ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ឡើង​ថ្លៃ​ប្រេងធ្វើ​ឲ្យ​មាន​អតិផរណា​ម្ហូបអាហារ​អាស៊ី


កសិករ​ Bob Hogan នៅ​ភាគ​កណ្តាល​រដ្ឋ​ Illinois ស.រ.អ ឡើង​លើ​យាន​​ច្រូត​បោក​របស់​គាត់​​ក្នុង​ពេល​ច្រូត​​សណ្តែក​សៀង​នៅ​ភូមិ Pawnee នៅ​ថ្ងៃ​ទី​៧​ខែ​តុលា​​ឆ្នាំ​២០១០។
កសិករ​ Bob Hogan នៅ​ភាគ​កណ្តាល​រដ្ឋ​ Illinois ស.រ.អ ឡើង​លើ​យាន​​ច្រូត​បោក​របស់​គាត់​​ក្នុង​ពេល​ច្រូត​​សណ្តែក​សៀង​នៅ​ភូមិ Pawnee នៅ​ថ្ងៃ​ទី​៧​ខែ​តុលា​​ឆ្នាំ​២០១០។

តម្លៃ​ប្រេង​សកល​បាន​ឡើង​កប់​ពពក​នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដែល​ជា​ការ​ឆ្លើយតប​ទៅ​នឹង​អសិ្ថរភាព​នយោបាយ​នៅ​តំបន់​មជ្ឈឹម​បូព៌ា ​និង​អាហ្វ្រិក​ខាង​ជើង។ ​សេដ្ឋ​វិទូ​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី​បារម្ភ​ថា​ តម្លៃ​ប្រេង​នឹង​ធ្វើ​ឲ្យ​អតិផរណាតម្លៃ​ម្ហូប​អាហារ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ។

សេដ្ឋកិច្ច​អាស៊ី​ដែល​ពឹង​ផ្អែក​លើការ​នាំ​ចេញ​ និង​ការ​នាំ​ចូល​ប្រេង​នឹង​ប្រឈមទល់​នឹង​អតិផរណា​ខ្ពស់​ជាង​មុន​ ខណៈ​ដែល​តម្លៃ​ប្រេង​សកល​ឡើង​ដល់​១០០​ដុល្លារ​ក្នុង​មួយ​បារ៉ែល។

លោក​អាយនុល ហាសាន (Aynul Hasan) គឺ​ជា​សេដ្ឋវិទូ​ជាន់​ខ្ពស់​ម្នាក់​នៅ​គណៈ​កម្មការ​សង្គម ​និង​សេដ្ឋកិច្ច​របស់​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វ៊ិក។ ​លោក​មាន​ប្រសាសន៍​ថា​ តម្លៃ​ប្រេង​ នាពេល​នេះ​ អាស្រ័យ​លើភាព​ចលាចល​ផ្នែក​នយោបាយ​នៅ​តំបន់​មជ្ឈឹម​បូព៌ា។​ លោក​បន្ត​ថា៖

«តម្លៃ​ប្រេង​ខ្ពស់​គឺ​អាស្រ័យ​ថា​ តើ​បញ្ហា​នឹង​ត្រូវ​ដោះស្រាយ​បាន​រហ័ស​ប៉ុណ្ណា?​ ច្បាស់​ណាស់​ថា​ នៅ​ក្នុង​ស្ថានភាព​មិន​ជាក់​លាក់​នេះ​នឹង​មាន​ការ​បង្អាក់​ក្នុង​រយៈ​ពេល​ខ្លី​មួយ។​ ប្រទេស​មួយ​ចំនួន​មាន​ស្តុក​ប្រេង​បម្រុង​ដែល​អាច​បន្ត​បាន​រយៈ​ពេល​ពីរបី​សប្តាហ៍។ ​ប៉ុន្តែ​បើ​សិន​ជា​បញ្ហា​នឹង​បន្ត​យូរ​ជាង​នេះ​ ​ ពេល​នោះ​ពិត​ជា​មាន​ផល​ប៉ះពាល់។ ​សង្ឃឹម​ថា​ វា​នឹង​មិនមាន​រឿងដូច្នេះ​ទៅ​ចុះ»។

លោក​ហាសាន​មាន​ប្រសាសន៍​ថា​ តម្លៃ​ប្រេង​អាច​នឹង​បង្កើន​តម្លៃ​ម្ហូប​អាហារ​យ៉ាង​លឿន​ ដែល​បណ្តាល​មក​ពី​ដំណាំ​ឲ្យ​ផល​មិន​ល្អ​នៅ​ក្នុង​តំបន់ជា​ច្រើន និង​តម្រូវការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន។

ធនាគារ​ពិភព​លោក​បាន​ព្រមាន​ថា​ តម្លៃ​ម្ហូប​អាហារឡើង​ខ្ពស់​ ដែល​បង្ក​គ្រោះ​ថា្នក់នេះ​ ទំនង​ជា​នឹង​បន្ត​ឡើង​ថ្លៃ​ទៀត។ ​តម្លៃ​ខ្ពស់​អាហារ​ឡើងថ្លៃ​កំពុង​មាន​ផល​ប៉ះពាល់​ដល់​មនុស្ស​ក្រីក្រ​រាប់​លាន​នាក់​នៅ​អាស៊ី​ស្រេច​ទៅ​ហើយ។ ​សេដ្ឋវិទូ​ទាំង​ឡាយ​នៃ​ធនាគារ​ពិភពលោក ​និងគណៈ​កម្មការ​សង្គម​ និង​សេដ្ឋកិច្ច​របស់​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​ ព្យាករណ៍​ថា​ មាន​មនុស្ស​ច្រើន​ថែម​ទៀត​នឹង​ធ្លាក់​ខ្លួន​ក្រ​ ដោយសារ​តែតម្លៃ​ម្ហូប​អាហារ​ឡើង​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ។

លោក​ស៊ុផាវុដ សៃឈឿ​ សេដ្ឋវិទូ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ផាត្រា សិខ្ជួរីធី (Phatra Securities) ដែលសម្រប​សម្រួល​ផ្សារ​ភាគហ៊ុន​ថៃ​ មាន​ប្រសាសន៍​ថា​ កំណើន​សេដ្ឋកិច្ច​អាស៊ី​ ដែល​ពឹង​ផ្អែក​ភាគច្រើន​ទៅ​លើ​ការ​នាំ​ចេញ​នោះ​ នឹង​ងាយ​រងផល​ប៉ះពាល់​ពី​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ដ៏​គំហុក​នេះ។ លោក​បន្ត​ថា៖

«ប្រសិន​បើតម្លៃ​ប្រេង​ខ្ពស់​គឺជា​ការ​រន្ធត់ផ្នែក​ផ្គត់ផ្គង់ដ៏​ចម្បង​ ពីព្រោះតែ​ការ​ព្រួយ​បារម្ភ​អំពី​ប្រទេស​លីប៊ី​ និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត​មិន​អាច​ផលិត​ប្រេង​បាន​ នោះ​គឺជា​ការ​មិន​ល្អ​ទេ​ ពីព្រោះ​ប្រសិន​បើមាន​ការ​បន្ថយ​ផលិត​កម្ម​ប្រេងទូទាំង​សកល​ ហើយ​តម្លៃ​ប្រេង​ខ្ពស់​នោះ​ វា​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ថៃ​ និង​តំបន់​ទាំង​មូល»។

ប្រទេស​ភាគ​ច្រើន​នៅ​អាស៊ី​នាំប្រេងចូលទាំង​ស្រុង។ ​ប្រទេស​ទាំង​នោះ​រួមមាន​ប្រទេសចិន​ដែល​ជា​ប្រទេសផលិត​សម្ភារៈ​ឧស្សាហ​កម្មដែល​ប្រើ​ថាម​ពល​ច្រើន។

នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០០៧​ ឧស្សាហ​កម្ម​អាកាសចរណ៍​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​តម្លៃ​ប្រេង​ឡើងខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ គឺ​ឡើងដល់​១៤៧​ដុល្លារ​ក្នុង​មួយ​បារ៉ែល។ ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងនៃសេដ្ឋកិច្ច​សកលនៅឆ្នាំ​២០០៨​បាននាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​ចរាចរណ៍​អ្នក​ធ្វើ​ដំណើរ​ និង​ធ្វើ​ឲ្យ​ឧស្សាហ​កម្ម​នេះ​ខាត​បង់​បន្ថែម​ទៀត។ ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​អ្នក​វិនិយោគ​ខ្លាច​ផល​ចំណេញ​នៃ​វិស័យ​អាកាសចរណ៍​អាច​នឹង​ធ្លាក់​ចុះ​ម្តង​ទៀត​ក្នុង​ពេល​ឆាប់ៗ។

លោក​ស៊ុផាវុដ​និយាយ​ថា​ ​អនាគត​ទីផ្សារ​ប្រេង​រំពឹង​ថា​ នឹង​មាន​ភាព​មិន​ច្បាស់​លាស់​រយៈពេល​យ៉ាង​ហោច​ណាស់​៦​ខែ​ ទើប​ទី​ផ្សារ​ត្រឡប់​ទៅ​រក​ភាព​ដើម​វិញ។

តម្រូវការ​ប្រេង​ក្នុង​ពិភពលោក​ឡើង​ដល់​ប្រហែល​៩០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ហើយ​ប្រទេស​លីប៊ី​ផ្តល់​ប្រហែល​មួ​យ​លាន​បារ៉ែល។

តម្លៃ​ម្ហូប​អាហារ​ខ្ពស់​ជាង​មុន ​គួបផ្សំ​និង​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាប់​យ៉ឺន​ ​បាន​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​សំណាក់​អ្នក​ប្រឆាំង​តវ៉ា​នៅ​ពាស​ពេញ​មជ្ឈឹម​បូព៌ា។ ​នៅ​អាស៊ី​បូព៌ា​ រដ្ឋាភិបាល​ជា​ច្រើន​កំពុង​តាម​ដាន​អតិផរណា​ ហើយ​បាន​ចាត់​វិធានការ​ ដូច​ជា​បង្កើន​អត្រា​ការ​ប្រាក់​ និង​បន្ថយ​លំហូរ​ទុន​ដើម្បីបន្ទាប​អតិផរណា៕

ប្រែ​សម្រួល​ដោយ អ៊ឹម សុធារិទ្ធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG