ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចេញផ្សាយតួលេខទាំងនេះកាលពីថ្ងៃសុក្រ ទី២០ខែឧសភានៅពេលក្រសួងនេះកំណត់ខួបឆ្នាំទីមួយនៃច្បាប់ស្តីពីឧក្រិដ្ឋកម្មសម្អប់ទាក់ទិននឹងជំងឺកូវីដ១៩និងប្រកាសវិធានការថ្មីៗសម្រាប់ធ្វើឱ្យរានិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មសម្អប់។ ច្បាប់នេះតម្រូវឱ្យក្រសួងយុត្តិធម៌ពិនិត្យមើលជាថ្មីករណីឧក្រិដ្ឋកម្មសម្អប់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោក Merrick Garland បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គ្មាននរណាម្នាក់ក្នុងប្រទេសនេះគួរភ័យខ្លាចការគំរាមកំហែងនៃអំពើហិង្សាបញ្ឆេះដោយសម្អប់ទេ។ ក្រសួងយុត្តិធម៌នឹងបន្តប្រើធនធានដែលខ្លួនមានដើម្បីប្រឈមនឹងសកម្មភាពខុសច្បាប់ដោយសារសម្អប់និងដាក់ពួកជនល្មើសឱ្យទទួលខុសត្រូវ»។
តួលេខនៃការចោទប្រកាន់ក្នុងតុលាការនិងការកាត់ទោសអំពីឧក្រិដ្ឋកម្មសម្អប់ចេញផ្សាយដោយក្រសួងយុត្តិធម៌ហាក់ដូចជាច្រើនជាងតួលេខជាប្រវត្តិសាស្ត្រកាលពីពេលថ្មីៗនេះបន្តិច។ ស្ថិតិមួយកាលពីឆ្នាំ២០២១នៃការិយាល័យយុត្តិធម៌បានរកឃើញថា ពួករដ្ឋអាជ្ញាសហព័ន្ធបានចោទប្រកាន់ពួកចុងចោទប្រមាណ២១នាក់ជាមធ្យមភាគហើយមានការកាត់ឱ្យជាប់ទោសអំពីឧក្រិដ្ឋកម្មសម្អប់១៩ជាមធ្យមភាគក្នុងមួយឆ្នាំក្នុងរយៈពេល១៥ឆ្នាំ។
នៅក្រោមរដ្ឋបាល Trump ក្រសួងយុត្តិធម៌បានប្រឈមនឹងការរិះគន់ថាមិនបានផ្តល់អាទិភាពដល់ការពង្រឹងសិទ្ធិពលរដ្ឋ។ ពួកមន្ត្រីរដ្ឋបាល Trump បានច្រានចោលការចោទប្រកាន់នេះ ដោយមន្ត្រីជាន់ខ្ពស់ខាងសិទ្ធិពលរដ្ឋរបស់ក្រសួងយុត្តិធម៌បាននិយាយកាលពីខែមករា២០២១ថាផ្នែករបស់លោកបានចោទប្រកាន់អំពីឧក្រិដ្ឋកម្មសម្អប់ច្រើនបំផុតនៅក្នុងឆ្នាំចុងក្រោយដែល Trump កាន់តំណែង។
ប៉ុន្តែលោកមិនបានផ្តល់តួលេខទេ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនបានឆ្លើយតបនឹងសំណើសុំរបស់វីអូអេនូវតួលេខនៃការចោទប្រកាន់ក្នុងតុលាការអំពីឧក្រិដ្ឋកម្មសម្អប់ក្នុងសម័យរដ្ឋបាល Trump ទេ។
ច្បាប់សហព័ន្ធចាត់ទុកជាឧក្រិដ្ឋកម្ម ការយកជនរងគ្រោះម្នាក់ជាទីដៅដោយសារពូជសាសន៍ យេនឌ័រឬអត្តសញ្ញាណយេនឌ័រ សាសនា ភាពកាយវិកល ការនិយមខាងភេទឬខាងជាតិពន្ធុ។ ការប្រព្រឹត្តល្មើសឧក្រិដ្ឋត្រូវចោទប្រកាន់ក្នុងតុលាការជាឧក្រិដ្ឋកម្មសម្អប់មានសកម្មភាពតាំងពីអំពើហិង្សារហូតដល់ការធ្វើឱ្យខូចខាតអគារសាសនា។
ឧក្រិដ្ឋកម្មសម្អប់ភាគច្រើនត្រូវចោទប្រកាន់ក្នុងតុលាការនៅកម្រិតរដ្ឋនិងកម្រិតមូលដ្ឋាន ហើយពួករដ្ឋអាជ្ញាសហព័ន្ធធ្វើការចោទប្រកាន់ក្នុងកាលៈទេសៈពិសេសខ្លះ។ ជាការពិត ភាគច្រើននៃករណីឧក្រិដ្ឋកម្មសម្អប់ដែលត្រូវបញ្ជូនទៅក្រសួងយុត្តិធម៌មិនត្រូវបានចោទប្រកាន់ក្នុងតុលាការទេ។
មានច្បាប់សហព័ន្ធមួយចំនួនអំពីឧក្រិដ្ឋកម្មសម្អប់ ហើយក៏មានការដាក់ទោសធ្ងន់ធ្ងរផងដែរ។ តែមានការពិបាកអំពីការយកករណីឧក្រិដ្ឋកម្មសម្អប់ទៅចោទប្រកាន់ក្នុងតុលាការ។ ដើម្បីឱ្យមានការដាក់ទោស ពួករដ្ឋអាជ្ញាត្រូវបង្ហាញថាពួកចុងចោទមានការជំរុញចិត្តដោយការលម្អៀង ហើយមិនមែនដោយជនរងគ្រោះឋិតក្នុងឋានៈមានការការពារទេ។
បើតាមទិន្នន័យប៉ូលិសប្រមូលដោយមជ្ឈមណ្ឌលសិក្សាអំពីសម្អប់និងភាពជ្រុលនិយមនៅសាកលវិទ្យាល័យរដ្ឋ California នៅ San Bernardino ថាកាលពីឆ្នាំទៅមិញ ឧក្រិដ្ឋកម្មសម្អប់ក្នុងក្រុងអាមេរិកធំៗ៣៧បានកើនឡើងជិត៣៩% ដោយមានការវាយប្រហារលើពលរដ្ឋអាមេរិកាំងមានដើមណើតអាស៊ីនិងជ្វីហ្វជាច្រើន។
ជាផ្នែកមួយនៃការបង្កើនការប្រឹងប្រែងរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសម្អប់ ក្រសួងយុត្តិធម៌បាននិយាយថាខ្លួនបានចេញការណែនាំថ្មីជាមួយផ្នែកសុខាភិបាលនិងសេវាមនុស្សដើម្បីបង្កើនការយល់ដឹងអំពីឧក្រិដ្ឋកម្មសម្អប់ បង្កើតកម្មវិធីខ្សែទូរសព្ទសម្រាប់គ្រាមានអាសន្នចាត់ចែងដោយរដ្ឋ និងជួលអ្នកសម្របសម្រួលខាងភាសារបស់ក្រសួងនេះផងដែរ។
ក្រសួងនេះបានថ្លែងថា៖ «ការមានការទាក់ទងខាងភាសាជារបាំងធំមួយមិនឱ្យមានការរាយការណ៍អំពីឧក្រិដ្ឋកម្មសម្អប់ ហើយអ្នកសម្របសម្រួលខាងភាសានឹងជួយកែលម្អការចេះដឹង ការប្រើនិងការពង្រីកធនធានខាងភាសារបស់ក្រសួងយុត្តិធម៌ផងដែរ»៕
ប្រែសម្រួលដោយ ឈឹម សុមេធ