ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​កម្ពុជា​និង​វៀតណាម​ព្រមព្រៀង​គ្នា​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី


ប្រទេស​កម្ពុជា​និង​វៀតណាម​គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ស្លាប់​ច្រើន​ជាង​គេ​​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ីអគ្នេយ៍។​
ប្រទេស​កម្ពុជា​និង​វៀតណាម​គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ស្លាប់​ច្រើន​ជាង​គេ​​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ីអគ្នេយ៍។​
មន្ត្រី​កម្ពុជា​និង​វៀតណាម​បាន​ព្រម​ព្រៀងគ្នា​ថា​ នឹង​បង្កើន​ការ​ត្រួត​ពិនិត្យ​ និង​ការ​អប់រំ​អំពី​ជំងឺ​ផ្តាសាយ​បក្សី ​H5N1​ ឲ្យ​បាន​ទូលំទូលាយប្រយោជន៍​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាតនៃ​ជំងឺ​ដ៏​គ្រោះថ្នាក់​នេះ​ក្នុង​ប្រទេស​ទាំង​ពីរ។​

អ្នក​ជំនាញផ្នែក​សុខា​ភិបាល​និង​ផ្នែក​បសុសត្វ​មក​ពី​ប្រទេស​ទាំង​ពីរបាន​សម្រេច​ដូច្នេះ​ក្រោយ​ពី​បាន​បើកកិច្ច​ប្រជុំរួម​គ្នា​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​បញ្ចប់​នៅ​ថ្ងៃ​នេះ។​

កិច្ច​ប្រជុំទ្វេភាគី​នេះ​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់​ងារ​ស.រ.អា.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ និង​សហការ​រៀប​ចំ​ដោយ​អង្គការ​ស្បឿង​អាហារនិង​កសិកម្ម​របស់​អ.ស.ប.(FAO)​។​

លោក​បណ្ឌិត​ឡុតហ៊្វី ​អាឡាល់​ (Lotfi Allal)​ ប្រធាន​ទីប្រឹក្សា​បច្ចេក​ទេស​មជ្ឈមណ្ឌលសង្គ្រោះ​បន្ទាន់​សម្រាប់​ជំងឺ​សត្វ​ឆ្លងកាត់​ព្រំ​ដែន​នៃអង្គការ​FAO ​បាន​ប្រាប់​វីអូអេសំឡេង​សហរដ្ឋ​អាមេរិក​ក្រោយ​ពី​កិច្ច​ប្រជុំ​ទ្វេភាគី​នោះ​ថា​ ក្រុម​អ្នក​ជំនាញ​របស់​ប្រទេស​វៀតណាម​និង​ប្រទេស​កម្ពុជាបាន​ព្រម​ព្រៀងគ្នា​លើបួន​ចំណុចសម្រាប់ពង្រឹង​កិច្ច​សហការ​គ្នា​និង​ដើម្បី​ចាត់វិធាន​ការ​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី។​

«ម្សិល​មិញ​យើង​បាន​ឯកភាព​គ្នា ​ហើយ​យើង​បន្ត​ពិភាក្សា​ពិស្តារ​បន្ថែម​ទៀត​នៅ​ព្រឹក​នេះ នោះ​គឺ​ការ​ត្រួត​ពិនិត្យ​សត្វ​ទា ​អប់រំ​ជន​ស៊ីវិលអំពី​ការ​ឆ្លង​ជំងឺ​ពី​សត្វ​ទៅ​មនុស្ស ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​នៅ​តាម​តំបន់​ព្រំដែន​គឺ​មាន​ន័យ​ថា​ ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ មិន​មែន​ធ្វើតែ​ក្នុង​កម្រិតមជ្ឈឹម​នោះ​ទេ ​ប៉ុន្តែ​ត្រូវ​គឺ​ត្រូវ​ចែក​រំលែក​ព័ត៌មាន​គ្នា​នៅ​តាម​មូលដ្ឋាន​កម្រិតខេត្ត​ផង​ដែរ​ និង​ចំណុច​ទីបី​គឺ​ការ​ផ្តល់​ព័ត៌មាន ការអប់រំ​និង​ធ្វើ​ទំនាក់​ទំនង​គ្នា​និង​ការ​ផ្លាស់ប្តូរ​ទម្លាប់​និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា។»

​ប្រទេស​កម្ពុជា​និង​វៀតណាម​គឺជា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ស្លាប់​ច្រើន​ជាង​គេក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ីអគ្នេយ៍។​

កាល​ពី​ឆ្នាំ​២០១៣មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺនេះ​ចំនួន​១៤​នាក់​នៅ​កម្ពុជា​ ដែល​ជា​ការកត់​សំគាល់​នៃ​ការ​ផ្ទុះ​ឡើង​វិញនៃ​មេរោគ​H5N1​ ក្រោយ​ពី​ប្រទេស​នេះ​ បាន​ជួ​បប្រទះ​វា​នៅ​ឆ្នាំ​២០០៤។

​ដោយឡែក​នៅ​ប្រទេស​វៀតណាមជំងឺ​ផ្តាសាយ​បក្សីបាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​៦៣​នាក់​កាល​ពី​ឆ្នាំ​មុន។ ​នេះ​បើយោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោកWHO។

លោក​បណ្ឌិត​ឡុតហ៊្វី ​អាឡាល់​ អះអាងថា​ជំងឺ​ដ៏​គ្រោះ​ថ្នាក់​នេះ​ស្ថិត​នៅ​ជា​ការ​ព្រួយ​បារម្ភ​ជា​រួម។

«​វានៅ​តែ​ជាការ​ព្រួយ​បារម្ភ​ជា​អន្តរជាតិក៏​ដូចជា​សហគមន៍​អ្នក​ផ្តល់​ជំនួយ​និង​ដៃ​គូ​អន្តរជាតិ។ហើយ​កង្វល់​នេះ​ផ្តោត​លើ​ការ​ចម្លង​រោគ​ទាំង​លើ​មនុស្ស​និង​សត្វ​ផងដែរ។»

នៅ​ដើម​ឆ្នាំ​នេះ​ជំងឺ​ផ្តាសាយ​បក្សី​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​កម្ពុជាចំនួន​បួននាក់។

មេរោគ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ត្រូវ​ឆ្លង​ពី​សត្វ​ឈឺ​ទៅ​មនុស្ស​ដែល​ប៉ះពាល់​វា។ក្រុម​មន្ត្រី​សុខា​ភិបាល​កំពុង​ព្រួយ​បារម្ភថា​ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។

លោក​ម៉ៃ វ៉ាន់ហៀប អគ្គនាយករង​នៃ​នាយក​ដ្ឋាន​បសុសត្វនៃ​ក្រសួង​កសិកម្ម​ប្រទេសវៀតណាម​ដែល​បាន​ដឹកនាំ​គណប្រតិភូ​ក្នុង​កិច្ច​ប្រជុំ​នេះ។លោកវ៉ាន់ហៀប គូស​បញ្ជាក់​ថាប្រទេស​ទាំង​ពីរ​នឹង​បង្កើត​តំបន់​ត្រួត​ពិនិត្យរួម​គ្នា​នៅតាម​បណ្តាខេត្ត​ជាប់​ព្រំដែន​រួម​ដោយ​ប្រើប្រាស់​ស្ថាបន័​ដែល​មាន​ស្រាប់។​

«​យើង​នឹង​បង្កើតតំបន់ត្រួត​ពិនិត្យ​នៅ​តាម​ព្រំ​ដែននៃ​ប្រទេស​ទាំង​ពីរ​ដូចជា​ការចែក​រំលែក​ព័ត៌មាន​អំពី​ការ​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី ​ត្រួត​ពិនិត្យ​ចលនារបស់​សត្វ​ឆ្លង​កាត់​ព្រំដែន​និង​ជំរុញការ​យល់​ដឹង​របស់​សាធារណ​ជន​អំពីការ​គំរាម​កំហែង​ដោយ​មេរោគ​ H5N1​នេះ»។​

ក្រុម​មន្ត្រី​កម្ពុជា​បដិ​សេធ​មិន​ផ្តល់​សម្ភាសន៍​ជាមួយ​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​ទេ​ ខណៈ​ពេល​ដែលជំងឺ​គ្រុន​ផ្តាសាយ​បក្សី​កំពុង​ស្ថិត​ក្រោម​ការ​ព្រួយ​បារម្ភ និង​នៅ​ពេល​ដែល​កិច្ច​ប្រជុំ​ជាមួយ​ប្រទេស​វៀតណាម​ប្រព្រឹត្ត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG