មន្ត្រីកំពូលៗផ្នែកពង្រឹងច្បាប់ ផ្នែកយោធា និងផ្នែកស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានបង្ហាញនូវជំនឿទុកចិត្តលើសមត្ថភាពរបស់ពួកគេ ក្នុងការថែរក្សាសន្តិសុខនៃការបោះឆ្នោតប្រធានាធិបតីដែលនឹងចូលមកដល់នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ ថ្វីបើមានភស្តុតាងជាច្រើនបង្ហាញថា ប្រទេសមួយចំនួននៅតែមានគោលបំណងជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតនេះក៏ដោយ។
មន្ត្រីទាំងនេះបានត្រៀមទប់ទល់នឹងការវាយប្រហារលើការបោះឆ្នោត អស់រយៈពេលជិត ៤ ឆ្នាំមកហើយ ដោយតាំងពីពេលនោះមក សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បានសន្និដ្ឋានថា ប្រទេសរុស្ស៊ីបានស្វះស្វែងជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៦។
ក៏ប៉ុន្តែ ដោយនៅសល់មិនដល់ ៥០ ថ្ងៃទៀតប៉ុណ្ណោះ មុនពេលថ្ងៃបោះឆ្នោតចូលមកដល់ ពួកគេបាននិយាយថា មិនមានសញ្ញាណាមួយបង្ហាញថា ប្រទេសរុស្ស៊ី ឬប្រទេសណាផ្សេងទៀតព្យាយាមលួចចូលក្នុងប្រព័ន្ធបោះឆ្នោតដ៏សំខាន់នេះទេ។
លោក Christopher Wray នាយកទីភ្នាក់ងារ FBI បាននិយាយកាលពីថ្ងៃពុធ នៅឯសន្និសីទកំពូលតាមអនឡាញ ដែលរៀបចំឡើងដោយទីភ្នាក់ងារសហរដ្ឋអាមេរិកផ្នែកសន្តិសុខ តាមអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ ថា៖
«យើងមិនទាន់ឃើញមានការវាយប្រហារតាមអ៊ីនធឺណិតណាមួយនៅឡើយទេមកទល់នឹងពេលនេះ លើប្រព័ន្ធទិន្នន័យសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត ឬលើប្រព័ន្ធណាមួយទាក់ទិននឹងការបោះឆ្នោតបឋម»។
ថ្លែងនៅក្នុងសន្និសីទតាមអនឡាញមួយផ្សេងទៀត កាលពីថ្ងៃពុធម្សិលមិញ លោកឧត្តមសេនីយ៍ Paul Nakasone មេបញ្ជាការនៃបញ្ជាការដ្ឋានអ៊ីនធឺណិតសហរដ្ឋអាមេរិក ក៏បានធានាចំពោះអ្នកបោះឆ្នោត នៅមុនថ្ងៃបោះឆ្នោតចូលមកដល់ផងដែរ។
លោក Nakasone ដែលជានាយកទីភ្នាក់ងារសន្តិសុខជាតិផងដែរនោះ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា យើងនឹងមានជោគជ័យយ៉ាងអស្ចារ្យជាបន្ត ផ្អែកលើកិច្ចការដែលបានធ្វើរួមគ្នារវាងទីភ្នាក់ងាររដ្ឋាភិបាលនានា និងជាមួយនឹងដៃគូរបស់យើង»។
ការវាយតម្លៃទាំងនេះ គឺស្របទៅនឹងការវាយតម្លៃផ្សេងទៀតរបស់មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកជាន់ខ្ពស់នានា នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ អំពីការគំរាមកំហែងចំពោះការបោះឆ្នោតប្រធានាធិបតីលើកនេះ។
ការវាយតម្លៃផ្សេងទៀតនោះបានបញ្ជាក់ថា ទោះបីជាសត្រូវរបស់សហរដ្ឋអាមេរិកដូចជាប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ជាដើម ស្វះស្វែងជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតក៏ដោយ ក៏កិច្ចប្រឹងប្រែងទាំងនោះមិនទាន់ជ្រៀតចូលក្នុងប្រព័ន្ធដែលសហរដ្ឋអាមេរិក ពឹងលើសម្រាប់ការបោះឆ្នោតខាងមុខនេះនៅឡើយទេ៕