ប្តីប្រពន្ធជនជាតិអាមេរិកកាំងមួយគូ ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋ West Virginia ដោយរងការចោទប្រកាន់ថា បានលក់ព័ត៌មានស្តីពីនាវាចម្បាំងប្រើដោយថាមពលនុយក្លេអ៊ែរទៅឲ្យប្រទេសមួយ ដែលគេជឿជាក់ថាជារដ្ឋបរទេស។ នេះបើតាមការលើកឡើងរបស់ក្រសួងយុត្តិធម៌អាមេរិកកាលពីថ្ងៃអាទិត្យកន្លងទៅហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
ក្រសួងយុត្តិធម៌អាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Jonathan Toebbe ដែលបម្រើការងារជាវិស្វករនុយក្លេអ៊ែរនៅក្នុងកងទ័ពជើងទឹកអាមេរិកនិងភរិយារបស់លោកឈ្មោះ Diana ដែលពួកគេទាំងពីរនាក់មានអាយុខ្ទង់៤០ឆ្នាំប្លាយត្រូវបានចាប់ខ្លួនដោយទី ភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិកFBI កាលពីថ្ងៃសៅរ៍កន្លងទៅ និងត្រូវបានចោទប្រកាន់ពីការរំលោភបំពានច្បាប់ថាមពលអាតូមិករបស់អាមេរិកនៅក្នុងសំណុំរឿងបណ្តឹងព្រហ្មទ័ណ្ឌមួយ។
សេចក្តីថ្លែងការណ៍នោះ បានបន្តទៀតថា ក្នុងរយៈពេលជិត១ឆ្នាំ ប្តីប្រពន្ធមួយគូនេះ «បានលក់ព័ត៌មានដែលត្រូវបានគេដឹងថាជាទិន្នន័យលាក់ការណ៍ដែលទាក់ទិននឹងការរចនានាវាចម្បាំងដែលប្រើដោយថាមពលនុយក្លេអ៊ែរទៅឲ្យបុគ្គលមួយរូបដែលត្រូវបានគេជឿជាក់ថាជាតំណាងរដ្ឋបរទេស។ សេចក្តីថ្លែងការណ៍នោះបន្ថែមទៀតថា អ្នកទទួលព័ត៌មាននោះ គឺជាមនុស្សបង្កប់ខ្លួនរបស់ទីភ្នាក់ងារស៊ើបអង្គេតFBI។
ក្នុងពាក្យបណ្តឹងបានលើកឡើងថា កាលពីខែមេសា ឆ្នាំ២០២០ លោក Toebbe បានផ្ញើកញ្ចប់មួយតាមប៉ុស្តិ៍ប្រៃសណីយទៅឲ្យរដ្ឋាភិបាលបរទេសមួយដែលក្នុងកញ្ចប់នោះមានដាក់សំណាកទិន្នន័យហាមឃាត់ និងសេចក្តីណែនាំក្នុងការបង្កើតនូវទំនាក់ទំនងលាក់ ការណ៍មួយ។ នេះបើយោងទៅលើសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាមេរិក។
បើយោងតាមពាក្យបណ្តឹងនោះ បានឲ្យដឹងថា ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI បានស្ទាក់ចាប់បានកញ្ចប់ដែលផ្ញើនោះហើយភ្នាក់ងារបង្កប់ខ្លួននោះ បានក្លែងខ្លួនធ្វើជាតំណាងឲ្យរដ្ឋាភិបាលបរទេសមួយដើម្បីបង្កើតនូវទំនាក់ទំនងលាក់ការណ៍ជាមួយប្តីប្រពន្ធនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាមេរិកក៏បានលើកឡើងផងដែរថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោកMerrick Garland បានសរសើរដល់ក្រុមភ្នាក់ពាក់ព័ន្ធ ដែលបានទប់ស្កាត់នូវផែនការនេះ និងបានចាត់វិធានការទាន់ពេលដើម្បីបញ្ជូនជនដែលបានប្រព្រឹត្តិទៅកាន់តុលាការដើម្បីកាត់ទោស។
ក្រសួងការពារជាតិអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ នៅពេលសាកសួរដោយទីភ្នាក់ងារព័ត៌មាន AFP។
ប្តីប្រពន្ធនេះ នឹងត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធក្នុងរដ្ឋ West Virginia នៅថ្ងៃទី១២ខែតុលានេះ៕