ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រុស្ស៊ី​ថា នៅ​ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោក Blinken លោក Lavrov ជំរុញ​ឲ្យ​មាន «កិច្ច​សន្ទនា​តាម​ហេតុការណ៍​ជាក់ស្ដែង»


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov ចាប់ដៃ​គ្នា មុន​ចូលរួម​ក្នុងកិច្ចប្រជុំ​មួយ​
នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ (Photo by Alex Brandon / POOL / AFP)
រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken (ឆ្វេង) និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov ចាប់ដៃ​គ្នា មុន​ចូលរួម​ក្នុងកិច្ចប្រជុំ​មួយ​ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ (Photo by Alex Brandon / POOL / AFP)

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov បាន​ថ្លែង​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ជំរុញ​ឲ្យ​មាន «កិច្ច​សន្ទនា​តាម​ហេតុការណ៍​ជាក់ស្ដែង» ស្របពេល​ដែល​ក្រុម​បស្ចិម​ប្រទេស​ចង់​ឲ្យ​មាន​ភាព​ធូរស្រាល​ទាក់ទិន​នឹង​ភាព​តានតឹង​នៃ​បញ្ហា​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «លោក Lavrov បាន​សង្កត់​ធ្ងន់​អំពី​ភាព​ដែល​មិន​អាច​ទទួល​យក​បាន​នៃ​វោហារសាស្ត្រ​បែប​គឃ្លើន​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​សហរដ្ឋ​អាមេរិក ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សន្ទនា​តាម​ហេតុការណ៍​ជាក់ស្ដែង​លើ​បញ្ហា​ទាំងមូល​ដែល​រុស្ស៊ី​បាន​លើកឡើង»។

លោក Lavrov ក៏​បាន​សង្កត់ធ្ងន់​ផងដែរ​ថា វា​ជា​ការ​ចាំបាច់​ក្នុង​ការ​បន្ដ «ធ្វើការ​រួមគ្នា»។

បណ្ដា​មេដឹកនាំ​ក្រុម​បស្ចិម​ប្រទេស​បាន​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ពួកគេ​បាន​មើល​ឃើញ​សញ្ញាណ​វិជ្ជមាន​ដែល​បង្ហាញ​ថា រុស្ស៊ី​កំពុង​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​បញ្ហា​អ៊ុយក្រែន បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ប្រកាស​ថា ខ្លួន​បាន​ដកចេញ​នូវ​កងកម្លាំង​របស់​ខ្លួន​មួយ​ចំនួន​ដែល​បាន​ដាក់ពង្រាយ​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG