ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ចិន​បញ្ចុះ​ការព្យាករណ៍​ការរីក​លូតលាស់​សេដ្ឋកិច្ច​ដើម្បី​ទប់ស្កាត់​អតិផរណា​និង​ការបំពុល​បរិស្ថាន

  • Peter Simpson

ជន​ជាតិ​ចិន​អ្នក​រក​ការងារ​ធ្វើ ​ឆែក​មើល​ការ​ផ្សាយ​រក​បុគ្គលិក​ធ្វើ​ការ​​ នៅ​ពិព័រណ៍​ការ​ងារ​​នៅ​ទី​ក្រុង​ Hefei​ នៅ​ថ្ងៃ​ទី​២៦​កុម្ភ:​ឆ្នាំ​២០១១។​

ទីក្រុង​ប៉េកាំង៖ លោកវ៉េន ជាបាវ (Wen Jiabao)​ នាយក​រដ្ឋមន្រ្តី​ចិន​បានបញ្ចុះ​គោលដៅ​នៃ​ការ​រីកលូតលាស់​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ហើយ​បាន​ប្រកាស​ថា​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​ទី២ ​របស់​ពិភពលោក​មិនអាច​អនុវត្ត​ការពង្រីក​សេដ្ឋកិច្ច​គ្មានចីរភាព​ដោយ​ងងឹត​ទៀត​ទេ។

នាយក​រដ្ឋមន្រ្តី ​Wen Jiabao ​នៃ​ប្រទេស​ចិន​បាន​ប្រើប្រាស់​នាទី​សំណួរ​និងចម្លើយ​តាម​ប្រព័ន្ធអ៊ីនថឺណិត​ប្រចាំឆ្នាំ​របស់​លោក​ជាមួយ​សាធារណជន​ដើម្បីបញ្ចេញ​ឲ្យឃើញ​ថា​ចិន​កំពុង​បញ្ចុះ​ការព្យាករណ៍​ការរីកលូតលាស់​សេដ្ឋកិច្ច​របស់​ខ្លួន។

លោក​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​កំពុង​កាត់បន្ថយ​ការរំពឹង​នៃ​ការរីកលូតលាស់​របស់​ខ្លួន​ពី​៧,៥​ភាគរយ​ទៅ​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ នៅ​ក្នុង​ការខិតខំ​ប្រឹងប្រែងដើម្បី​ទប់ស្កាត់​ការឡើងថ្លៃ​យ៉ាងខ្លាំង ជា​ពិសេស​តម្លៃ​ម្ហូប​អាហារ​និង​ផ្ទះ​សម្បែង។

ហើយ​ លោក​និយាយ​ទៀត​ថា​ចិន​ត្រូវតែ​ផ្លាស់ប្តូរ​គំរូ​សេដ្ឋកិច្ច​របស់​ខ្លួន​ ​ហើយ​ក្លាយ​ជា​ប្រទេស​មួយ​ដែល​ទ្រទ្រង់​ខ្លួន​ឯង​កាន់តែ​ខ្លាំង​ឡើង​ដោយ​ការបង្កើន​ការប្រើប្រាស់​ទំនិញ​ក្នុង​ប្រទេស។

លោកក៏​និយាយ​ដែរ​ថា​ ​ប្រទេស​ចិន​ត្រូវតែ​កាត់បន្ថយ​ការពឹងផ្អែក​លើ​ការនាំចេញ​និង​ការវិនិយោគ។

«លោក​ Wen ​និយាយ​ថា​ការផ្លាស់​ប្តូរ​អត្រា​ការរីកលូតលាស់​នឹង​បង្កើន​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការរីកលូតលាស់​សេដ្ឋកិច្ច​ ​ពីព្រោះ​ចិន ​មិនអាច​អនុវត្ត​ការពង្រីក​ដែល​មិន​មាន​ចីរភាពដ៏​ងងឹត​ងងល់​ទៀត​ឡើយ»។

លោក​ក៏​និយាយ​ដែរ​ថា​ចិន​លែង​លះបង់​បរិដ្ឋាន​តទៅទៀត​ហើយ ដើម្បី​អ្វី​ដែល​លោក​ពណ៌នា​ថា​ការអភិវឌ្ឍ​ដ៏​ឆាប់​រហ័ស​និង​មិន​ប្រយ័ត្ន​ប្រយែង។

ការបន្ទាប​ការព្យាករណ៍​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​និមិត្តរូប​ ​ពីព្រោះ​តែចិន​មាន​អត្រា​រីកលូតលាស់​លើស​ក្នុង​រយៈពេល​៦​ឆ្នាំ​កន្លង​មក​នេះ។

ការរីក​លូតលាស់​បាន​ឡើង​ដល់​១០,៣​ភាគរយ​កាលពី​ឆ្នាំ​ទៅ​ ដោយ​ធ្វើឲ្យ​ចិន​ក្លាយ​ជា​ប្រទេស​មួយ​មាន​ការរីក​លូតលាស់​សេដ្ឋកិច្ច​ដ៏​លឿន​សំខាន់​បំផុត​ក្នុង​ពិភពលោក។

ក៏ប៉ុន្តែ​ អតិផរណាមាន​នៅ​ជិត​៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​តម្លៃ​ម្ហូប​អាហារ​បាន​កើន​ឡើង​១០​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ហើយ​ការណ៍​នេះ​កំពុង​ប៉ះពាល់​ដល់​ពលរដ្ឋ​រាប់​រយ​លាន​នាក់៕

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG