ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី ៖ ការគាំទ្រ​​ស៊ីរី​គឺ​មិន​មែន​មាន​ន័យថា​គាំ​ទ្រលោក Assad នៅ​កាន់​អំនាច


រូប​ឯកសារ ៖ ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ក្នុង​ជំនួប​មួយ​នៅ​វិមាន​ក្រឹមឡាំង ប្រទេស​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​តុលា​ ឆ្នាំ​២០១៥។​

អាជ្ញាធរ​វិមាន​ក្រឹមឡាំង​ គឺ​ជា​អ្នក​គាំទ្រ​ដ៏​ខ្លាំង​មួយ​ក្នុង​បណ្តា​ក្រុម​អ្នក​គាំទ្រ​ប្រធានាធិបតី​ស៊ីរី Bashar al-Assad ក៏​ប៉ុន្តែ​ស្ត្រី​ជា​អ្នកនាំ​ពាក្យ​ប្រទេស​រុស្ស៊ី​ម្នាក់​បាន​និយាយ​ថា​ គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ ជា​គោលការណ៍​ គឺ​មិន​មែន​អាស្រ័យ​លើ​លោក​ Assad ដែល​កំពុង​ស្ថិត​នៅ​ក្នុង​អំណាច​ត​ទៅ​ទៀត​ទេ។​

អ្នកស្រី​ Maria Zakharova អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ីបាន​និយាយ​ប្រាប់​វិទ្យុ Ehko Moskvy កាល​ពី​ថ្ងៃ​អង្គារ​ថា​ «យើង​មិន​ដែល​និយាយ​ថា​ ការ​ដែល​លោក​ Assad ស្ថិត​នៅ​ក្នុង​អំណាច​ជា​ទិដ្ឋភាព​ប្រកប​ដោយ​គោលការណ៍​មួយ» របស់​គោល​នយោបាយ​រុស្ស៊ី​អំពី​ប្រទេស​ស៊ីរី​ទេ។​

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នកស្រី​បាន​និយាយ​បង្ហាញ​ហេតុផល​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​គំនិត​អំពី​ការ​ប្តូរ​របប​គ្រប់គ្រង។​ ​ក្រុម​ប្រឆាំង​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ Assad អស់​ជាង​បី​ឆ្នាំ​មក​ហើយ​នោះ​ បាន​ទាមទារ​ឱ្យ​មាន​ការ​ប្តូរ​របប​គ្រប់គ្រង​ ដែល​អ្នកស្រី​ Zakharova បាន​និយាយ​ថា​ មិន​មែន​ជា​ចម្លើយ​ដល់​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ទេ។​

​អ្នកស្រី​ Zakharova បាន​និយាយ​ថា​ ការប្តូរ​របប​គ្រប់គ្រង​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ពេល​នេះ​អាច​ក្លាយ​ទៅ​ជា​ «មហន្តរាយ​ក្នុង​តំបន់​» មួយ ​ដោយ​ធ្វើ​ឱ្យ​ផល​ប៉ះពាល់​ដោយសារ​សង្គ្រាម​ស៊ីវិល​នេះ​មាន​ភាព​ធ្ងន់ធ្ងរថែមទៀត។

ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក​ សង្គ្រាម​ស៊ីវិល​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​២​សែន​នាក់​ស្លាប់​ ហើយ​មាន​មនុស្ស​រាប់​លាន​នាក់​ទៀត​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ដោយ​បាន​ក្លាយ​ទៅ​ជា​ជន​ភៀស​ខ្លួន។​

ទីភ្នាក់ងារ​សារព័ត៌មាន​ Tass បាន​ផ្សាយ​ថា​ស្ត្រី​អ្នកនាំ​ពាក្យ​រូប​នេះ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ព្រមាន​ថា​ប្រទេស​ស៊ីរី​អាច​ក្លាយ​ទៅ​ជា​«មហន្តរាយ​សាកល​មួយ៕»​

XS
SM
MD
LG