ចិនបាននិយាយថា ខ្លួនបានត្រួតត្រាអតីតស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅក្នុងទីក្រុងចេនឌូភាគនារតី នៅក្នុងការឆ្លើយតបការបិទស្ថានកុងស៊ុលរបស់ខ្លួនទៅវិញទៅមកនៅក្នុងទីក្រុង Houston រដ្ឋតិចសាសសហរដ្ឋអាមេរិក។
ក្រសួងការបរទេសចិនបានប្រកាសថា ស្ថានកុងស៊ុលនោះបានបិទទ្វារនៅម៉ោង១០ព្រឹកម៉ោងក្នុងស្រុក ជាពេលវេលាដែលពួកអាជ្ញាធរចិនបានបញ្ជាឱ្យបិទ ហើយមួយសន្ទុះក្រោយមក ទង់ជាតិសហរដ្ឋអាមេរិកបានត្រូវដាក់ចុះជាលើកទីមួយ។ ប៉ុន្មាននាទីក្រោយមក មន្រ្តីមួយក្រុមបានចូលក្នុងអាគារនោះហើយបានកាន់កាប់បរិវេណស្ថានកុងស៊ុលនោះ។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងប៉េកាំងបានលាស្ថានកុងស៊ុលចេនឌូនៅក្នុងការចុះផ្សាយវីដេអូនៅលើគណនី Twitter ដោយនិយាយថា «យើងនឹងនឹករឭកអ្នកជារៀងរហូត»។
មុនពេលបិទស្ថានកុងស៊ុលនោះ វត្តមានសន្តិសុខដ៏តឹងតែងនៅជុំវិញស្ថានកុងស៊ុលនោះកាលពីថ្ងៃអាទិត្យនៅពេលដែលពួកបុគ្គលិកបានប្រុងប្រៀបចាកចេញពីបរិវេណ ស្ថានកុងស៊ុលនោះ។
រថយន្តដឹកទំនិញធំៗចំនួន៣គ្រឿងបានត្រូវគេឃើញចូលក្នុងបរិវេណអាគារនោះ ខណៈដែលប៉ូលិសស្លៀកសម្លៀកបំពាក់ស៊ីវិលខ្លះ និងឯកសណ្ឋានខ្លះបានឈរនៅតាមចិញ្ចើមផ្លូវទាំងសងខាងតាមបណ្តោយលួសបន្លា។
ចិនបានចោទប្រកាន់ថា បុគ្គលិកស្ថានកុងស៊ុលអាមេរិកនៅឯក្រុងចេនឌូបានធ្វើសកម្មភាពមិនស្របតាមអង្គភាពរបស់ខ្លួន។
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា សកម្មភាពបែបនេះបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ហើយបានធ្វើឱ្យគ្រោះថ្នាក់ដល់ផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ ក៏ប៉ុន្តែ មិនបានផ្តល់សេចក្តីលម្អិតទេ។
បទបញ្ជារបស់ចិនឱ្យបិទស្ថានកុងស៊ុលក្នុងក្រុងចេនឌូបានចេញកាលពីថ្ងៃសុក្រសប្តាហ៍មុននៅក្នុងការសងសឹកការបញ្ជារបស់សហរដ្ឋអាមេរិកឱ្យបិទស្ថានកុងស៊ុលចិនក្នុងទីក្រុង Houston រដ្ឋតិចសាស៕