ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើច្បាប់ថវិកាបណ្ដោះអាសន្នមួយដើម្បីបើករដ្ឋាភិបាលឲ្យដំណើរការឡើងវិញ ដើម្បីបញ្ចប់នូវការបិទរដ្ឋាភិបាលមួយផ្នែកអស់រយៈពេល ៣ ថ្ងៃកន្លងមក ដែលការបិទរដ្ឋាភិបាលនេះ មួយផ្នែកបណ្ដាលមកពីការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរលើបញ្ហាអន្តោប្រវេសន៍។
កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ សមាជិករដ្ឋសភាអាមេរិកបានបោះឆ្នោតដើម្បីអនុម័តច្បាប់ថវិកាបណ្ដោះអាសន្ននេះ បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តរួចមកកាលពីរសៀលថ្ងៃច័ន្ទដដែលនេះ។
ច្បាប់ថវិកាបណ្ដោះអាសន្ននេះនឹងបន្តផ្គត់ផ្គង់ការចំណាយរបស់រដ្ឋាភិបាលរហូតដល់ថ្ងៃទី ៨ ខែកុម្ភៈខាងមុខនេះ ដើម្បីទុកពេលឲ្យសភាធ្វើការពិភាក្សាលើច្បាប់ថវិការយពេលវែង។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Ohio លោក Sherrod Brown បានប្រាប់អ្នកសារព័ត៌មានថា៖ «នេះជាដំណឹងល្អសម្រាប់សហរដ្ឋអាមេរិក»។
រីឯសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Maine លោកស្រី Susan Collins វិញ បាននិយាយថា៖ «ថ្ងៃនេះជាថ្ងៃដែលយើងត្រូវអបអរសាទរ។ នៅពេលដែលរដ្ឋាភិបាលត្រូវបិទដំណើរការ នោះវាបង្ហាញអំពីការបរាជ័យក្នុងការគ្រប់គ្រង»។
លោកប្រធានាធិបតី Trump បាននិយាយនៅក្នុងសេចក្ដីប្រកាសមួយដែលអានដោយអ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huckabee Sanders ថា៖ «ខ្ញុំសប្បាយចិត្តដែលសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យមានសុភវិនិច្ឆ័យឡើងវិញ និងមានឆន្ទៈក្នុងការអនុម័តច្បាប់ថវិកាដើម្បីចំណាយដល់យោធាដ៏អស្ចារ្យរបស់យើង និងការគ្រប់គ្រងព្រំដែនជាដើម»៕