លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបនិយាយប្រាប់អ្នកយកព័ត៌មានថា ស.រ.អា អង់គ្លេសនិងប្រទេសផ្សេងទៀតមិនបានផ្តល់ព័ត៌មានសម្ងាត់អំពីយន្តហោះអ្នកដំណើររបស់រុស្ស៊ីធ្លាក់កាលពីសប្តាហ៍មុននោះ មកឲ្យប្រទេសអេហ្ស៊ីបទេ។
លោក Shoukry និយាយដូច្នេះប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគែរ ដោយលោកត្អូញត្អែរថា ផ្នែកស៊ើបការណ៍បរទេសបានបង្ហាញអំពីព័ត៌មាន ដែលអាចជាព័ត៌មានពិតដែលថា មានការផ្ទុះគ្រាប់បែកនៅលើយន្តហោះនោះ តែព័ត៌មាននេះមិនត្រូវបានចែករំលែកមកឲ្យផ្នែកស៊ើបការណ៍សម្ងាត់របស់ប្រទេសអេហ្ស៊ីបទេ រហូតមកដល់ពេលនេះ។ តែលោកមិនបាននិយាយឲ្យបានជាក់លាក់ថា តើថ្ងៃណា ឬម៉ោងណាទេ។
លោក Shoukry និយាយថា ប្រទេសអេហ្ស៊ីបរំពឹងថា ព័ត៌មានបច្ចេកទេសប្រើដោយរដ្ឋាភិបាលលោកខាងលិចគួរតែត្រូវបានចែករំលែកជាមួយរដ្ឋាភិបាលក្រុងគែរ។ បណ្តាញព័ត៌មានបារាំងបានរាយការណ៍ថា ប្រអប់ខ្មៅដែលគេរកឃើញនៅក្នុងបំណែកយន្តហោះនោះ បង្ហាញថា គ្រាប់បែកបានបណ្តាលឲ្យយន្តហោះនោះធ្លាក់នៅប្រទេសអេហ្ស៊ីបកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សទាំងអស់២២៤នាក់។ បណ្តាញទូរទស្សន៍បារាំង France 2 និងទីភ្នាក់ងារព័ត៌មានបារាំង ផ្សាយព័ត៌មាននេះ ដោយបានដកស្រង់សម្តីរបស់ប្រភពដែលស្និទ្ធនឹងការស៊ើបអង្កេតករណីយន្តហោះធ្លាក់នេះ។
ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា អ្នកស៊ើបអង្កេតបានឲ្យដឹងថា ម៉ាស៊ីនថត ទិន្នន័យយន្តហោះ និងម៉ាស៊ីនថតកន្លែងអាកាសយានិកបើកបរ បង្ហាញថា អ្វីៗមានភាពប្រក្រតីនៅលើយន្តហោះរុស្ស៊ី Metrojet នោះ។ ក្នុងការហោះហើរ២៤នាទីដំបូង យន្តហោះនោះមិនមានបញ្ហាអ្វីទាំងអស់។ ភ្លាមនោះស្រាប់តែឮសំឡេងផ្ទុះយ៉ាងខ្លាំង ហើយក៏ស្ងាត់។ សំឡេងនេះនាំឲ្យគេសន្និដ្ឋានថា ជាការផ្ទុះគ្រាប់បែក។ លោកបារ៉ាក់អូបាម៉ា ប្រធានាធិបតីស.រ.អា.និងលោក David Cameron នាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយថា យន្តហោះនោះធ្លាក់ប្រហែលដោយសារការផ្ទុះគ្រាប់បែក៕