ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទូត​ចិន​នៅ​កម្ពុជា​រិះគន់​អាមេរិក​ធ្ងន់ៗ​ថា​គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម


លោក​ Wang Wentian​ ​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពីទំនាក់ទំនង​រវាង​កម្ពុជា​និង​ចិន នៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (រូបថតដោយស្ថានទូតចិនប្រចាំកម្ពុជា)

ស្ថាន​ទូតចិន​បាន​ចោទ​អាមេរិក​ថា​ ជា​បុគ្គល​គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ ហើយ​ថា​ អាមេរិក​បាន​វាយ​បំបែក​​គោល​នយោបាយ​ពាណិជ្ជកម្ម​ពហុភាគី​និយម។​ ប៉ុន្តែ​ស្ថាន​ទូត​អាមេរិក​បាន​ចោទ​ចិន​ថា​ បាន​បំពាន​លក្ខខណ្ឌ​ជាច្រើន​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​​ដោយ​សុចរិត។

ស្ថានទូត​ប្រទេសចិន​ប្រចាំ​កម្ពុជា​បាន​បើក​ការ​វាយ​ប្រហារ​មក​លើ​សហរដ្ឋ​អាមេរិក​ ក្នុង​អត្ថបទ​នយោបាយ​មួយ​ ដែល​ចិន​ហៅ​សហរដ្ឋ​អាមេរិក​ថា​ជា​បុគ្គល​គ្មាន​ភាព​ស្មោះ​ត្រង់​ក្នុងការ​ចរចា​ពន្លត់​សង្គ្រាម​ពាណិជ្ជកម្ម ​ដែល​ស្ថានទូតចិនអះអាង​ថា​បាន​ផ្តើម​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​តាំង​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។​ នេះ​បើ​យោង​តាម​អត្ថបទ​សរសេរ​ដោយ​លោក​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​កម្ពុជា​ Wang Wentian។

អត្ថបទ​របស់​លោក​ Wang Wentian​ ដែល​បាន​បក​ប្រែ​ជា​ភាសាខ្មែរ​ និង​មាន​កម្រាស់​៥​ទំព័រ ​ហើយ​បាន​ដាក់​ចំណងជើង​ធំៗ​ថា «ព្រិល​ក្រាស់​សង្កត់​ពីលើ​ស្រល់​ តែ​ស្រល់​នៅ​តែ​ឈរ​ត្រង់​យ៉ាង​រឹងមាំ»​ បាន​ពណ៌នា​អនាគត​នៃ​ការ​អភិវឌ្ឍ​របស់កម្ពុជា​ ក្នុង​ពេល​ចិន​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។

​លោក​ Wang​ បាន​លើកឡើង​ថា​ សហរដ្ឋ​អាមេរិក​គឺ​ជាដើម​ចម​នៃជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​ និង​អាមេរិក​ ហើយ​ថា អាមេរិក​តែង​តែ​មិន​គោរព​ពាក្យ​សន្យា​របស់ខ្លួន​ បន្ទាប់​ពី​ការ​ចរចា​ពាណិជ្ជ​កម្ម​១១​លើក​ ក្នុង​នោះ​មាន​ទាំង​ការ​ចរចា​ទ្វេភាគី​ចំនួន​៣​លើក​ ដែល​សម្រេច​បាន​កុងសង់ស៊ីស​ (ឬ​ការឈាន​ដល់​ចំណុច​ព្រមព្រៀង​រួម​មួយ)​ សំខាន់​រួមគ្នា។

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «អាមេរិក​គឺជា​អ្នក​ញុះញង់​បង្កឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ចិន​ និង​អាមេរិក​យ៉ាង​ពិតប្រាកដ​ ជា​បុគ្គល​ក្បត់​ពាក្យ​សន្យា​ បុគ្គល​មាន​ជំហ​រាថយពិត​ប្រាកដ​ ទំនួល​ខុសត្រូវ​ចំពោះ​ឧបសគ្គ​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ជំនួប​ចរចា​ពាណិជ្ជកម្ម​ចិន​ និង​អាមេរិក​ ស្ថិត​នៅ​លើ​អាមេរិក​ទាំង​ស្រុង»។

ឯកអគ្គរដ្ឋទូត​ចិន​រូបនេះ​ បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​ជា​បុគ្គល​បង្ក​ភាព​ស្មុគស្មាញ​ ដោយ​ហេតុ​ថា​អាមេរិក​មិន​ត្រឹម​គំរាម​កំហែង​ដល់​គុណ​ប្រយោជន៍​ចិន​ និង​អាមេរិក​ផ្ទាល់​ទេ​ តែ​ថែម​ទាំង​បង្ក​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ និង​របៀប​រៀប​រយ​ពាណិជ្ជកម្ម​អន្តរជាតិ​ទៀត​ផង។

លោក​បន្ត​ថា​ សហរដ្ឋ​អាមេរិក​បាន​បង្កើន​ជម្លោះ​តាម​ការ​ដំឡើង​ពន្ធគយ​ថ្មី​ រុញ​ច្រាន​ឲ្យ​ប្រទេស​ពាក់​ព័ន្ធ​ មិន​មាន​វិធី​ផ្សេង​នោះ​ឡើយ​ ក្រៅតែ​ពី​ការ​ចាត់​វិធានការ​ទប់​ទល់​បក​វិញ។

ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​រវាង​ស្ថានទូត​ចិន​ និង​អាមេរិក​នេះ​ មិនមែន​ទើប​តែ​កើត​ឡើង​នោះ​ទេ។

កាល​ពីខែ​មេសា​ ឆ្នាំ​២០១៩នេះ​ សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ បាន​ប្រឈម​ពាក្យ​សម្តី​ដាក់​គ្នាទាក់ទង​នឹង​គម្លាត​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ចិន និង​រវាង​កម្ពុជា​និង​សហរដ្ឋ​អាមេរិក។

យោង​តាមសារ​មួយ​ដែល​ស្ថាន​ទូត​អាមេរិក​បាន​បង្ហោះនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នោះ អាមេរិក​បាន​លើក​ឡើង​ថា ប្រទេស​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា​ តែ​ទំនាក់​ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន។ ប្រហែល​៨៧% នៃ​ទំនិញ​ដោះ​ដូរ​គ្នា​គឺ​ជា​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ចិន ​ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​មាន​ការងារ​ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់​ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក ​ឬ​សហភាព​អឺរ៉ុប​នោះ​ទេ។

លិខិត​របស់​លោក ​Wang ​ដដែល​ចុះថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ដែល​បាន​វាយប្រហារ​អាមេរិក​ជា​មនុស្ស​មិន​ស្មោះត្រង់​ក្នុងការ​រកស៊ី​នោះ​ បាន​កត់​សម្គាល់​ថា​ កម្ពុជា​នឹង​ជួបតែ​សំណាង​ល្អ​ ព្រោះ​ប្រទេស​នេះ​បាន​បន្ត​ចូលរួម​ជាមួយ​ចិន​រក្សា​ការពារ​គោល​នយោបាយពហុភាគី​និយម​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​សេរី​ មិន​ដូច​សហរដ្ឋ​អាមេរិក​ដែល​បាន​ប្រើ​នយោបាយ​គាំពារ​និយម​ ដើម្បី​គាបសង្កត់​ដៃ​គូ​ជម្លោះ​ម្ខាងទៀត។

ផ្អែក​លើ​គោលនយោបាយ​ពហុភាគី​និយម​នេះ​ លោក​ Wang​ ជឿជាក់​ថា​ «ចិន​ និង​កម្ពុជា​បន្ត​រក្សា​ទំនុក​ចិត្ត​នយោបាយ​បាន​យ៉ាង​ល្អ​ក្នុងរយៈពេល​វែង​ និង​កម្ពុជា​បន្ត​រក្សា​ការ​ជឿ​ជាក់​គ្នា​ទៅវិញ​ទៅ​មក​ប្រកប​ដោយ​មិត្តភាពល្អ ក្នុង​កិច្ចការ​នយោបាយ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​មាន​ភាព​ស្អិត​ល្មួត​ ដែល​នឹង​ជំរុញ​ឲ្យ​កាន់​តែ​ប្រសើរ​សម្រាប់​ការ​អភិវឌ្ឍនៃ​ប្រទេស​ទាំងពីរ»។

រាល់​ការ​ថ្លែង​របស់​លោក​ Wang​ ខាង​លើនេះ​មិន​ត្រូវបាន​ស្វាគមន៍​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នោះ​ទេ។

លោក​ Arend Zwartjes​ អ្នក​នាំពាក្យ​ស្ថានទូតអាមេរិក​ បាន​បញ្ជាក់​ VOA ​តាម​សារ​អេឡិច​ត្រូនិក​ ឬ​អ៊ីម៉េល​នៅល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា​ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​បើក​ចំហរ​ និង​សេរី​ជាង​គេបំផុត​មួយ​នៅ​ក្នុង​ពិភពលោក​ ហើយ​ថា ​ចិន​មិន​គោរពកាតព្វកិច្ច​ជាច្រើន​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក។

អ្នក​នាំពាក្យ​រូប​នេះ​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ «ប្រទេស​ចិន​បាន​បន្ត​យុទ្ធសាស្ត្រ​ឧស្សាហ​កម្ម​ដែល​ខ្លួន​បាន​ដឹង​រួច​ជា​មុន​ ដែល​កាន់​ជើង​តែ​ក្រុម​ហ៊ុន​ចិន​ និង​រំលង​ក្រុមហ៊ុន​បរទេស​ ហើយ​មិន​អើពើ​កាតព្វកិច្ច​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ បរាជ័យ​ចំពោះ​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​ ចាប់​បង្ខំ​ការ​ផ្ទេរ​ ឬ​ក៏​លួច​បច្ចេក​វិទ្យា»។

លោក​អះអាង​ថា​ សហរដ្ឋ​អាមេរិក​បាន​ប្តេជ្ញា​ប្រើប្រាស់​រាល់​វិធី​សាស្ត្រ​ដែល​មាន​ដើម្បី​កម្រិត​នូវ​ដែន​កំណត់​នៃ​សកម្មភាព​ជំនួញ​អាមេរិក​ ហើយ​បាន​បញ្ចុះ​បញ្ចូល​ឲ្យចិន​ ធ្វើ​ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ​នៅលើ​តុចរចា។

លោក​ Arend​ បាន​បន្ថែមថា​ សហរដ្ឋអាមេរិក​ក៏បាន​ចាត់​វិធាន​ការ​ជា​បន្តបន្ទាប់​ ដើម្បី​បង្ហាញ​ពី​ភាព​ហ្មត់ចត់​ ហើយ​រាល់​វិធានការ​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ គឺ​«ផ្តោត​តែ​អំពី​ភាព​យុត្តិធម៌​ ការ​មាន​ទៅ​មាន​មក​ និង​ការ​លើក​ទឹកចិត្ត​ឲ្យ​មាន​ប្រព័ន្ធ​ដែល​ផ្អែក​លើ​វិធាន​នានា​ និង​មាន​លក្ខណៈបើក​ចំហរ​ និង​តម្លាភាព»។

ក៏ប៉ុន្តែ​ ឯកអគ្គរដ្ឋ​ទូត​ចិន​លោក ​Wang Wentian​ បាន​អធិប្បាយ​ក្នុង​លិខិត​លោក​ថា​ សហរដ្ឋ​អាមេរិក​យោង​តាម​ច្បាប់​ក្នុង​ប្រទេស​ខ្លួន​ បើក​ការ​ស៊ើប​អង្កេត​លក្ខណៈ​ឯកត្តោ​ភាគី​ចំពោះ​ប្រ​ទេស​ដទៃ​ និង​ចាត់​វិធានការ​ដំឡើង​ពន្ធ​គយ​លើ​ពួក​គេ​នេះ​ បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ចំពោះ​លក្ខខណ្ឌ​ពាក់​ព័ន្ធ​ផ្សេងៗ​នៃ​អង្គការ​ពាណិជ្ជកម្មពិភពលោក​ នាំ​ឲ្យ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ និង​របៀប​រៀប​រយ​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ខ្លាំង។

ក្នុង​ពេល​ប៉ះ​សម្តីគ្នា​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាល​ពី​ខែ​មេសា​កន្លង​មក​នោះ ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​បាន​ងាក​ចេញ​ពី​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព​និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​ការ​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន»។​

រូបភាពថត​បញ្ចូល​គ្នា​កាល​ពីថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ បង្ហាញពី​សារ​ឆ្លើយ​តប​តាម​ហ្វេសប៊ុករបស់​ស្ថានទូតចិន​តប​នឹង​សារ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក។
រូបភាពថត​បញ្ចូល​គ្នា​កាល​ពីថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ បង្ហាញពី​សារ​ឆ្លើយ​តប​តាម​ហ្វេសប៊ុករបស់​ស្ថានទូតចិន​តប​នឹង​សារ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក។

​ភ្លាមៗ​នោះ ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញបាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា អាមេរិក​«កំពុង​តែ​បង្ក​បញ្ហា»។​ ស្ថាន​ទូត​ចិន​បាន​លើក​ឡើង​នាពេល​នោះ​ថា​ សហរដ្ឋ​អាមេរិក​កំពុង​តែ​បង្ក​បញ្ហា​ម្តង​ទៀត​ជាមួយ​នឹង​អ្វី​ដែល​គេ​ហៅ​ថា​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម។​ ស្ថាន​ទូត​ចិន​បន្ត​ថា​ វា​គឺជា​រឿង​ធម្មតា​ទេ​ព្រោះ​នៅ​ក្នុង​ពិភព​នៃ​សកល​ភាវូបនីយកម្ម​ សកម្មភាព​ពាណិជ្ជកម្ម​តែង​តែ​ធ្វើ​ដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី។

ស្ថានទូត​ចិន​បាន​បញ្ជាក់​បន្ថែម​ថា ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​មាន​ច្រើន​ ដែល​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា។ ​ស្ថានទូត​ក៏​បាន​លើក​ឡើង​ទៀត​ថា ​ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ថ្នល់​ជា​ច្រើន​ ហើយ​ក៏​ដូច​ជា​ទំនប់​វារី​អគ្គិសនី​ផង​ដែរ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG