រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានចោទប្រកាន់ជាផ្លូវការលើពលរដ្ឋរុស្ស៊ី ៥ នាក់និងពលរដ្ឋអាមេរិកាំង ២ នាក់ថាបានទទួលដោយខុសច្បាប់នូវបច្ចេកវិទ្យាសម្ងាត់របស់សហរដ្ឋអាមេរិកនិងគ្រាប់រំសេវសម្រាប់យោធារុស្ស៊ី។
ជនជាប់ចោទទាំង ៧ នាក់មានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនបោះដុំគ្រឿងចក្រនិងឧបករណ៍ពីរកន្លែងនៅក្នុងរដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ី ដែលធ្វើប្រតិបត្តិការនៅក្រោមការបញ្ជាផ្ទាល់របស់ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ដែលជាទីភ្នាក់ងារស្នងបន្តពីទីភ្នាក់ងារចារកម្ម KGB របស់អតីតសហភាពសូវៀត។ នេះបើយោងតាមដីកាចោទប្រកាន់ផ្លូវការចុះថ្ងៃទី ៥ ខែធ្នូ ដែលបានបង្ហាញកាលពីថ្ងៃអង្គារ។
ក្រុមហ៊ុនទាំងពីរនោះគឺក្រុមហ៊ុន Serniya Engineering និងក្រុមហ៊ុន Sertal LLC។ ក្រុមហ៊ុនទាំងពីរនេះរួមជាមួយនឹងក្រុមហ៊ុនផ្សេងមួយចំនួនទៀតដែលត្រូវបានចាត់ទុកថាជា «ឧបករណ៍នៃក្បាលម៉ាស៊ីនសង្គ្រាមរបស់សហព័ន្ធរុស្ស៊ី» ត្រូវបានក្រសួងហិរញ្ញវត្ថុនិងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបន្ទាប់ពីប្រទេសរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។
ដីកាចោទប្រកាន់នេះបានចែងថា ក្រុមហ៊ុន Serniya បានដឹកនាំ «បណ្ដាញលទ្ធកម្មសព្វាវុធខុសច្បាប់» ដោយគេចចេញពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងរបស់ក្រុមបស្ចិមប្រទេស «ដើម្បីទទួលបាននូវបច្ចេកវិទ្យាសម្ងាត់កម្រិតយោធាដែលប្រើបានពីរផ្នែក ដែលក្នុងនោះរួមមានទាំងបន្ទះអេឡិចត្រូនិក semiconductor ជាន់ខ្ពស់ផងដែរ សម្រាប់យោធា វិស័យការពារជាតិ និងស្ថាប័នស្រាវជ្រាវនានារបស់រុស្ស៊ី»។
ដីកាចោទប្រកាន់នេះបានបញ្ជាក់ថា «បណ្ដាញ Serniya» បានមានប្រតិបត្តិការតាំងពីយ៉ាងហោចណាស់ឆ្នាំ ២០១៧ មក។ ជនជាប់ចោទម្នាក់ត្រូវបានចោទប្រកាន់ថាបានព្យាយាមរត់ពន្ធចូលប្រទេសរុស្ស៊ីដំបូងបង្អស់កាលពីខែមុននូវគ្រាប់កាំភ្លើងវែងសម្រាប់បាញ់ស៊ីបរាប់ពាន់គ្រាប់។
ដើម្បីលាក់បាំងនូវការពាក់ព័ន្ធរបស់រដ្ឋាភិបាលរុស្ស៊ីនិងអត្តសញ្ញាណពិតប្រាកដរបស់អ្នកប្រើប្រាស់ចុងក្រោយ ក្រុមហ៊ុន Serniya និងក្រុមហ៊ុន Sertal បានធ្វើប្រតិបត្តិការបណ្ដាញដ៏ធំនៃក្រុមហ៊ុននិងគណនីធនាគារក្លែងក្លាយនានានៅជុំវិញពិភពលោក ដោយប្រទេសអេស្ដូនី ហ្វាំងឡង់ អាល្លឺម៉ង់ និងទីក្រុងហុងកុងដើរតួជាប្រទេសដឹកជញ្ជូនឆ្លងដែនចម្បងរបស់បណ្ដាញនេះ។ នេះបើយោងតាមដីកាចោទប្រកាន់នេះ។
ដីកាចោទប្រកាន់នេះបានធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនស្វះស្វែងកាត់ផ្ដាច់លទ្ធភាពរបស់រុស្ស៊ីនៅក្នុងការទទួលបានហិរញ្ញវត្ថុនិងបច្ចេកវិទ្យារបស់បស្ចិមប្រទេសតាមរយៈការដាក់ទណ្ឌកម្មទាំងស្រុងនិងការគ្រប់គ្រងលើការនាំចេញ។
ជនជាប់ចោទអាមេរិកាំង ២ នាក់នោះមានឈ្មោះ Alexey Braymanមកពីរដ្ឋ New Hampshire និងឈ្មោះ Vadim Yermolenko មកពីរដ្ឋ New Jersey។ ជនជាប់ចោទទាំងពីរត្រូវបានចាប់ឃុំខ្លួនកាលពីព្រឹកថ្ងៃអង្គារ។
ចំណែកឯជនជាប់ចោទម្នាក់ទៀតឈ្មោះ Vadim Konoshchenok ដែលជាមន្ត្រីសកម្មនៃទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីរស់នៅក្នុងប្រទេសអេស្ដូនី ត្រូវបានអាជ្ញាធរអេស្តូនីឃុំខ្លួនកាលពីសប្ដាហ៍មុនតាមសំណើរបស់សហរដ្ឋអាមេរិក និងកំពុងរង់ចាំការធ្វើបត្យាប័នបញ្ជូនមកកាន់សហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។
រីឯជនជាប់ចោទរុស្ស៊ី ៤ នាក់ទៀតដែលមានឈ្មោះថា Yevgeniy Grinin, Aleksey Ippolitov, Boris Livshits និង Svetlana Skvortsova កំពុងរត់គេចខ្លួននៅឡើយ៕
អាមេរិកចោទមនុស្ស ៧ នាក់ថាបានធ្វើប្រតិបត្តិការបណ្ដាញលទ្ធកម្មសព្វាវុធសម្រាប់យោធារុស្ស៊ី
វ៉ាស៊ីនតោន —