ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​កម្ពុជា-វៀតណាម​ជួប​គ្នា​រក​វិធី​ទប់​ស្កាត់​ការ​ឆ្លង​ផ្តាសាយ​បក្សី


មាន់​អាំង​នៅ​ផ្សារ​មួយ​ក្នុង​ខេត្ត​សៀមរាប។ (១៤ មីនា ២០០៧)
មាន់​អាំង​នៅ​ផ្សារ​មួយ​ក្នុង​ខេត្ត​សៀមរាប។ (១៤ មីនា ២០០៧)
ក្រុម​មន្ត្រី​សុខា​ភិបាល​និងបសុសត្វមក​ពី​ប្រទេស​កម្ពុជា​និង​ប្រទេសវៀត​ណាមបាន​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​ដើម្បី​រក​យុទ្ធ​សាស្ត្រ​ទប់​ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​ផ្តាសាយ​បក្សី ​H5N1 ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ។

កិច្ច​ប្រជុំ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​ជំងឺ​ប្រល័យ​នេះ​កាល​ពី​ឆ្នាំ​២០១៣ហើ​យ​ជំងឺ​នេះ​បន្តផ្ទុះ​ឡើង​ទៀត​នៅ​ដើម​ឆ្នាំ​២០១៤​នេះ។

លោក​បណ្ឌិត​ឡុតហ៊្វី ​អាឡាល់​ (Lotfi Allal)​ ប្រធាន​ទី​ប្រឹក្សា​បច្ចេក​ទេស​មជ្ឈមណ្ឌលសង្គ្រោះ​បន្ទាន់​សម្រាប់​ជំងឺ​សត្វ​ឆ្លងកាត់​ព្រំ​ដែន​នៃអង្គការ​ស្បៀង​និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា ​FAO មាន​ប្រសាសន៍​នៅ​ក្រៅ​កិច្ច​ប្រជុំ​ទ្វេ​ភាគីនេះ​ថា​ក្រុម​អ្នក​ជំនាញ​ទាំង​ពីរ​នឹង​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ទប់​ស្កាត់​ការ​ផ្ទុះ​ជំងឺ​នេះ​រួម​គ្នា។

«យើង​ពិភាក្សា​គ្នា​អំពី​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​H5N1​នៅ​លើ​មនុស្ស​និង​សត្វ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​និង​ក្នុង​ឆ្នាំ​នេះ​ផងដែរ​ហើយ​ក៏​មាន​ករណី​មួយ​ចំនួន​កើត​នៅ​ប្រទេស​វៀតណាម​ដែរ។​ជាង​នេះ​ទៅទៀត​កិច្ច​ប្រជុំ​នេះ​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ដោយ​របៀបណា​ចែករំលែក​ព័ត៌មាន​គ្នា​និង​ពិនិត្យ​មើល​ថា​តើត្រូវ​ធ្វើយ៉ាង​ណាឲ្យ​ស្ថានភាពមាន​ការ​ប្រសើរ​ឡើង»។

កាល​ពី​ឆ្នាំ​២០១៣​មាន​ប្រជា​ពល​រដ្ឋ​កម្ពុជា​ចំនួន​១៤​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​កុមារ​គឺជា​តួលេខ​ស្លាប់​ខ្ពស់​ជាង​គេ​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​នេះ​នៅ​កម្ពុជា​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០០៤។

នៅ​ដើម​ឆ្នាំ​នេះ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​ផ្តាសាយ​បក្សី​ចំនួន​បួននាក់​ហើយ។​

​មេរោគ​នៃ​ជំងឺ​ផ្តាសាយ​បក្សី​ត្រូវ​ឆ្លង​ពី​សត្វ​មាន​ជំងឺ​ទៅ​មនុស្ស​ដែល​ប៉ះពាល់​វា។ ក្រុម​មន្ត្រី​សុខា​ភិបាល​កំពុង​ព្រួយ​បារម្ភ​ថា​ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស។

អ្នក​ជំនាញសរុប​ប្រមាណ​៧០​នាក់បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​អង្គារ។

កិច្ច​ប្រជុំ​ទ្វេ​ភាគី​នេះ​ផ្តល់​មូល​និធិ​ដោយ​ទីភ្នាក់​ងារ​ស.រ.អា.​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ(​USAID)​និង​សហការ​រៀប​ចំ​ដោយ​អង្គការ​FAO។

លោក​បណ្ឌិត​ឡុតហ៊្វី ​អាឡាល់ ​មាន​ប្រសាសន៍​ថាមាន​ការ​ចរាចណ៍រ​សត្វ​ស្លាប​ឆ្លង​កាត់​ព្រំ​ដែន​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាមដែល​ជា​មូលដ្ឋាន​នៃ​ការ​ព្រួយ​បារម្ភ​នៃ​អំណោយ​ផល​ដល់​ការ​រីក​រាល​ដាល​នៃជំងឺ​ផ្តាសាយ​បក្សី​នេះ។

លោក​លើក​ឡើង​ថា​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​នឹង​ផ្តល់​នូវ​គោល​ការណ៍​មួយ​ចំនួន​សម្រាប់​ក្រុម​មន្ត្រី​ទាំង​ពីរ​ប្រទេស។

«យើង​រំពឹង​ថា​នឹង​ទទួល​បាន​អនុសាសន៍​មួយ​ចំនួន​ហើយ​យើង​សង្ឃឹម​ថា​រដ្ឋា​ភិបាល​នៃ​ប្រទេស​និមួយៗ​ចាត់ទុក​ថា​អនុសាសន៍​ទាំង​នោះមាន​សារៈសំខាន់​និង​ពួក​គេ​នឹង​អនុវត្ត​អនុសាសន៍​ទាំង​នេះ»។

មន្ត្រី​កម្ពុជាមិនអាចផ្តល់​សេចក្តី​អត្ថា​ធិប្បាយ​ណា​មួយ​ទេ​នៅ​ថ្ងៃ​នេះ៕
XS
SM
MD
LG