ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​នឹង​បើក​កិច្ចប្រជុំ​ចំនួន​៤​ខណៈ​ដែល​លោក​ត្រាំ​ទន្ទឹង​រង់ចាំ​ទស្សនកិច្ច​ទៅ​កាន់​ប៉េកាំង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ប្រនាធិបតី​ចិន ស៊ី ជីងពីង កំពុង​ដើរ​ជាមួយ​គ្នា​ក្រោយ​ពេល​ជួប​ប្រជុំ​នៅ​ Mar-a-Lago នៅរដ្ឋ Florida កាល​ពី​សប្តាហ៍​មុន។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក​ប្រនាធិបតី​ចិន ស៊ី ជីងពីង កំពុង​ដើរ​ជាមួយ​គ្នា​ក្រោយ​ពេល​ជួប​ប្រជុំ​នៅ​ Mar-a-Lago នៅរដ្ឋ Florida កាល​ពី​សប្តាហ៍​មុន។

សហរដ្ឋ​អាមេរិក​និង​ចិន​នឹង​រៀបចំ​កិច្ចប្រជុំ​ចំនួន​៤​ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​នេះ នៅ​ក្នុង​ទស្សនកិច្ច​ដែល​មាន​គោល​បំណង​ពង្រឹង​សហប្រតិបត្តិការ​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​នៅ​ឧប​ទ្វីប​កូរ៉េ។

នៅ​ក្នុង​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង កាល​ពី​ថ្ងៃ​អាទិត្យ លោក​ប្រធានាធិបតី ត្រាំ​ បាន​និយាយ​ថា​ លោក​«ទន្ទឹង​រង់ចាំ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ចិន‍»។ នេះ​បើ​យោង​តាម​ការ​ស្រង់​សម្តីមួយ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​ចិន។ ​

កិច្ចខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​ដក​សព្វាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ និង​ដោះស្រាយ​ការ​គំរាមកំហែង​ពី​កម្មវិធី​មីស៊ីល​ និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​របៀប​វារៈ​កំពូល​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក ត្រាំ​ ទៅ​កាន់​ប្រទេស​ចិន។

សេតវិមាន​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ «លោក​ប្រធានាធិបតី ត្រាំ ក្នុង​អំឡុង​ពេល​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន ស៊ី​ បាន​រិះគន់​ទៅ​លើ​ការ​បន្ត​សកម្មភាព​បង្ក​រឿង​របស់​កូរ៉េខាងជើង​ និង​បាន​សង្កត់​ធ្ងន់​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ កំពុង​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​ស្ថិរភាព‍»។ ​
មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា​នៅ​រមណីយដ្ឋាន ​Mar-a-Largo ​កាល​ពី​ដើម​ខែ​នេះ៕

XS
SM
MD
LG