ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​ដើម្បី​ស្វែង​យល់​ពី​កំណែ​ទម្រង់​របស់​ប្រទេស​ចិន


លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ចង្អុល​ទៅ​អ្នក​សារព័ត៌មាន​ដើម្បី​ទទួល​សំណួរ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។
លោក Lu Kang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ចង្អុល​ទៅ​អ្នក​សារព័ត៌មាន​ដើម្បី​ទទួល​សំណួរ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥។

គណៈប្រតិភូ​កូរ៉េ​ខាង​ជើង​មួយ​ក្រុម​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដើម្បី​ស្វែង​យល់​អំពី​បទ​ពិសោធន៍​របស់​ប្រទេស​ចិន​នៅ​ក្នុង​ការ​កែ​ទម្រង់​សេដ្ឋកិច្ច និង​ការ​បើក​ចំហ​ទទួល​វិនិយោគ​បរទេស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ។

សម្ព័ន្ធមិត្ត​កាល​ពី​សម័យ​សង្គ្រាម​ត្រជាក់​ទាំង​ពីរ​នេះ បាន​បង្កើន​ការ​ទាក់ទង​គ្នា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ត្រៀម​រៀបចំ​សម្រាប់​ជំនួប​ជា​ប្រវត្តិសាស្ត្រ​មួយ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ខាង​មុខ​នេះ។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​ថា លោក Pak Thae Song អនុ​ប្រធាន​គណៈកម្មការ​កណ្ដាល​នៃ​គណបក្ស​ពលកម្ម​កូរ៉េ ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង បាន​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ តប​តាម​ការ​អញ្ជើញ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lu Kang បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​មួយ​ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ឧទាហរណ៍​ដ៏​ជាក់​ច្បាស់​នៃ​ការ​មូល​មតិ​គ្នា​ដ៏​មាន​សារៈសំខាន់​មួយ​រវាង​អគ្គលេខាធិការ​គណបក្ស​កុម្មុយនិស្ត​ចិន​លោក Xi Jinping និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un»។

លោក Lu Kang បាន​បន្ថែម​ថា ក្រុម​គណៈប្រតិភូ​នេះ​បាន​មក «សិក្សា​ស្វែង​យល់​ពី​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន ការ​កែ​ទម្រង់ និង​ការ​បើក​ចំហ​ទទួល​វិនិយោគ​បរទេស ក៏​ដូចជា​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​រវាង​ភាគី​ទាំង​ពីរ​លើ​បញ្ហា​អភិបាលកិច្ច​ផង​ដែរ»៕

XS
SM
MD
LG