ពួកសមាជិកសភា ដែលស៊ើបអង្កេតកុបកម្មថ្ងៃទី៦ ខែមករានៅវិមានសភាសហរដ្ឋអាមេរិក Capitol កាលពីឆ្នាំទៅនោះ កំពុងផ្តល់សញ្ញាថា ពួកគេអាចបញ្ជូនសំណើទៅក្រសួងយុត្តិធម៌សុំឱ្យកាត់ទោសអ្នកអុកឡុកសាក្សីដោយខុសច្បាប់និងរំខានសាក្សី ដែលផ្តល់សក្ខីកម្មឱ្យគណៈកម្មការនេះ។
សមាជិករដ្ឋសភាលោកស្រី Liz Cheney ដែលជាអនុប្រធានគណៈកម្មការស៊ើបអង្កេតរបស់រដ្ឋសភា បានលាតត្រដាងកាលពីថ្ងៃអង្គារនូវសារអនាមិក២ដែលត្រូវបានគេផ្ញើរទៅឱ្យសាក្សី ដែលចូលរួមសវនាការនោះ ដោយសរសេរថា អតីតប្រធានាធិបតី លោក Donald Trump បានតាមដានសវនាការនោះយ៉ាងដិតដល់ ហើយបានបន្តរំពឹងលើភាពស្មោះត្រង់។
គណៈកម្មការនោះកំពុងស៊ើបអង្កេតថា តើកុបកម្មនោះបានកើតមានឡើងយ៉ាងដូចម្តេច និងតួនាទីរបស់លោក Trump នៅក្នុងការព្យាយាមច្រានចោលបរាជ័យរបស់លោកក្នុងការឈរឈ្មោះបោះឆ្នោតជាថ្មីកាលពីនៅឆ្នាំ២០២០។
ការបញ្ចេញលិខិតរបស់លោកស្រី Cheney បានកើតមានឡើងបន្ទាប់ពីការផ្តល់សក្ខីកម្មរយៈ ពេល២ម៉ោងដោយអ្នកស្រី Cassidy Hutchinson អតីតអ្នកជំនួយការជាន់ខ្ពស់របស់លោក Mark Meadow ដែលជានាយខុទ្ធកាល័យចុងក្រោយរបស់លោក Trump។
អ្នកស្រី Hutchinson បានពណ៌នាយ៉ាងលម្អិតពីរបៀបដែលលោក Trump ខឹងសម្បារ និងបង្កហេតុនៅប៉ុន្មានសប្តាហ៍ចុងក្រោយនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក នៅពេលបរាជ័យរបស់លោកចាញ់លោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យកាន់តែបង្ហាញច្បាស់ ហើយបក្សពួករបស់លោកបានច្រានចោលការអះអាងម្តងហើយម្តងទៀតរបស់លោកដែលថា លោកត្រូវបានគេលួចបន្លំមិនឱ្យជាប់ឆ្នោតឡើងវិញនោះ។
បណ្តាញទូរទស្សន៍ CNN បានដកស្រង់សម្តីប្រភពមិនប្រាប់អត្តសញ្ញាណកាលពីថ្ងៃព្រហស្បតិ៍មកចុះផ្សាយថា អ្នកស្រី Hutchinson ជាសាក្សីម្នាក់នៃសាក្សីមួយចំនួនដែលត្រូវបានគេទាក់ទង ដោយប៉ុនប៉ងប្រើឥទ្ធិពលលើការផ្តល់សក្ខីកម្មរបស់អ្នកស្រី៕