ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ចិន​ឯកភាព​គ្នា​មិន​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​កើត​ឡើង


ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន ចាប់ដៃគ្នាបន្ទាប់ពី​កិច្ច​ប្រជុំ​ធ្វើ​សេចក្តី​ថ្លែង​រួម​មួយ​ក្នុង​វិមាន​នៃ​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំងកាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ ២០១៧។
ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន ចាប់ដៃគ្នាបន្ទាប់ពី​កិច្ច​ប្រជុំ​ធ្វើ​សេចក្តី​ថ្លែង​រួម​មួយ​ក្នុង​វិមាន​នៃ​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំងកាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ ២០១៧។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​បាន​ឯកភាព​គ្នា​មិន​ធ្វើ​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ណា​មួយ​កើត​ឡើង និង​ដក​ខ្លួន​ចេញ​ពី​ការ​ដាក់​កំហិត​ពន្ធ​គយ​ទៅ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ព័ត៌មាន​រដ្ឋ​របស់​ចិន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ការ​ប្រកាស​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​ពិភាក្សា​កម្រិត​ខ្ពស់​មួយ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ក្រោយ​ពី​មាន​ភាព​តានតឹង​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មក​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump អះអាង​ថា ជា​ទំនាក់ទំនង​ពាណិជ្ជកម្ម​មិន​ស្មើ​ភាព​គ្នា​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ទាំង​ពីរ។

ឧបនាយករដ្ឋមន្ត្រី​ចិន​លោក Liu He ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​របស់​ចិន​នៅ​ក្នុង​ការ​ចរចា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា៖ «ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ការ​មិន​ធ្វើ​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​កើត​ឡើង និង​ឯកភាព​គ្នា​លើ​ការ​បញ្ឈប់​ការ​បង្កើន​ពន្ធគយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក‍»។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua នៅ​ថ្ងៃ​អាទិត្យ​នេះ។

លោក Liu He បាន​ហៅ​ការ​ព្រមព្រៀង​គ្នា​នេះ​ថា​ជា «ភាព​ចាំបាច់‍» មួយ ប៉ុន្តែ​បាន​បន្ថែម​ថា៖ «នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​ត្រូវ​ដឹង​ថា ការ​រំលាយ​ទឹកកក​គឺ​មិន​អាច​ធ្វើ​ឡើង​ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ​នោះ​ទេ។ ការ​ដោះស្រាយ​បញ្ហា​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​គឺ​ត្រូវ​ការ​ពេល​វេលា‍»។

សេចក្ដី​ប្រកាស​រួម​គ្នា​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​រវាង​ភាគី​ទាំង​ពីរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បង្កើន​ការ​ទិញ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក «ឲ្យ​បាន​ច្រើន‍» ប៉ុន្តែ​មិន​បាន​បញ្ជាក់​លំអិត​ឲ្យ​បាន​ច្រើន​នោះ​ទេ។

កន្លង​មក លោក Trump បាន​រិះគន់​ម្ដង​ហើយ​ម្ដង​ទៀត​លើ​ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​ប្រទេស​ចិន ដោយ​ហៅ​ឱនភាព​ពាណិជ្ជកម្ម​នេះ​ថា​ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​ជាតិ និង​បាន​គំរាម​កំហែង​យក​ពន្ធ​គយ​ថ្មី​សម្រាប់​ទំនិញ​របស់​ចិន​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG