconsin សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​ខាង​មុខ


រូបឯកសារ៖ បុគ្គលិក​ប្រៃសណីយ៍​ម្នាក់​ប្រមូលយក​សំបុត្រ​ពី​ប្រអប់​​ប្រៃសណីយ៍​មួយ​កន្លែង​នៅក្នុង​ទីក្រុង Milwaukee កាលពី​ថ្ងៃអង្គារទី១៨ ខែសីហា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិក​ប្រៃសណីយ៍​ម្នាក់​ប្រមូលយក​សំបុត្រ​ពី​ប្រអប់​​ប្រៃសណីយ៍​មួយ​កន្លែង​នៅក្នុង​ទីក្រុង Milwaukee កាលពី​ថ្ងៃអង្គារទី១៨ ខែសីហា ឆ្នាំ២០២០។

គណៈកម្មាធិការ​ជាតិ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Wisconsin បាន​ប្រកែក​ប្រឆាំង​នឹង​ការ​អនុញ្ញាត​ឲ្យ​ពន្យារ​ថ្ងៃ​ផុត​កំណត់​នេះ ហើយ​ពួកគេ​អាច​នឹង​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​នេះ។

កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ តុលាការ​ឧទ្ធរណ៍​មួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក បាន​គាំទ្រ​សេចក្ដី​សម្រេច​មួយ ដែល​អនុញ្ញាត​ឲ្យ​រាប់​សន្លឹក​ឆ្នោត​របស់​អ្នក​បោះឆ្នោត​ដែល​មិន​បាន​មក​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា ប្រសិនបើ​សន្លឹក​ឆ្នោត​ទាំង​នោះ​ ផ្ញើ​មក​ដល់​តិច​ជាង ឬ​ត្រឹម ៦ ថ្ងៃ ក្រោយ​ថ្ងៃ​បោះឆ្នោត។

គណៈកម្មាធិការ​ដែល​មាន​ចៅក្រម ៣ រូប ដែល​សុទ្ធតែ​តែងតាំង​ដោយ​ប្រធានាធិបតីខាង​គណបក្ស​សាធារណរដ្ឋ បាន​យល់ព្រម​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប ដែល​បាន​ចែង​ថា ប្រសិនបើ​សន្លឹក​ឆ្នោត​ត្រូវ​បាន​គេ​ផ្ញើ​តាម​ប្រៃសណីយ៍​នៅ​ត្រឹម​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា សន្លឹក​ឆ្នោត​ទាំង​នោះ​អាច​ត្រូវ​បាន​ទទួល​យក​ដើម្បី​បញ្ចូល​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត ដរាបណា​សន្លឹក​ឆ្នោត​ទាំង​នោះ​មក​ដល់​ត្រឹម​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា។

គណៈកម្មាធិការ​ជាតិ​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Wisconsin បាន​ប្រកែក​ប្រឆាំង​នឹង​ការ​អនុញ្ញាត​ឲ្យ​ពន្យារ​ថ្ងៃ​ផុត​កំណត់​នេះ ហើយ​ពួកគេ​អាច​នឹង​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​នេះ។ ពួកគេ​និយាយ​ថា អ្នកបោះ​ឆ្នោត​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ទទួល និង​ផ្ញើ​សន្លឹក​ឆ្នោត​មក​វិញ​នៅ​ត្រឹម​ថ្ងៃ​បោះ​ឆ្នោត។

ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ Wisconsin វិញ បាន​ស្វាគមន៍​ការ​សម្រេច​របស់​តុលាការ និង​បាន​ឲ្យ​ដឹង​ថា ការ​ពន្យារ​ពេល​នេះ​ នឹង​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​ជា​ច្រើន​នៅ​រដ្ឋ Wisconsin ដើម្បី​អាច «បញ្ចេញ​សំឡេង​របស់​ពួកគេ​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ»។

រដ្ឋ Wisconsin នេះ គឺ​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង ដែល​នឹង​អាច​កំណត់​ថា​តើ​លោក​ប្រធានាធិបតី Trump ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ទី​ពីរ​ជា​បន្ត​ទៀត ឬ​ក៏​ថា​តើ​លោក Joe Biden នឹង​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​លើក​នេះ។

លោក Trump បាន​ឈ្នះ​ឆ្នោត​ក្នុង​រដ្ឋ Wisconsin នេះ​តិច​ជាង​មួយ​ភាគរយ​កាល​ពី​ឆ្នាំ ២០១៦ ហើយ​ការ​ស្ទង់​មតិ​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា លោក Biden នាំ​មុខ​លោក Trump តិចតួច​នៅ​ក្នុង​រដ្ឋ​នេះ៕

XS
SM
MD
LG