របាយការណ៍ដែលបានត្រូវបោះពុម្ពផ្សាយកាលពីថ្ងៃសុក្របង្ហាញថាអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគអាមេរិកាំងមានសុទិដ្ឋិនិយមច្រើនជាងមុននៅពេលដែលអតិផរណាបានកើនឡើងបន្តិចពីកម្រិតទាបបំផុត។
ទិន្នន័យបានមកពីការស្ទង់មតិក្រុមអ្នកប្រើប្រាស់គ្រឿងឧបភោគបរិភោគដោយសាកលវិទ្យាល័យ Michigan បង្ហាញថាពួកគេបានត្រូវលើកទឹកចិត្តដោយមានការងារធ្វើច្រើនជាងមុនហើយសាំងក៏ចុះថ្លៃដែរ។
កាលពីពេលថ្មីៗនេះ តម្លៃថាមពលទាំងនេះបានកើនឡើងបន្តិចហើយការណ៍នេះនាំឱ្យក្រសួងការងារវាស់វែងអតិផរណានៅកម្រិតលក់ដុំថាមានកំណើនកន្លះភាគរយដែលជាល្បឿនលឿនបំផុតក្នុងរយៈពេលជិតបីឆ្នាំ។ ក្រៅពីផ្នែកម្ហូបអាហារនិងថាមពល អតិផរណាបានកើនឡើង៦ភាគ១០នៃមួយភាគរយលើសពីឆ្នាំទៅមិញ។
សេចក្តីរាយការណ៍ទាំងនេះជាផ្នែកនៃទិន្នន័យដែលក្រុមមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលស.រ.អា.នឹងពិចារណានៅសប្តាហ៍ក្រោយនៅពេលពួកគេជជែកដេញដោលគ្នាអំពីនៅពេលណាពួកគេនឹងដំឡើងអត្រាការប្រាក់គោលរបស់ប្រទេសហើយនិងដំឡើងប៉ុន្មានភាគរយ។
ក្រុមសេដ្ឋវិទូនៅឯធានាគារ PNC និយាយថាអតិផរណាបន្តិចបន្តួចនៅពេលសព្វថ្ងៃនេះជាហេតុផលមួយក្នុងបណ្តាហេតុផលមួយចំនួនដែលធានាគារកណ្តាលស.រ.អា.មិនទំនងជានឹងបង្កើនអត្រាការប្រាក់ទេរហូតដល់ខែកញ្ញា៕