នាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបានធ្វើដំណើរទៅដល់ឧបទ្វីបកូរ៉េនោះ បានចូលរួមធ្វើសមយុទ្ធជាមួយនឹងនាវាពិឃាដជប៉ុនពីរគ្រឿង។
នាវាចម្បាំងប្រទេសទាំងពីរបានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៅថ្ងៃអាទិត្យនេះ នៅក្នុងតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក។
កងនាវាចម្បាំងនៃនាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិក USS Carl Vinson ដែលក្នុងនោះមានដូចជា នាវាល្បាតបញ្ជាគ្រាប់មីស៊ីល និងនាវាពិឃាដបញ្ជាគ្រាប់មីស៊ីល ត្រូវបានលោកប្រធានាធិបតី Donald Trump បង្វែទិសដៅចេញពីការធ្វើដំណើររបស់កងនាវានេះពីប្រទេសអូស្ត្រាលី ដោយសារតែភាពតានតឹងបានកើនឡើងនៅឧបទ្វីបកូរ៉េ ទាក់ទងនឹងការសាកល្បងគ្រាប់ផ្លោងមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
មិនទាន់មានព័ត៌មានច្បាស់ការណ៍ភ្លាមៗណា បញ្ជាក់ថាតើនាវាពិឃាដជប៉ុនទាំងពីរគ្រឿងនេះ នឹងធ្វើសមយុទ្ធជាមួយនឹងកងនាវាចម្បាំងសហរដ្ឋអាមេរិក បានរយៈពេលយូរប៉ុណ្ណានោះទេ។
ទាហានជើងទឹកសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការធ្វើសមយុទ្ធរួមគ្នានេះ គឺជាការធ្វើសមយុទ្ធជាប្រចាំដូចរាល់ដង ដែលធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការឆ្លើយតបរួមគ្នានៅដែនសមុទ្រ បង្កើនសមត្ថភាពការពាររបស់ខ្លួន និងបង្កើនភាពស្ទាត់ជំនាញនៃការធ្វើសមយុទ្ធរួមគ្នានេះ។
កូរ៉េខាងជើងនៅតែធ្វើការសាកល្បងគ្រាប់ផ្លោងមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន នាពេលកន្លងមក ទោះបីជាអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មប្រឆាំងនឹងខ្លួនក៏ដោយ។
ចំណែកឯលោក Trump បានសច្ចាថា នឹងរារាំងកូរ៉េខាងជើងមិនឲ្យមានលទ្ធភាពវាយប្រហារសហរដ្ឋអាមេរិក ដោយគ្រាប់មីស៊ីលនុយក្លេអ៊ែរនោះទេ ហើយក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងចាត់វិធានការគ្រប់បែបយ៉ាងទាំងអស់ ដែលក្នុងនោះមានទាំងការវាយប្រហារដោយយោធាផងដែរ ដើម្បីរារាំងកូរ៉េខាងជើង៕