ករណីឆ្លងជំងឺកូវីដ១៩ថ្មីបានកើនឡើងនៅក្នុងរដ្ឋចំនួន ២៧ នៃរដ្ឋទាំងអស់ចំនួន ៥០ របស់សហរដ្ឋអាមេរិកនៅក្នុងខែកញ្ញា បើប្រៀបធៀបជាមួយខែសីហា ដោយមានការកើនឡើងចំនួន ១១១% នៅក្នុងរដ្ឋ Wisconsin។ នេះតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
បណ្តារដ្ឋនៅភាគកណ្តាលប្រទេសចំនួនបីគឺរដ្ឋ North Dakota រដ្ឋ South Dakota និងរដ្ឋ Wisconsin បានឃើញករណីឆ្លងកើនឡើងជាង ៥០% ក្នុងរយៈពេលជាងមួយខែ ហើយរដ្ឋ Montana, Utah, West Virginia និងរដ្ឋ Wyoming ក៏មានការកើនឡើងនៃករណីឆ្លងថ្មីផងដែរ។
រដ្ឋ Illinois មានកំណើនការឆ្លងតិចជាងគេបង្អស់ ក្នុងចំណោមរដ្ឋទាំង ២៧ ដោយមានករណីឆ្លងកើនឡើងចំនួន ៥% ក្នុងរយៈពេលជាងមួយខែ។ បណ្តារដ្ឋនៅភាគកណ្តាលដែលករណីឆ្លងបានធ្លាក់ចុះ គឺរដ្ឋ Ohio និងរដ្ឋ Indiana។
សហរដ្ឋអាមេរិក បានរាយការណ៍ថាមានការឆ្លងថ្មីចំនួន ១.១៨ លានករណីនៅក្នុងខែកញ្ញា បើប្រៀបធៀបទៅនឹងខែសីហា មាន ១.៤១ លានករណី។ ករណីឆ្លងទាំងអស់នៅខែកញ្ញា ក្នុងសហរដ្ឋអាមេរិកមាន ៧.២៦ លានករណី បើប្រៀបធៀបទៅនឹងចុងខែសីហា មានតែ ៦.០៥ លានករណីប៉ុណ្ណោះ ដែលមានការកើនឡើងចំនួន ១៩%។
បណ្តារដ្ឋដែលករណីឆ្លងបានធ្លាក់ចុះពីមួយខែទៅមួយខែ គឺរដ្ឋ California (កាលីហ្វ័រញ៉ា) មានការធ្លាក់ចុះខ្លាំងបំផុតគឺចំនួន ៥០% បន្ទាប់មកគឺរដ្ឋ Nevada ចំនួន ៤៩% និងរដ្ឋ Florida ចំនួន ៤៧%៕