ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

និស្សិត​ចិន​នៅ​មហាវិទ្យាល័យត្រូវ​គេ​បង្ខំ​ឲ្យស៊ើបការ​ណ៍ពីសហរដ្ឋ​អាមេរិក


រូបឯកសារ៖ និស្សិតពីប្រទេសចិនចូលរួមក្នុងពិធីបើកបវេសនកាលនៅមហាវិទ្យាល័យ University of Texas នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។
រូបឯកសារ៖ និស្សិតពីប្រទេសចិនចូលរួមក្នុងពិធីបើកបវេសនកាលនៅមហាវិទ្យាល័យ University of Texas នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥។

លោក​ Mark Warner អនុប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា ​បាន​ប្រាប់​ពួក​អ្នក​ស្តាប់​នៅឯ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការបរទេស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា «​ករណី​នៃ​ការ​ស៊ើបការណ៍ប្រឆាំង​នៅ​ក្នុង​ប្រទេស​របស់​យើង​ឥឡូវនេះ ភាគច្រើន​ទាក់ទិន​នឹង​ជន​ជាតិ​ចិន»។

​សមាជិក​សភាសំខាន់​ៗ​របស់​សហរដ្ឋ​អាមេរិកនិយាយថា ​ក្រុម​គ្រួសារ​ជនជាតិចិន​បាន​ត្រូវ​គេ​ប្រាប់​ថា ​ពួកគេនឹង​មាន​គ្រោះ​ថ្នាក់ ​ប្រសិនបើនិស្សិត​របស់​ពួកគេ​មិន​លួច​កម្មសិទ្ធ​បញ្ញា​នោះ​ទេ។​

និសិ្សតចិន​ ដែល​សិក្សា​នៅសាកល​វិទ្យាល័យ​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​រង​សម្ពាធ​ឲ្យ​ធ្វើ​ជាមនុស្ស​ដែល​ត្រូវ​បាន​គេ​ប្រើ​នៅ​ក្នុង​សង្គ្រាម​ចារកម្ម​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​កំពុង​ធ្វើ​ឡើង​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។

ការចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​សមា​ជិក​សភា​សំខាន់​ម្នាក់​របស់​សហរដ្ឋ​អាមេរិក​ដែលកើ​តមាន​ឡើង​នៅពេល​ដែល​មន្រ្តី​សន្តិសុខ​និងការ​ពារ​ប្រទេស ​កំពុង​សម្តែង​នូវការ​ព្រួយ​កង្វល់​កាន់​តែ​ខ្លាំង​ឡើង​ពី​ការ​ខំ​ប្រឹងប្រែង​របស់​ចិន​ ដើម្បីយក​ប្រយោជន៍​ខាង​ការ​ស្រាវជ្រាវ​និងបច្ចេកវិទ្យា​របស់​ប្រទេស​លោក​ខាង​លិច។

​លោក​ Mark Warner អនុប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​ព្រឹទ្ធ​សភា ​បាន​ប្រាប់​ពួក​អ្នក​ស្តាប់​នៅឯ​ក្រុម​ប្រឹក្សា​ទំនាក់​ទំនង​ការបរទេស​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា «​ករណី​នៃ​ការ​ស៊ើបការណ៍ប្រឆាំង​នៅ​ក្នុង​ប្រទេស​របស់​យើង​ឥឡូវនេះ ភាគច្រើន​ទាក់ទិន​នឹង​ជន​ជាតិ​ចិន»។

លោកបាន​និយាយ​ទៀត​ថា៖ «ក្រសួង​ចារកម្ម​ចិនកំពុង​គំរាម​កំហែងក្រុម​គ្រួ​សារ​ចិន។​ ប្រសិន​បើលោក ​អ្នកមាន​កូន​ប្រុស​ ឬ​កូនស្រី​ ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក ​ដោយ​មិន​យក​កម្មសិទ្ធិ​បញ្ញាមកជាមួយ ក្រុម​គ្រួសារ​លោក​អ្នកនឹងមាន​គ្រោះ​ថ្នាក់»។

​លោក Warner មិនមែន​ជា​មន្រ្តី​មុនដំបូង​ដែល​លើក​ឡើង​ពីការ​ព្រួយ​កង្វល់​អំពី​និស្សិត​ចិនក្នុង​សហរដ្ឋ​អាមេរិក​ទេ។​ កាល​ពី​ខែ​មេសា​កន្លងទៅ​នេះ លោក Christopher Wray នាយក​ការិយាល័យ​ស៊ើប​ការណ៍​សម្ងាត់​សហព័ន្ធ (FBI) បាន​ព្រមាន​ថា ក្រុម​ស៊ើបការណ៍​របស់​ចិនបាន​ប្រើ «វិធីទាក់​ទិន​សង្គម»​ ដើម្បី​លួចការ​ស្រាវជ្រាវ​និង​បច្ចេក​វិទ្យា​ជឿនលឿន​ជា​ផែនការ​មួយ​ដែល​រួមមានការ​ប្រើនិស្សិត​ចិនក្នុង​សហរដ្ឋ​អាមេរិក។

លោក Wray បាន​និយាយ​នៅ​ពេល​នោះ​ថា៖ «ផ្នែក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ចាំ​បាច់​ត្រូវតែ​គិតដល់អំពី​ថាតើ​មនុស្ស​ផ្សេង​ទៀត អាច​ជញ្ជក់​ផល​ប្រយោជន៍​បរិយាកាស​ស្រាវជ្រាវ​នៃ​ការ​បើក​ចំហ និង​សហការ​ដែល​យើង​មាន​នៅ​ក្នុង​ប្រទេសនេះ ​និង​ការគោរព​ដ៏​ជ្រាល​ជ្រៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

តាម​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អន្តរជាតិបាន​ប៉ាន់ស្មាន​ថា ​មានចំនួន​និស្សិត​ជាង ៣សែន ៦​ម៉ឺននាក់​ក្នុង​ឆ្នាំសិក្សា ២០១៧​-២០១៨​។ និស្សិត​បរទេស​ជិត​១ភាគ៣​នៅឯមហា​វិទ្យាល័យ​និង​សាកល​វិទ្យា​ល័យ​ក្នុង​សហ​រដ្ឋ​អាមេរិក​មក​ពី​ប្រទេស​ចិន។

​ហើយរហូត​មក​ដល់​ពេល​នេះ ​សាក​វិទ្យា​ល័យសហរដ្ឋ​អាមេរិក​ជា​ច្រើន ​បាន​ស្វះ​ស្វែង​ស្វាគមន៍​និស្សិត​ចិន ​ដោយមើល​ឃើញ​ពួកគេ​ថាជាមធ្យោបាយ​មួយ​ដើម្បី​រក​ប្រាក់​បាន​ច្រើន។

លោក Warner បាន​ព្រមាន​ថា៖ «​នេះ​ជា​ប្រភព​ប្រាក់​ចំណូល​ដែល​សាកល​វិទ្យា​ល័យ​បាន​ញៀន។និស្សិត​ទាំងអស់​នោះ ​កំពុង​បង់​ប្រាក់ឲ្យសាកល​វិទ្យា​ល័យ​ទាំង​អស់​នោះ​មួយ​រយ​ភាគរយ»។

​ក៏ប៉ុន្តែក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិកនិយាយថា វិទ្យាស្ថាន​សិក្សាកំពុងបង្កើន​ការ​យល់​ដឹង​ពីភាព​គ្រោះ​ថ្នាក់ ទាំង​មក​ពី​និស្សិត​និង​មក​ពីវិទ្យា​ស្ថាន​នានា​ដូចជា Confucius ជា​ដើម។

វិទ្យា​ស្ថាន​ទាំង​នោះ ​ត្រូវ​បាន​គេ​បង្កើត​នៅឯ​សាកល​វិទ្យា​ល័យ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិកដើម្បី​ផ្សព្វផ្សាយ​ការ​សិក្សា​អប់​រំ​អំពី​ភាសានិង​វប្បធម៌ចិន​ ​ទោះ​ជា​យ៉ាង​នោះ​ក៏ដោយ លោក Warner បាន​និយាយ​ថា ​មន្រ្តី​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ជា​ច្រើន​ឥឡូវនេះ កំពុង​ចាត់​ទុក​ពួក​និស្សិត​ចិន​ទាំង​នោះ «​គ្មាន​អ្វី​ក្រៅពី​ជា​ភ្នាក់​ងាររបស់​ក្រសួង​ចិន​ដើម្បី​ស៊ើបការ​ណ៍លើ​ពួក​និស្សិត​ចិន​ និងឲ្យ​ពួក​គេ​ទទួល​ខុសត្រូវ»។

​ការណ៍​នេះក៏កំពុង​ធ្វើ​ឲ្យ​មានការ​លំបាកកាន់តែ​ខ្លាំង​សម្រាប់​ពួក​និស្សិត​ចិន​ដើម្បី​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

កាល​ពី​ឆ្នាំ​ទៅ ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិកបាន​កាត់​បន្ថយរយៈ​ពេលទិដ្ឋា​ការសម្រាប់​ពួក​និស្សិត​ចិនក្រោយ​ថ្នាក់ឧត្តមសិក្សា​ដែល​សិក្សាមុខ​វិជ្ជា​រូប​យន្ត អាកាសចរណ៍​ស៊ីវិល ​និង​ផលិតកម្មជឿនលឿន​ពី​រយៈ​ពេល​៥ឆ្នាំ​មក​នៅ​ត្រឹម​១ឆ្នាំ។ ហើយ​នៅ​ដើម​ខែ​នេះ ​ក្រុម​មន្រ្តី​ចិនបាន​និយាយថា ​ភាព​ស្មុគ្រស្មាញ​ខាង​ទិដ្ឋា​ការ ​បាន​រារាំង​និស្សិត​ចិន​ចំនួន ១៣,៥ ​ភាគរយ ដែល​សង្ឃឹម​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិកកុំ​ឲ្យ​ធ្វើ​ដំណើរទៅកាន់​ប្រទេស​នោះ។

លោក Warner បាន​ព្រមាន​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​សហ​រដ្ឋ​អាមេរិកត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ពីការ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន។

លោកបាន​និយាយ​ទៀត​ថា៖ ​«បើអស់​លោកអ្នក​ត្រូវ​បាន​គេ​ស្នើ​ផ្តល់​ឲ្យ​ការ​ធ្វើ​ដំ​ណើរ​ដែលត្រូវ​បាន​គេ​ចំណាយឲ្យ​ទាំងអស់​ដើម្បី​បង្រៀន​នៅសាកល​វិទ្យាល័យ​ចិន ​សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ​អស់​លោកអ្នកមិន​យក​ឧបករណ៍​កុំព្យូទ័រ​របស់​លោក​អ្នក​ទៅ​ជាមួយ​ទេ។ យក​ទូរសព្ទ​ដែល​ប្រើ​ហើយ​បោះ​ចោល​ទៅ​ជាមួយ។ មាន​ភាព​ងាយ​ស្រួល​ដែល​ខ្ញុំ​គិតថា ​យើងអាច​ធ្វើ​ប្រសើរ​ជាង​នេះ»។ មាន​រឿង​ងាយ​ស្រួល​ខ្លះ ​ដែល​ខ្ញុំ​គិតថា ​យើង​អាច​ធ្វើ​បាន​ ៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន

XS
SM
MD
LG