ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ត្រាំ​ប្រាប់​ពួក​អ្នក​បោះ​ឆ្នោត​តាម​ប្រៃសណីយ៍ឲ្យ​តាម​មើល​សន្លឹក​ឆ្នោត​របស់​ពួក​គេ


ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​មូលដ្ឋាន​ទ័ព​អាកាស Andrews បន្ទាប់​ពី​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​ នៅ​ទីក្រុង Latrobe រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០២០។
ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​មូលដ្ឋាន​ទ័ព​អាកាស Andrews បន្ទាប់​ពី​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា​ នៅ​ទីក្រុង Latrobe រដ្ឋ Pennsylvania សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា ២០២០។

លោក​ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​មាន​ការ​ច្របូក​ច្របល់​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​អ្វី​ដែល​ជា​ការបោះឆ្នោត​ប្រធានាធិបតី​ដ៏​លំបាក​បំផុត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​សម័យ​ទំនើប។

លោក​ប្រធានាធិបតី​ ត្រាំ បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាលពី​ថ្ងៃពុធ​ជាមួយ​ទូរទស្សន៍​ WECT-TV​ ក្នុង​ទីក្រុង​ Wilmington ​រដ្ឋ North Carolina ថា៖ «អនុញ្ញាត​ឲ្យ​ពួក​គេ​បោះឆ្នោត​តាម​ប្រៃសណីយ៍និង​បោះឆ្នោត​ដោយ​ផ្ទាល់​ទៅ។ ហើយ​ប្រសិន​បើ​ប្រព័ន្ធ​បោះឆ្នោត​នោះល្អ​ដូច​ដែល​ពួក​គេ​និយាយ​ ពួកគេ​នឹង​មិន​បោះឆ្នោត​ដោយ​ផ្ទាល់​ទេ»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ក្នុង​ទីក្រុង​ Latrobe​ រដ្ឋ Pennsylvania ​លោក​ប្រធានាធិបតី​ ត្រាំ​ ហាក់​ដូចជា​កែ​ប្រែ​កំណត់​សម្គាល់​របស់​លោក​ដោយ​ប្រាប់​ពួក​អ្នក​គាំទ្រ​របស់​លោក​ថា ពួកគេ​គួរតែ​បោះឆ្នោត​លើក​ទី២ ​ប្រសិនបើ​ការបោះឆ្នោត​លើក​ទី​១​របស់​ពួកគេ​ មិនត្រូវ​បាន​គេរាប់​នោះ​ទេ។​

លោក​ប្រធានាធិបតី​ ត្រាំ​ បាន​ប្រាប់​ពួកអ្នក​គាំទ្រ​នៅ​ចំណត​យន្តហោះ​ក្រុង ​Latrobe ថា «ចុះ​ហត្ថលេខា​លើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍ ​ហើយ​ផ្ញើ​វា​ទៅ​។ ហើយ​បន្ទាប់​មក លោក​អ្នក​ត្រូវ​តែ​តាម​មើលវា។ ហើយ​ប្រសិនបើ នៅថ្ងៃ​បោះឆ្នោត​ឬការ​បោះឆ្នោត​មុន​នោះ​មិន​ត្រូវ​បាន​គេ​រាប់ លោក​អ្នក​ទៅ​បោះ​ឆ្នោត​ម្តង​ទៀត»។

លោក​ប្រធានាធិបតី​បាន​និយាយ​ទៀត​ថា៖ «លោក​អ្នក​ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា សន្លឹក​ឆ្នោត​របស់​លោក​អ្នក​ត្រូវ​បាន​គេ​រាប់»។

ក្រុម​មន្រ្តីរៀបចំ​ការបោះឆ្នោត​រដ្ឋ​កំពុង​ប្រុងប្រៀប​កត់ត្រា​ចំនួន​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​នៅ​ក្នុង​ការ​បោះឆ្នោតថ្ងៃទី៣​ ខែ​វិច្ឆិកា​ពីព្រោះតែ​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា។ លោក​ប្រធានាធិបតី​ ត្រាំ​ បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ដោយ​គ្មាន​ភស្តតាង​ថា​ ពួក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​រាប់​លាន​សន្លឹក​ដើម្បី​ប៉ុនប៉ង​លួច​បន្លំ​ដ៏ធំបំផុត​នៅ​ក្នុងប្រវត្តិ​នយោបាយ»៕

XS
SM
MD
LG