ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អាច​បន្ត​បេសកកម្ម​របស់​ខ្លួន


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរ​វត្ត​ នៅទីក្រុង​សៀមរាប​ នៅថ្ងៃទី២ ខែធ្នូ​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរ​វត្ត​ នៅទីក្រុង​សៀមរាប​ នៅថ្ងៃទី២ ខែធ្នូ​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ​នៅរសៀល​ថ្ងៃសៅរ៍​នេះ​ សម្រេច​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អាច​បន្ត​បេសកកម្ម​ខ្លួន​ ក្នុងការ​ការពារសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ លោក ​ហ៊ុន សែន​ ប្រកាស​ដំណឹង​តាម​រយៈ​ការឆ្លើយឆ្លង​នឹង​សារព័ត៌មាន​ Freshnews ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល ហើយស្របពេល​ដែល​ពិធីក្រុង​ពាលីនៃ​ការ​បួងសួងសុំ​សេចក្តី​សុខកំពុង​ប្រព្រឹត្ត​ឡើង​នៅ​ខេត្ត​សៀមរាប។

​សារព័ត៌មាន​នេះ​ បាន​បញ្ជាក់​បន្ថែមថា​ ​ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា​ ការសម្រច​ចិត្ត​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​រក​ឃើញ​ថា ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) «មិន​មាន​សកម្មភាព​ពាក់ព័ន្ធ​បញ្ហា​ល្មើស​ច្បាប់​នោះ​ទេ» ក្រោយ​ការ​ស៊ើប​អង្កេត។​

លោក​ស្រី ចក់​ សុភាព​ ប្រធានមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​បង្ហោះ​សារ​នៅ​លើគណនីបណ្តាញ​សង្គមហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ នៅល្ងាច​ថ្ងៃ​ដដែល​នេះ​ដោយ​បង្ហាញថា ការ​សេចក្តី​សម្រេច​ពី​រដ្ឋាភិបាល​ដែល​ធ្វើ​ឡើង​ក្រោយ​ការ​ស្រាវជ្រាវ​ទៅ​លើ​ផ្លូវច្បាប់​ពី​ក្រសួង​មហាផ្ទៃ ជា​ដំណឹង​ដ៏វិជ្ជមាន​សម្រាប់​ក្រុម​ការងារ​នៃ​អង្គការ​សង្គម​ស៊ីវិល​មួយ​នេះ។

លោក​ស្រី​ សរសេរ​ថា៖​ «​សេចក្ដី​សម្រេច​នេះ​ជាកត្តា​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​ របស់​មជ្ឈ​មណ្ឌល មាន​លទ្ធភាពបន្ត​ផ្ដោត​ការយក​ចិត្តទុកដាក់​របស់​ខ្លួន លើ​បេសកកម្ម​លើក​កម្ពស់​ការ​គោរព​ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។

មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​ CCHR ​បង្កើត​ឡើង​ក្នុង​ ២០០២​ ដោយ​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​រំលាយ​កាលពី​ជាង​ពីរ​សប្តាហ៍មុន ជាស្ថាបនិក​ និងអតីត​ប្រធាននៃ​មជ្ឈមណ្ឌល​នេះ។ ក្នុងរយៈពេល​ ១៥ ឆ្នាំ​កន្លង​មក​ មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា​ CCHR​ កសាង​ធនធាន​មនុស្ស ដោយ​ការ​បណ្តុះបណ្តាល​ចំណេះ​ដឹង​ និង​សមត្ថិភាព​ផ្នែកច្បាប់ និង​ការតស៊ូ​មតិ​ ដើម្បី​បុព្វហេតុ​ការ​ការពារ​សិទ្ធិមនុស្ស​ ស្របតាម​គោលការណ៍​លិទ្ធិប្រជាធិបតេយ្យ៕

XS
SM
MD
LG