ស្ត្រីជនជាតិវៀតណាមម្នាក់ដែលគេចោទពីបទសម្លាប់បងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងនឹងត្រូវដោះលែងពីពន្ធនាគារប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣ខែឧសភា។ នេះបើតាមមេធាវីរបស់ស្ត្រីរូបនេះដែលបានឲ្យដឹងកាលពីថ្ងៃសៅរ៍។
អ្នកស្រី Doan Thi Huong អាយុ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ជាមួយស្ត្រីឥណ្ឌូណេស៊ីពីបទបំពុលលោក Kim Jong Nam ដោយប៉ាតសារធាតុគីមីលើមុខរបស់លោកនៅអាកាសយានដ្ឋានគូឡាឡាំពួកាលពីខែកុម្ភៈឆ្នាំ២០១៧។ រដ្ឋអាជ្ញាម៉ាឡេស៊ីបានទម្លាក់ចោលការចោទប្រកាន់លើអ្នកស្រី Huong កាលពីដើមខែនេះ បន្ទាប់ពីអ្នកស្រីបានទទួលកំហុសពីបទធ្វើបង្កគ្រោះថ្នាក់។
អ្នកស្រីត្រូវបានកាត់ទោសឱ្យជាប់គុកជាងបីឆ្នាំ ប៉ុន្តែទោសនេះត្រូវបានកាត់បន្ថយ ព្រោះច្បាប់ម៉ាឡេស៊ីអនុញ្ញាតឱ្យបន្ថយទោសមួយភាគបីនៃទោសជាប់ពន្ធនាគារ។
លោក Salim Bashir មេធាវីរបស់អ្នកស្រី Huong បានប្រាប់ Reuters ថា លោកស្រី Huong ដែលគេរំពឹងថា នឹងត្រូវបានដោះលែងនៅថ្ងៃទី៤ ខែឧសភា នឹងត្រូវដោះលែងមួយថ្ងៃមុនពេលកំណត់ ព្រោះថ្ងៃកំណត់ដោះលែងចំថ្ងៃចុងសប្តាហ៍។ សហចុងចោទរបស់អ្នកស្រី Huong គឺអ្នកស្រី Siti Aisyah ត្រូវបានដោះលែងកាលពីខែមីនា បន្ទាប់ពីរដ្ឋអាជ្ញាទម្លាក់ការចោទប្រកាន់ប្រឆាំងអ្នកស្រី។
មន្ត្រីកូរ៉េខាងត្បូង និងមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា របបកូរ៉េខាងជើងបានបញ្ជាឱ្យធ្វើឃាតលោក Kim Jong Nam ដែលរិះគន់ការគ្រប់គ្រងដោយវង្សត្រកូលរបស់លោក។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នេះ។ មេធាវីការពារក្តីបានអះអាងថា ស្ត្រីទាំងនោះគឺជាកូនអុកនៅក្នុងការធ្វើឃាតដែលរៀបចំឡើងដោយភ្នាក់ងារកូរ៉េខាងជើង។
ស្ត្រីទាំងនោះបាននិយាយថា ពួកគេគិតថា គេចូលរួមកម្មវិធីធ្វើឲ្យភ្ញាក់ផ្អើលហើយមិនដឹងថាពួកគេកំពុងពុលលោក Kim Jong Nam ទេ។ បុរសជនជាតិកូរ៉េខាងជើងបួននាក់ក៏ត្រូវបានចោទប្រកាន់ផងដែរ ប៉ុន្តែពួកគេបានចាកចេញពីប្រទេសម៉ាឡេស៊ីជាច្រើនម៉ោង បន្ទាប់ពីការធ្វើឃាត។ ប្រទេសម៉ាឡេស៊ីបានរងការរិះគន់ចំពោះការចោទប្រកាន់ស្ត្រីទាំងពីរនាក់ពីបទមនុស្សឃាត ដែលអាចមានទោសប្រហារជីវិតនៅក្នុងប្រទេសនេះ នៅពេលជនល្មើសសំខាន់មិនទាន់ចាប់បាននៅឡើយ៕