ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ក្រុមប្រទេស​ G-7 ប្តេជ្ញា​ថា​ នឹង​ប្រើ​វិធានការ​ខាង​គោលនយោបាយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​វីរុស​កូរ៉ូណា


រូបឯកសារ៖ ក្រុមមេដឹកនាំប្រទេស G7 ជួបប្រជុំកាលពីឆ្នាំ ២០១៩។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃក្រុម​ប្រទេសប្រាំពីរដែលមាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ​បាននិយាយ​កាលពី​ថ្ងៃ​អង្គារថា ពួកគេ​នឹង​ប្រើគោលនយោបាយដើម្បីគាំទ្រសេដ្ឋកិច្ចសាកល​ដែល​បានបង្ហាញ​សញ្ញា​នៃ​ភាពទន់ខ្សោយ​ដោយសារ​មេរោគ​វីរុស​កូរ៉ូណា​ដែលបានរាល​ដាល​ដល់ប្រទេស​យ៉ាង​តិច​ណាស់៧០។​

រដ្ឋមន្ត្រី​ទាំង​នេះបាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយនៅ​ក្រោយការ​ប្រជុំគ្នា​មួយ​តាម​ទូរទស្សន៍​ពី​ចម្ងាយថា ពួក​លោក​កំពុង «ឃ្លាំ​មើល​យ៉ាង​ដិត​ដល់» អំពី​«ផលប៉ះពាល់​នៃ​មេរោគ​វីរុស​នេះ​ទៅលើ​ផ្សារ​និង​សេដ្ឋកិច្ច» ហើយ​ថា​ ពួក​លោកប្តេជ្ញា​ថា​នឹង​ «ប្រើ​វិធានការ​គោលនយោបាយ​សមរម្យ​ទាំង​អស់» ដើម្បី​គាំទ្រ​ដល់ការ​លូតលាស់​សេដ្ឋកិច្ច។​

ទោះ​ជា​យ៉ាង​ណាក៏​ដោយ រដ្ឋមន្ត្រី​ទាំងនេះមិនបានលាត​ត្រដាង​ឱ្យ​ដឹងអំពី​វិធានការ​ជាក់លាក់ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគវីរុស​នេះនៅពេល​មានកំណើនការរំពឹង​ថាពួក​គេ​នឹងលាត​ត្រដាងឱ្យ​ដឹង​អំពី​ចំណាត់ការ​ទាំង​នេះ។ កិច្ច​ចរចា​នៃក្រុមប្រទេស​ G-7 មានឡើង​នៅ​ពេលដែល​លោកប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in បានស្វះ​ស្វែង​សុំ​ជំនួយ​ដើម្បី​ផ្គត់ផ្គង់បរិក្ខារ​ពេទ្យ​និងជួយ​ដល់វិស័យ​ជំនួញ​តូចតាចដែលមានផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដោយសារ​មនុស្ស​ឋិត​នៅ​ក្នុង​ផ្ទះ។​

ប្រទេសកូរ៉េខាង​ត្បូង​ជា​ប្រទេស​មួយ​ក្នុង​បណ្តា​ពួកប្រទេស​មានផល​ប៉ះពាល់ធ្ងន់ធ្ងរ​បំផុត​នៅ​ខាងក្រៅ​ប្រទេស​ចិន​ ដោយបានរាយការណ៍​អំពី​តួលេខថ្មីបំផុត​កាលពី​ថ្ងៃ​អង្គារ​ថា ​មានករណី​អ្នកជំងឺ​ទាំង​អស់​ជិតប្រាំពាន់នាក់។

លោក Moon បានមានប្រសាសន៍​ថា​ «ប្រទេស​ទាំង​មូលបានធ្វើសង្គ្រាម​ប្រឆាំងនឹង​ជំងឺ​ឆ្លងនេះ»។

នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ ដែលជា​កន្លែង​មួយ​ទៀត​ដែល​មេរោគវីរុសនេះបានរាលដាល​ទៅកាន់ប្រទេស​ឯទៀតៗ​ ពីព្រោះ​មនុស្សបានធ្វើដំណើរ ក្រុមអ្ន​ក​ជំនាញ​របស់អង្គ​ការសុខភាពពិភពលោកបានទៅដល់​ប្រទេស​នេះហើយ​ ដើម្បី​ជួយ​ពួក​អ្នកធ្វើការខាងថែរក្សាសុខភាពក្នុងមូលដ្ឋាន​ឱ្យ​ទប់ទល់នឹង​ការ​រាលដាល​ជំងឺ​នេះ។ ប្រទេស​អង់គ្លេស បារាំង​និងប្រទេស​អាល្លឺម៉ង់​បានសន្យា​ថា ​នឹង​បញ្ជូន​បរិក្ខារ​ពេទ្យ​ទៅប្រទេសអ៊ីរ៉ង់។

ប្រទេស​ចិន​បាន​ឃើញ​ការ​ចុះថយ​នៃចំនួនករណី​ជំងឺ​នេះដោយ​រាយការណ៍​ថា ​មានករណីថ្មីៗចំនួន ១២៥កាលពីថ្ងៃអង្គារ ដែល​ជា​តួលេខទាបបំផុ​ត​ក្នុងរយៈពេលពីរ​ខែ​កន្លងទៅនេះ៕

XS
SM
MD
LG