សមាជិកសភាអាមេរិកាំងម្នាក់រំពឹងថា ស្ថានការណ៍នយោបាយកម្ពុជា នឹងមានការផ្លាស់ប្តូរ នៅពេលពិភពលោកធ្វើការរួមគ្នា។ លោកថា ការធ្វើដូច្នោះ បានទាល់តែមានការគាំទ្រពីពលរដ្ឋខ្មែរ សហគមន៍ខ្មែរដើម្បីរួមគ្នាប្រាប់ពិភពលោកអំពីអ្វីដែលកំពុងកើតឡើងនៅកម្ពុជា ហើយត្រូវការផ្លាស់ប្តូរ។
សមាជិកសភាអាមេរិកាំងម្នាក់គឺលោក Alan Lowenthal បានអះអាងកាល ពីថ្ងៃអាទិត្យប្រាប់ពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនមកពីតាមបណ្តារដ្ឋនានា អំពីវិធានការទៅមុខជាបន្តបន្ទាប់ ដែលសភា និងរដ្ឋាភិបាលអាមេរិក និងសហគមន៍អន្តរជាតិត្រូវធ្វើចំពោះស្ថានការណ៍កម្ពុជា ដោយលោកបានសង្កត់ធ្ងន់ថា ស.រ.អា.និងពិភពលោកទាំងមូល ចាំបាច់ត្រូវរួមគ្នាដើម្បីធ្វើអន្តរាគមន៍ ឲ្យស្ថានការណ៍កម្ពុជាវិលទៅរកសភាពធម្មតាវិញ មានការបោះឆ្នោតដោយសេរី យុត្តិធម៌ និង មានការដោះលែងមេដឹកនាំជំទាស់។
«ដោយសារតែការចូលរួមពាក់ព័ន្ធរបស់លោកអ្នកទាំងអស់គ្នា ការចូលរួមជាមួយសហគមន៍ បានធ្វើឲ្យមានប្រតិបត្តិការពាសពេញពិភពលោកមួយបច្ចុប្បន្ននេះ ហើយយើងត្រូវតែយល់ថា ការផ្លាស់ប្តូរដ៏ពិតប្រាកដទាំងឡាយនោះនឹងកើតឡើងនៅពេលណា ដែលពិភពលោកធ្វើកិច្ចការរួមគ្នាដូច ដែលគេបានធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ រឿងនេះប្រហែលជា មិនដូចពេលធ្វើកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ តែយើងចាំបាច់ត្រូវឲ្យពិភពលោកងើបឡើងទាមទារការផ្លាស់ប្តូរអ្វីដែលកំពុងកើតឡើង។ ស.រ.អា.មិនអាចធ្វើកិច្ចការនេះម្នាក់ឯងបានទេ។ ដូច្នេះហើយបានជា ខ្ញុំនឹងសុំឲ្យមានការគាំទ្រពីពលរដ្ឋទាំងអស់គ្នា គាំទ្រពីសហគមន៍ គាំទ្រពីសកម្មជន គាំទ្រពីអង្គការសង្គមស៊ីវិល ។ សភាគឺ នឹងជាផ្នែកមួយនៃរឿងនេះ។ ហើយយើងចាំបាច់ត្រូវការធ្វើការរួមគ្នា ដើម្បីទាក់ទងទៅមិត្តរបស់យើងពាសពេញពិភពលោក ដើម្បីនិយាយប្រាប់គេថា យើងត្រូវធ្វើការរួមគ្នា ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ ត្រឹមត្រូវ»។
លោក Lowenthal នៃគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋកាលីហ្វ័រញ៉ា ដែលជា សហប្រធានក្រុមអ្នកតំណាងរាស្ត្រចម្រុះបក្សគិតពីបញ្ហាកម្ពុជា ហៅថា គណៈកម្មាធិការសភា ដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជាបានថ្លែងដូច្នេះ គឺសំដៅលើសហភាពអឺរ៉ុប ដែលបានរិះគន់រដ្ឋាភិបាលកម្ពុជាយ៉ាងធ្ងន់ធ្ងរផងដែរ និងប្រទេសជប៉ុន ដែលជាប្រទេសមានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្តល់ប្រាក់ជំនួយដល់កម្ពុជារាប់ពាន់លានដុល្លារស.រ.អា។ លោកបង្ហាញថា លោកមិនមែនកំពុងតែខិតខំដើម្បីធ្វើចលនាជាមួយសហគមន៍អន្តរជាតិប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យសភា និងរដ្ឋាភិបាលអាមេរិកនិយាយភាសារួមគ្នាតែមួយចំពោះស្ថានការណ៍កម្ពុជាផងដែរក្រៅពីរឿងទណ្ឌកម្ម និងការអនុម័តសេចក្តីសម្រេចនានាអំពីស្ថានការណ៍កម្ពុជាផងនោះ។
ការបោះឆ្នោតដោយសេរីដែលសហគមន៍អន្តរជាតិដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀតចង់បាននោះគឺ ការដែលត្រូវធ្វើឲ្យគណបក្សជំទាស់រស់ឡើងវិញ ហើយលោក កឹម សុខាប្រធានគណបក្សត្រូវបានដោះលែង រួមទាំងអ្នកទោសនយោបាយ និងមនសិការទាំងអស់ផ្សេងទៀត គួបផ្សំនឹងការរៀបចំការបោះឆ្នោតឲ្យមានលក្ខណៈសេរី និងយុត្តិធម៌ត្រឹមត្រូវ ការបញ្ឈប់ការយាយីក្រុមជំទាស់ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យ។
ថ្លែងក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យកញ្ញា កឹម មនោវិទ្យា ជាមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនៃអតីតគណបក្សសង្គ្រោះជាតិ និងជាវាគ្មិនម្នាក់ ដែលកំពុងដើរគៀងគររកការគាំទ្រពីក្រសួងការបរទេសអាមេរិក សេតវិមាន សភា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានអះអាងថា មានការដឹងឮពីស្ថានការណ៍នយោបាយកម្ពុជាច្រើន ហើយស.រ.អា ដែលធ្វើកិច្ចការយ៉ាងច្រើនសម្រាប់ស្ថានការណ៍កម្ពុជានោះ ក៏មានសេចក្តីថ្លែងការណ៍ពីគ្រប់ស្ថាប័នស.រ.អា.កំពូលទៀតផង ហើយស.រ.អា.ចង់ឃើញស្ថានការណ៍កម្ពុជាល្អប្រសើរឡើងវិញ ដើម្បីរួចផុតពីការដាក់ទណ្ឌកម្មនានា ដែលរដ្ឋាភិបាលកម្ពុជាគឺជា អ្នកទទួលខុសត្រូវ។
«អាមេរិកខ្លួនឯងគាត់ធ្វើបានធ្វើគ្រប់គ្រាន់ហើយ។ គាត់បាននឹងកំពុងធ្វើហើយ ប៉ុន្តែអ្វីដែលគាត់អាចធ្វើបានទៀត គាត់ទាមទារយកសំឡេងដទៃទៀត ប្រទេសដទៃទៀតដែលជាមិត្តគាត់ហ្នឹង ដើម្បីចូលធ្វើការជាមួយគាត់។ឧទាហរណ៍ សហភាពអឺរ៉ុប EU និងជប៉ុនជាដើម។ ហើយត្រង់ចំណុចហ្នឹងខ្ញុំចង់បញ្ជាក់ថា ខ្ញុំជឿថា នៅប៉ុន្មានថ្ងៃខាងមុខនេះ សហភាពអឺរ៉ុបនឹងមានជំហរដូចអាមេរិកអញ្ចឹងទាក់ទងទៅនឹងការដកជំនួយទៅលើការបោះឆ្នោតនៅប្រទេសកម្ពុជា»។
សេតវិមានបានចេញសេចក្តីថ្លែងការណ៍មិនទទួលស្គាល់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា និងព្រមានចាត់វិធានការបន្ថែមទៀតក្នុងស្ថានការណ៍ដែលគណបក្សជំទាស់មួយត្រូវរំលាយ និងមេដឹកនាំក្រុមជំទាស់នៅក្នុងពន្ធនាគារ រួមទាំងការរិតត្បិតអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យផងនោះ។ វិធានការទាំងនេះគឺ បន្ថែមពីលើការប្រកាសមិនផ្តល់ជំនួយក្នុងពេលបោះឆ្នោតជាតិឆ្នាំ ២០១៨ទៀតផង។
កញ្ញា កឹម មនោវិទ្យា បានថ្លែងថា ការកាត់ជំនួយនិង ការផ្តាច់ជំនួយយ៉ាងណាគឺ ស្រេចលើការវិនិច្ឆ័យរបស់ប្រទេសនានាទាំងអស់ ដែលគេបានដឹងរឿងពិតរបស់ប្រទេសកម្ពុជាពេល ដែលរដ្ឋាភិបាលកម្ពុជាមិនធ្វើតាមលក្ខខណ្ឌរបស់សហគមន៍អន្តរជាតិ តែការផ្តាច់ជំនួយនោះមិនមែនសម្រេចលើគណបក្សជំទាស់ទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានថ្លែងថា លោកមិនខ្លាចនឹងការមិនទទួលស្គាល់អំពីភាពស្របច្បាប់របស់រដ្ឋាភិបាលលោក ដែលកើតចេញពីការបោះឆ្នោតទេ ហើយលោកក៏មិនត្រូវការបរទេសទទួលស្គាល់ដែរ ក្រៅពីបញ្ជាក់ថា បើបរទេសកាត់ជំនួយ នោះគឺ មកពីគណបក្សប្រឆាំង។
«ហើយយកល្អអំពាវនាវឲ្យអាមេរិកកាត់ជំនួយទាំងអស់តែម្តង ព្រោះកាត់ទៅវាងាប់ អា NGOS (អង្គការសង្គមស៊ីវិល) នៅក្នុងស្រុកទាំងអស់ទៅ សម្លាប់កូនរបស់ឯងតែម្តងទៅ ស្អីឡើងកាត់ៗ កាត់ទៅ»។
ទោះជាយ៉ាងណាក៏ដោយក្រុមវាគ្មិន និងអ្នកចូលរួមនានា ដែលចូលរួមក្នុងវេទិកាមួយនៅក្នុងសង្កាត់ អាណាឌែល រដ្ឋ វីជីនៀ (Virginia ) ដែលរៀបចំដោយអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកាំងរបស់លោក ទូច វិបុល កាលពីថ្ងៃអាទិត្យ បានគាំទ្រឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ត្រឹមត្រូវ ការបញ្ចប់ការយាយីក្រុមជំទាស់ និងវិធានការបន្ថែមពីរដ្ឋាភិបាលស.រ.អា.។
លោក រ៉េន ហុង ពលរដ្ឋខ្មែរមកពីក្រុងហ្វីឡាឌែលហ្វីយ៉ា (Philadelphia) នៃរដ្ឋភេនស៊ីលវីនៀ (Pennsylvania) បានថ្លែងថា រដ្ឋាភិបាលត្រូវធ្វើតាមការចង់បានរបស់សហគមន៍អន្តរជាតិ និងពលរដ្ឋកម្ពុជា មុនសភាពការណ៍កាន់តែធ្លាក់ដុនដាប។
«ខ្ញុំសង្ឃឹមថាមានការជួបជុំគ្នានេះ ជាការល្អបំផុត ហើយសម្រាប់ប្រជាជនយើងទូទាំងពិភពលោក ឲ្យដឹងថា ខ្មែរយើងមានការក្រោកឈរ ឥឡូវ គឺក្រោកឈរពីរឿងការតស៊ូដើម្បីស្រុកទេសរបស់យើង»។
លោកបានបន្ថែមថា លោកមានការចាប់អារម្មណ៍នឹងការពិភាក្សាគ្នាអំពីការកាត់ជំនួយពីការគៀងគរអន្តរជាតិ ដើម្បីដាក់ការគាបសង្កត់ទៅលើរដ្ឋាភិបាលកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកក៏ព្រួយបារម្ភចំពោះប្រាក់ខែកម្មកររោងចក្រ និងមន្ត្រីរាជការផងដែរ បើអន្តរជាតិដាក់គំនាបខ្លាំងឡើងខាងសេដ្ឋកិច្ចមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញ។
ស្តី្រវ័យចំណាស់ម្នាក់មកពី រដ្ឋម៉ារីលែន (Maryland) ដែលបានចូលរួមស្តាប់ការពិភាក្សានយោបាយកម្ពុជា បានថ្លែងថាលោកស្រីគាំទ្រឲ្យមានអន្តរាគមន៍ពីអន្តរជាតិជាពិសេសរដ្ឋាភិបាលស.រ.អា.ដើម្បីធ្វើយ៉ាងណាឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ត្រឹមត្រូវ គ្មានការគៃបន្លំ ដើម្បីការផ្លាស់ប្តូរពិតប្រាកដក្នុងប្រទេសកម្ពុជា។
«អញ្ចឹងហើយខ្ញុំសុំឲ្យអាមេរិកាំងមេត្តាជួយឲ្យបានសន្តិភាពនៅក្នុងឆ្នាំ ២០១៨ហ្នឹង ឲ្យរាស្ត្រខ្មែរប្រជាពលរដ្ឋខ្មែរស្គាល់លទ្ធិប្រជាធិបតេយ្យពិតប្រាកដផង ព្រោះខ្មែររងទុក្ខវេទនាណាស់។ ៥០ឆ្នាំ ហើយដែលខ្ញុំរស់ក្រោមរបបកុម្មុយនិស្ត ដែលខ្ញុំទឹកភ្នែករាល់ថ្ងៃ ដែលខ្ញុំនិយាយអត់រួច និងធ្វើអីមិនកើត»។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ព្រះសង្ឃ ដែលតស៊ូមតិមួយអង្គ និងជាស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម បានចូលរួមក្នុងកិច្ចពិភាក្សាផងនោះ មានសង្ឃដីកាកោតសរសើរប្រជាពលរដ្ឋខ្មែរ ដែលមានសមានចិត្តផុសផុល និងមុតមាំទាំងក្នុង និងក្រៅប្រទេសចំពោះនយោបាយ។
«ហើយជាពិសេសរឿងដែលយើងឃើញប្លែកៗត្រង់ថា ពីដើមឡើយចលនានយោបាយផុសផុលតែក្នុងព្រះរាជាណាចក្រកម្ពុជាទេ តែឥឡូវនេះ ដោយសារ ស្ថានភាព ក្នុងព្រះរាជាណាចក្រកម្ពុជាចង្អៀត សម្រាប់ការតស៊ូនយោបាយ សម្រាប់ ប្រទេសជាតិ ឃើញអ្នកនៅខាងក្រៅប្រទេសហ្នឹងដឹកមុខល្អ ហើយអាត្មាកោតសរសើរ ដែលជនរួមជាតិខ្មែរយើងនៅឯនាយសមុទ្របានមានគំនិតផ្តួចផ្តើម ហើយជំរុញឲ្យស្ថានភាពដោះស្រាយបញ្ហានយោបាយនៅក្នុងស្រុកខ្មែរហ្នឹងបានល្អ។ នេះជាចំណុចពិសេស ហើយដែលញាតិញោមខ្មែរយើងមិនមែនធ្វើការ រវាងខ្មែរ និងខ្មែរទេ តែធ្វើការជាមួយនឹងសហគមន៍អន្តរជាតិ»។
ព្រះតេជព្រះគុណបានបន្ថែមដោយសង្ឃដីកាទៀតថា ព្រះអង្គពេញចិត្តនឹងការដាក់សំណើររបស់សហគមន៍អន្តរជាតិ និងមិនដាក់សម្ពាធ។ ព្រះតេជគុណមាន សង្ឃដីកា យោងទៅលើការចេញសេចក្តីសម្រេច សេចក្តីថ្លែងការណ៍កន្លងមក ពីស.រ.អា. សហភាពអឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ វាគ្មិនម្នាក់ទៀតមកពីអង្គការតាក់តែងគោលនយោបាយមួយក្នុងរដ្ឋធានី វ៉ាស៊ីនតោន គឺអង្គការ Heritage Foundation បានគាំទ្រ ដល់ការដាក់ ទណ្ឌកម្មរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងបុគ្គល ដែលធ្វើឲ្យអន្តរាយដល់ប្រជាធិបតេយ្យនិងគំរាមកំហែងដល់ការរីកចម្រើនដល់សរីរាង្គប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
«ហើយនៅពេលដែលសរីរាង្គសំខាន់ស្ថិតនៅក្រោមការគំរាមកំហែង នោះគឺជាសក្តានុពលមួយ ដែលប្រទេសកម្ពុជាអាចមានការបរាជ័យជាប្រព័ន្ធទាំងស្រុង ដែលប្រទេសនេះពិតជា គ្មានក្តីសង្ឃឹមថា នឹងមានដំណើរទៅមុខផ្នែកប្រជាធិបតេយ្យទេ»។
លោកស្រីបានថ្លែងថា អ្វីដែលអង្គការលោកស្រីប្រាថ្នាចង់ឃើញគឺ ការបង្កើតឡើងវិញនូវក្រុមស្នូលនៃប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងបារីសសំខាន់ៗនានាដើម្បីធ្វើទំនាក់ទំនង និងដោះស្រាយបញ្ហាកម្ពុជា៕