គណៈកម្មាធិការសភាអាមេរិក ដែលស៊ើបអង្កេតមូលហេតុកុបកម្មកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅវិមានសភាអាមេរិក នឹងបន្តស្តាប់សក្ខីកម្មនៅថ្ងៃព្រហស្បតិ៍នេះថា តើអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញយ៉ាងដូចម្តេច ឱ្យមន្ត្រីក្រសួងយុត្តិធម៌ស៊ើបអង្កេតការបន្លំការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២០ ដែលលោកសង្ឃឹមថា នឹងអាចប្រែក្រឡាស់លទ្ធផលដែលលោកចាញ់គូប្រជែងមកពីគណបក្យប្រជាធិបតេយ្យគឺលោក Joe Bidenនោះ។
ប្រធានគណៈកម្មាធិការពិសេសរបស់រដ្ឋសភា លោក Bennie Thompson បាននិយាយថា គណៈកម្មាធិការនេះនឹងពិនិត្យមើលឡើងវិញនូវការប៉ុនប៉ងរបស់លោក Trump ក្នុងការធ្វើឱ្យខូចស្ថាប័នពង្រឹងច្បាប់កំពូលនេះ ខណៈមន្ត្រីមួយចំនួនមកពីរដ្ឋ Arizona និងរដ្ឋ Georgia បានផ្តល់សក្ខីកម្មកាលពីថ្ងៃអង្គារថា លោក Trump បានស្វះស្វែងដោយបរាជ័យឱ្យពួកគេតែងតាំងអង្គបោះឆ្នោតក្លែងក្លាយដើម្បីជួយឱ្យលោកបន្តកាន់តំណែងរយៈពេល៤ឆ្នាំទៀត ឬប្រែក្រឡាស់លទ្ធផលបោះឆ្នោត ដែលបង្ហាញថា លោក Biden បានឈ្នះលោកនោះ។
ការផ្តល់សក្ខីកម្មមួយផ្នែកនៅថ្ងៃព្រហស្បតិ៍នេះត្រូវគេរំពឹងថានឹងផ្តោតទៅលើកិច្ចប្រឹងប្រែងរបស់លោក Jeffrey Clark អតីតឧបការីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលបានជំរុញជាច្រើនលើកឱ្យមន្ត្រីក្រសួងយុត្តិធម៌មួយចំនួនស៊ើបអង្កេតការអះអាងពីការបន្លំការបោះឆ្នោតនោះ និងបង្ខំមិនឱ្យរដ្ឋមួយចំនួនបញ្ជាក់លទ្ធផលនៃការបោះឆ្នោត ដែលបង្ហាញថា លោក Biden ជាអ្នកឈ្នះនោះ។
សវនាការនៅថ្ងៃព្រហស្បតិ៍នេះជាការផ្តល់សក្ខីកម្មលើកទី៥ក្នុងខែនេះ ខណៈគណៈកម្មាធិការស៊ើបអង្កេតរបស់សភាបានបង្ហាញពីតួនាទីរបស់លោក Trump ក្នុងការបំផុសការវាយប្រហារនៅវិមានសភា អំឡុងពេលសមាជិកសភាកំពុងជួបប្រជុំបញ្ជាក់ពីជ័យជម្នះរបស់លោក Biden ក្នុងការបោះឆ្នោតប្រធានាធិបតីតាមរយៈអង្គបោះឆ្នោត Electoral College នោះ៕