ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហ​ប្រជាជាតិ​បារម្ភ​អំពី​អតិផរណា​នៅ​អាស៊ី


បុគ្គលិក​ធនាគារVietinbank រាប់​ប្រាក់​ដុល្លារ​អាមេរិកាំង​នៅ​កន្លែង​ប្តូរ​រូបិយវត្ថុនៃ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ នៅក្នុងទី​ក្រុង​ហាណូយ​ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១។
បុគ្គលិក​ធនាគារVietinbank រាប់​ប្រាក់​ដុល្លារ​អាមេរិកាំង​នៅ​កន្លែង​ប្តូរ​រូបិយវត្ថុនៃ​មជ្ឈមណ្ឌល​សន្និបាត​ជាតិ នៅក្នុងទី​ក្រុង​ហាណូយ​ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១១។

ការស្ទង់​មតិ​សេដ្ឋកិច្ច​មួយ​របស់​ អង្គការ​សហ​ប្រជាជាតិ​ ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ ឲ្យដឹង​ថា​ តំបន់​នោះ​ឥឡូវនេះ​ជា​អ្នក​នាំមុខគេ​នៃ​ការលូតលាស់​សេដ្ឋកិច្ច​សាកល​ ដែល​កំពុង​បន្ត​ការរើប​ឡើងវិញ​ដ៏ខ្លាំង​ពី​ឆ្នាំ​មុន។​ ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៃ​ អសប​ ព្រមានថា​ការឡើងថ្លៃ​ប្រេង​និង​ម្ហូបអាហារ​ គំរាម​កំហែង​ជាពិសេស​ដល់​អ្នកក្រីក្រ​ច្រើន​លាននាក់​របស់​តំបន់។

ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​របស់​ អសប​ និយាយថា​ ទោះបី​ទ្វីប​អាស៊ី​មាន​ការ​លូតលាស់​នៃតំបន់​ដ៏ខ្លាំងក្លា​ជាបន្ត​ក៏ដោយ​ ក៏នៅ​តែ​មាន​ការភ័យខ្លាច​អំពី​ការកើន​អតិផរណា​តាម​រយៈ​តម្លៃ​ម្ហូបអាហា​និង​ប្រេង​ដែរ។

ការ​ស្ទង់មតិ​ប្រចាំ​ឆ្នាំ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច​របស់​ អសប​ ប្រចាំ​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ហៅកាត់ថា​ UNESCAP​ ទាយទុក​មុន​នូវ​ការ លូតលាស់​ដែល​មាន​ច្រើន​ជាង​៧​ភាគរយ​ ចំពោះ​សេដ្ឋកិច្ច​សំខាន់ៗ​កំពុង​អភិវឌ្ឍន៍​ នៅ​ពាសពេញ​តំបន់។​ ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​និយាយ​ថា​ សេដ្ឋកិច្ច​កំពុង​រីកចំរើន​របស់​ប្រទេស​ឥណ្ឌា​និង​ឥណ្ឌូនេស៊ី​ នាំមុខគេ​នៅ​ទ្វីបអាស៊ី​នោះ​ ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ «ការប្រើប្រាស់​និង​ការដាក់ទុន​ធ្វើ​វិនិយោគ​ខ្លាំង» របស់​ពួកគេ។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវ​បាន​ទាយ​ទុក​មុន​ថា​នឹង​លូតលាស់​ច្រើនជាង​៩ភាគរយ​ ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ដើម្បី​ប្តូរ​សេដ្ឋកិច្ច​ឲ្យ​ទៅ​ជា​មាន​ការប្រើប្រាស់​ក្នុង​ស្រុក​ច្រើន​ជាង​មុន។

លោក​ Nagesh Kumar​ នាយក​នៃក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​របស់​UNESCAP​ ថ្លែងថា​ក្រុម​អ្នកព្យាករ​បរទេស​ដែល​ចាប់​អារម្មណ៍​ចំពោះ​អត្រា​លូតលាស់​ខ្ពស់​របស់​ទ្វីបអាស៊ី​នោះ​ ជាអ្នក​នាំ​ឲ្យមាន​អតិផរណា​ខ្ពស់។​ ការ​ហូរចូល​ទុន​បរទេស​ បាននាំ​មក​នូវ​ការធ្វើ​វិនិយោគ​ហួស​ប្រមាណ​នៅ​ក្នុង​តំបន់​ ដូចជា​ដីធ្លី​ ផ្ទះសម្បែង​នោះ​ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ដីធ្លី​មាន​តម្លៃ​ខ្ពស់​គួរ​ភ័យខ្លាច។​ លោក​ Kumar​ និយាយ​ថា​ ការភ័យខ្លាច​ធំបំផុត​នោះ​ គឺ​ជា​ការត្រឡប់​មក​វិញ នូវ​វិបត្តិ​ ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ​ ដែល​បាន​កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០០៨។​ សេចក្តី​រាយការណ៍​និយាយ​ថា​តម្លៃ​ម្ហូបអាហារ​បាន​ឡើងថ្លៃ​ដល់ទៅ​៣៥​ភាគរយ​នៅ​ប្រទេស​ជាច្រើន។ លោក​ Kumar​ មាន​ប្រសាសន៍​ថា៖

«វិបត្តិ​ចម្បង​...វិបត្តិ​ដ៏ធំ​នោះ​គឺថា​តំបន់​អាស៊ី​កំពុង​ប្រឈម​ កំពុង​កើត​មាន​ឡើង​ដោយសារ​សម្ពាធ​ដែល​មាន​ទំនោរ​ទៅ​រក​អតិផរណា​ ដែល​ត្រូវបាន​ជម្រុញ​ភាគច្រើន​ ដោយការ​ឡើងថ្លៃ​ខ្ពស់​ខ្លាំង​នៃ​តម្លៃ​ម្ហូបអាហារ​និង​ប្រេង​ ចាប់តាំង​ពី​ខែ​សីហា​ឆ្នាំ​២០១០​មក។​ យើង​រក​ឃើញ​ថា​ ប្រសិន​បើ​ប្រេង​បន្ត​ឡើង​ថ្លៃ​នោះ​ វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​នៅ​ក្នុង​តំបន់​ នៅពេល​អនាគត​ជិត​ដល់​ទៅ​មួយ​ភាគរយ»។

ការ​ស្ទង់​មតិ​ព្រមានថា​ តម្លៃ​ម្ហូប​និង​តម្លៃ​ប្រេងខ្ពស់​ អាច​មាន​ន័យថា​ មនុស្ស​ចំនួន​៤២លាន​នាក់​បន្ថែម​ទៀត​នៅ​ពាសពេញ​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ស្ថិត​នៅ​ក្នុង​ភាពក្រីក្រ​ ពីលើ​ចំនួន​១៩​លាន​នាក់​ដែល​បាន​ប៉ះពាល់​នៅ​ក្នុង​ឆ្នាំ​២០១០។

នៅ​ពាស​ពេញ​តំបន់​ មាន​មនុស្ស​ច្រើនជាង​៩៥០លាន​នាក់​ដែល​រស់នៅ​ដោយ​មាន​ប្រាក់​ចំណូល​ក្នុង​មួយថ្ងៃ​ តិច​ជាង​មួយដុល្លារ​២៥​សេន។​ សេចក្តី​រាយការណ៍​ឲ្យដឹងថា​ការចាយវាយ​រីក​ធំ​ឡើង​តាម​រយៈ​ប្រាក់ខែ​ខ្ពស់​ កាលៈទេសៈ​នៃ​ការងារ​ប្រសើរ​ និង​កម្មវិធី​ការពារ​សង្គម​ដែល​រីក​ធំ​ឡើង​នោះ​ គឺ​ត្រូវ ចាំបាច់​ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​ការ​លូតលាស់​ក្នុង​ស្រុក។

សេចក្តី​រាយការណ៍​ក៏​ប៉ាន់តម្លៃ​លើ​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​ផងដែរ​ បន្ទាប់​ពី​មាន​ការរញ្ជួយ​ផែនដី​និង​ព្យុះ​រលក​សមុទ្រ​យក្ស​ ស៊ូណាមី​ នៅថ្ងៃ​ទី១១​ខែមីនា​មក។

ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​របស់​UNESCAP​ និយាយថា​នៅពេល​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​ប្រឈម​នឹង​ភាព​មិន​ពិត​ប្រាកដ​ ចំនួន​ខូចបង់​សេដ្ឋកិច្ច​នៃ​ការ​រញ្ជួយ​ផែនដី​នឹង​មាន​រយៈពេល​ខ្លី​ជា​មួយ​នឹង​ការ​លើកស្ទួយ​ ពី​កិច្ចប្រឹងប្រែង​ទាំងឡាយ​នៃ​ការកសាង​ឡើងវិញ​ ជា​បន្ទាប់មក។

ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​របស់​ អសប​ ក៏បាន​អំពាវនាវ​ផងដែរ​ដល់​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ពិភពលោក​ ឲ្យជួយ​ដល់​ស្ថានការណ៍​នៅក្នុង​តំបន់​អាស៊ី ដោយ​បំពេញ​មុខងារ​យ៉ាង​ម៉ឺងម៉ាត់​ដើម្បីបង្អន់​តម្លៃ​ម្ហូប​និង​ប្រេង​ដែល​ឡើង​ខ្ពស់​ខ្លាំង។ ក្រុម​អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច​បាន​ផ្តល់​យោបល់​ឲ្យមាន​ការ​ត្រួត​ពិនិត្យ​ទីផ្សារ​ទំនិញ ដើម្បី​កាត់​បន្ថយ​ការ​រកស៊ី​ទស្សន៍ទាយ​លើ​ទីផ្សារ ​និង​ដើម្បី​ធ្វើ​ឲ្យមាន​វិន័យ​ដល់​ក្រុម​ឧស្សាហកម្ម​ទាំងឡាយ​ ដែល​យក​ម្ហូបអាហារ​ទៅធ្វើ​ជា​ជីវ​ប្រេង​ឥន្ធនៈ។

ប្រែ​សម្រួល​ដោយ នុច សារីតា

XS
SM
MD
LG