ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់បឹង Chad Basin


រូបឯកសារ៖ អគ្គនាយក​អង្គការFAO​ លោកJose​ Graziano da Silva​។
រូបឯកសារ៖ អគ្គនាយក​អង្គការFAO​ លោកJose​ Graziano da Silva​។

អង្គការ FAO​ ទីភ្នាក់ងារ​​អង្គការ​សហប្រជាជាតិ​ និង​ស្ថាប័ន​មនុស្ស​ធម៌​​ផ្សេងៗ​ទៀត​ កំពុង​អំពាវនាវ​សុំ​ការ​គាំទ្រ​ពី​សំណាក់​អន្តរជាតិ​ជាបន្ទាន់។ ការគាំទ្រ​ទាំងនោះ​ រួម​មាន​ជំនួយ​ស្បៀង​អាហារ​ជាបន្ទាន់​ និង​ជំនួយ​ក្នុង​ការផលិត​អាហារ។

ប្រធាន​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា FAO​ ថ្មីៗ​នេះ​បាន​វិល​ត្រឡប់​ពី​បឹង​ Chad Basin​ នៃ​ទ្វិប​អាហ្រ្វិក​ ដែល​ជា​កន្លែង​នៃ​ការរីករាលដាល​វិបត្តិ​មនុស្ស​ធម៌​ និង​កំពុង​គំរាមកំហែង​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា។ លោក​ប្រធាន​បាន​បន្ទោស​ថា ជម្លោះ​ កង្វះ​ខាត​ការយកចិត្ត​ទុកដាក់​ជាច្រើន​ឆ្នាំ​ និង​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ទុរភិក្ស​ និង​ភាពក្រីក្រ​នៅ​ទី​នោះ។

អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ ហៅ​កាត់​ថា FAO ​ព្យាករណ៍​ថា​ នឹង​មាន​មនុស្ស​ប្រមាណ​៧លាន​នាក់​ ប្រឈម​នឹង​គ្រោះ​ទុរភិក្ស​ធ្ងន់ធ្ងរ​នៅ​បឹង​ Chad Basin​ ដែល​រួមមាន​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​នីហ្សេរីយ៉ា​កាមេរូន​ ឆាដ​ និង​នីហ្សេ​ផងដែរ។ ហើយ​មាន​ប្រជាជន​ប្រមាណ ៥ ម៉ឺន​នាក់​ កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ទុរភិក្ស​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា។

អគ្គនាយក​អង្គការFAO​ លោកJose​ Graziano da Silva​ និយាយ​ថា​ ជម្លោះ​ និង​អំពើ​ហិង្សា​បង្ក​ឡើង​ពី​ការ​លុកលុយ​របស់​ក្រុម​ ​Boko Haram​ គឺជា​មូលហេតុ​ចម្បង។ ប៉ុន្តែ​លោក​និយាយ​ថា ​ដូចគ្នា​នេះ​ដែរ «ការ​ធ្លាក់ចុះ​គុណភាព​បរិស្ថាន​ និង​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ ដូចជា​គ្រោះ​រាំងស្ងួត ក៏​ជា​មូលហេតុ​ចម្បង​ផង​ដែរ»។ បឹង​ Chad​ កំពុង​តែ​រលាយបាត់​បន្តិចម្តងៗ​ហើយ។

«គេអាច​និយាយ​បានថា បឹង​ Chad គឺ​ជា​ប្រភព​ទឹក​ចម្បង​សម្រាប់​តំបន់​នេះ។ ដូច្នេះ​យើង​ពិតជា​ព្រួយ​បារម្ភ​ណាស់។ ចាប់ផ្តើម​ពី​ឆ្នាំ១៩៦៣​ បឹង​នេះ​មាន​ទំហំ​ប្រមាណ​២២.០០០​គីឡូម៉ែត្រ​កា​រេ។ ហើយ​នៅ​ឆ្នាំ២០០៧​ វា​មានទំហំ​តែ​៣០០​គីឡូម៉ែត្រ​កា​រេតែ​ប៉ុណ្ណោះ។ ពី​២២.០០០​គីឡូម៉ែត្រ​ការេ​សល់​ត្រឹម​តែ​៣០០​គីឡូម៉ែត្រ​ការេ​ប៉ុណ្ណោះ‍»។

លោក​និយាយ​ថា​ នេះ​ជា​«ការ​បាត់បង់​៩០ភាគរយ​នៃ​ម៉ាស​ទឹក»​ ហើយ​លោក​បាន​ព្រមាន​ថា​ វា​នឹង​នៅសល់​តិច​ជាង​នេះ​ក្នុង​រយៈពេល​១០ឆ្នាំ​ខាង​មុខ។

«ប្រាកដ​ណាស់​ ចំនួន​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​បឹង​នេះ​ បាន​កើន​ឡើង​យ៉ាង​ច្រើន​ គឺ​ដោយសារជម្លោះ​ក្នុង​តំបន់​នានា​ ដូចជា​តំបន់​ Sahel​ ប៉ុន្តែ​ក៏​ដោយសារ​តែ​បឹង​នេះ​ជា​ប្រភព​ទឹក​តែមួយ​គត់​សម្រាប់​នេសាទ​និង​ប្រព័ន្ធ​ធារាសាស្រ្ត ដែល​ពួកយើង​មាន​នៅក្នុង​តំបន់​ទាំងអស់​នេះ​ដែរ។ ហើយ​ការប្រើប្រាស់​ទឹក​សម្រាប់​ប្រព័ន្ធ​ធារាសាស្រ្ត​បាន​កើន​ឡើង​កាល​ពី​ឆ្នាំ​មុន ដែល​នេះ​បាន​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង‍»។

អង្គការ FAO​ ទីភ្នាក់ងារអង្គការ​សហប្រជាជាតិ​ និង​ស្ថាប័ន​មនុស្ស​ធម៌ផ្សេងៗ​ទៀត​ កំពុង​អំពាវនាវ​សុំ​ការ​គាំទ្រ​ពី​សំណាក់​អន្តរជាតិ​ជាបន្ទាន់។ ការគាំទ្រ​ទាំងនោះ​ រួម​មាន​ជំនួយ​ស្បៀង​អាហារ​ជាបន្ទាន់​ និង​ជំនួយ​ក្នុង​ការផលិត​អាហារ។

«នេះ​មិនមែន​គ្រាន់តែ​ជា​វិបត្តិ​មនុស្ស​ធម៌​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​វិបត្តិ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​អាច​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាជន​ទាំង​នោះ​នៅ​ថ្ងៃ​អនាគត​ដែរ។ យើង​ត្រូវ​តែ​ចាត់​វិធានការ​ជា​បន្ទាន់‍»។

លោក​ Graziano da Silva​ និយាយ​ថា​ ប្រសិនបើ​កសិករ​នៅក្នុង​តំបន់​នេះ​មាន​ការ​ខកខាន​នៅ​រដូវ​ដាំដុះ​នៅ​ខែ​ឧសភា​ឬ​មិថុនា​ នោះ​នឹង​មិន​មាន​ទិន្នផល​ជាដុំ​កំភួន​សម្រាប់​ពួក​គេ​រហូត​ដល់​ឆ្នាំ​បន្ទាប់​។

លោក​និយាយថា​ អ្វី​ដែល​តំបន់​បឹង​ Chad Basin ​ខ្វះខាត​គឺ​ការអភិវឌ្ឍ​ជនបទ​ ហើយ​វា​ជា​ហេតុ​បង្ក​ឲ្យ​មាន​ភាព​ក្រីក្រ។ លោក​បាន​បន្ត​ថា​ នេះ​ជា​ស្ថានភាព​មួយ​ ដែល​គេអាច​ឃើញ​នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​ទ្វីប​នេះ។

«អ្នក​អាច​ស្រមើល​ស្រមៃ​ពី​តំបន់​មួយ​ ដែល​ត្រូវ​បាន​បោះបង់​ចោលទាំងស្រុង។ ​គ្មាន​ការ​វិនិយោគ​ទុនអ្វី​ទាល់តែ​សោះ។ ហើយ​គ្មាន​វត្តមាន​ពីរដ្ឋាភិបាល​កណ្តាល។ ដូច្នេះ វា​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជម្លោះ​នៅតែ​បន្ត។ វា​ជា​ជម្លោះ​មួយ​ ជា​សង្រ្គាម​មួយ ដូច​ខ្ញុំ​បាននិយាយ​អញ្ចឹងថា ​ជា​សង្គ្រាម​ប្រឆាំង​នឹង​ការអត់ឃ្លាន​ និង​ភាព​ក្រីក្រ​ក្នុង​តំបន់​ជនបទ​នៃ​ទ្វីប​អាហ្វ្រិក‍»។

អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម​ និង​អង្គការ​ផ្សេងៗ​ទៀត​កំពុង​ធ្វើការ​ជាមួយ​កសិករ​និង​ជន​ផ្លាស់ប្ដូរ​ទីលំនៅ ដើម្បី​ផលិត​អាហារ​និង​យក​ទិន្នផល​ដែល​លើស​ទៅ​លក់​នៅ​ទីផ្សារ។ ពួកគេ​ក៏​កំពុង​ពិចារណា​ពី​បច្ចេកទេស​ធារាសាស្ត្រ​ដើម្បី​សន្សំសំចៃ​ទឹក​ផងដែរ។
លោក​ Graziano da Silva​ និយាយថា​ ជម្លោះ​នេះ​ «មិនអាច​ដោះស្រាយ​ដោយ​ប្រើ​អាវុធ​តែ​មួយ​មុខ​នោះ​ទេ» ហើយ​លោក​បាន​បន្ថែម​ថា​«សន្តិភាព​ជា​លក្ខខណ្ឌ​ចាំបាច់​មុន​នឹង​អាច​ដោះស្រាយ​វិបត្តិ​នេះ​បាន»៕

ប្រែសម្រួលដោយ វិញ សុជាតា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG