ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Putin ថា រុស្ស៊ី «ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើការ​បន្ថែម​ទៀត» ជាមួយ​ក្រុម​បស្ចិម​ប្រទេស​រឿង​សន្ដិសុខ


រូបឯកសារ៖ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​បារាំង លោក Emmanuel Macron ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ (AP)

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​បន្ដ​ធ្វើការ​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​លើ​បញ្ហា​សន្ដិសុខ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​បញ្ហា​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Putin បាន​បញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ក្នុង​ទីក្រុង​មូស្គូ​រួច​មក ថា៖ «យើង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើ​ការ​បន្ថែម​ទៀត​ជាមួយ​គ្នា។ យើង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចរចា»។

លោក Putin ថ្លែង​ថា «ពិតណាស់» រុស្ស៊ី​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នោះ​ទេ។ ប៉ុន្តែ​រុស្ស៊ី«មិន​អាច​បិទ​ភ្នែក» ធ្វើ​មិន​អើពើ​នឹង​អ្វី​ដែល​សហរដ្ឋ​អាមេរិក​និង​អង្គការ​អូតង់ (NATO) «បកស្រាយ​ដោយ​សេរី» អំពី​គោលការណ៍​ស្ដីពី​ភាព​មិន​អាច​បំបែក​បាន​នៃ​សន្ដិសុខ​នោះឡើយ ដែល​គោលការណ៍​នោះ​លើកឡើង​ថា គ្មាន​ប្រទេស​ណា​មួយ​គួរ​ពង្រឹង​សន្ដិសុខ​របស់​ខ្លួន​ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ដទៃ​ទៀត​នោះទេ។

ជំនួប​របស់​លោក Scholz ជាមួយ​នឹង​លោក Putin នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​លោក Scholz បាន​ជួប​ប្រជុំ​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky នៅ​ក្នុង​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ប្រទេស​នេះ។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ដែរ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​បញ្ជាក់​អំពី​ការ​ដក​កងកម្លាំង​មួយ​ចំនួន​ចេញ​ពី​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​ថា វិធានការ​នេះ​ត្រូវ​បាន​គ្រោង​ទុក​ជាមុន​រួច​មក​ហើយ និង​បាន​សង្កត់​ធ្ងន់​ថា រុស្ស៊ី​នឹង​បន្ដ​ចល័ត​កងកម្លាំង​នៅ​ទូទាំង​ប្រទេស បើ​ខ្លួន​យល់​ថា​ចាំបាច់។

ក្រុម​បស្ចិម​ប្រទេស​បាន​បង្ហាញ​ក្ដី​បារម្ភ​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មក​ហើយ​អំពី​ការ​បង្កើន​កងកម្លាំង​របស់​រុស្ស៊ី​នៅ​ជាប់​ព្រំដែន​ប្រទេស​អ៊ុយក្រែន និង​អំពី​លទ្ធភាព​ដែល​រុស្ស៊ី​អាច​លុកលុយ​អ៊ុយក្រែន៕

XS
SM
MD
LG