ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ផ្អាក​កិច្ច​ព្រមព្រៀង​បត្យាប័ន​ទីក្រុង​ហុងកុង​ជាមួយ​កាណាដា អូស្ត្រាលី និង​ចក្រភព​អង់គ្លេស


ទង់ជាតិ​ចិន​ និង​ទង់ជាតិ​ហុងកុង​ត្រូវ​បាន​បង្ហូត​ឡើង ក្នុង​ពិធី​ប្រារព្ធ​ខួប​ទី ២៣ នៃ​ការ​បង្កើត​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង។
ទង់ជាតិ​ចិន​ និង​ទង់ជាតិ​ហុងកុង​ត្រូវ​បាន​បង្ហូត​ឡើង ក្នុង​ពិធី​ប្រារព្ធ​ខួប​ទី ២៣ នៃ​ការ​បង្កើត​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង។

ប្រទេស​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​ផ្អាក​កិច្ច​ព្រមព្រៀង​បត្យាប័ន​របស់​ទីក្រុង​ហុងកុង​ជាមួយ​នឹង​ប្រទេស​កាណាដា អូស្ត្រាលី និង​ចក្រភព​អង់គ្លេស ដែល​នេះ​ជា​វិធានការ​សងសឹក​មួយ បន្ទាប់ពី​មាន​ការ​សម្រេច​ស្រដៀង​គ្នា​នេះ​ដែរ​ដោយ​ប្រទេស​ទាំង​នោះ ទាក់ទិន​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ចិន​ទើប​ដាក់​លើ​ទីក្រុង​ហុងកុង​កាល​ពី​ពេល​ថ្មីៗ​នេះ។

សហរដ្ឋ​អាមេរិក​បាន​សម្រេច​លុបចោល​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​ពិសេស​សម្រាប់​ទីក្រុង​ហុងកុង។ ចំណែក​ឯ​សម្ព័ន្ធមិត្ត​មួយ​ចំនួន​របស់​សហរដ្ឋ​អាមេរិក​ដូចជា​ប្រទេស​នូវែលហ្សេឡង់ កាណាដា អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​ជា​ដើម បាន​ផ្អាក​កិច្ច​ព្រមព្រៀង​បត្យាប័ន​របស់​ពួកគេ​ជាមួយ​នឹង​ទីក្រុង​ហុងកុង។

ប្រទេស​ចិន​បាន​ចោទ​ប្រកាន់​ប្រទេស​ទាំង​នោះ​ថា​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន និង​បាន​ការពារ​ថា ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​គឺ​សំខាន់​សម្រាប់​ស្ដារ​របៀប​រៀបរយ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ឡើង​វិញ បន្ទាប់ពី​មាន​រលក​នៃ​ការ​តវ៉ា​ទាមទារ​ប្រជាធិបតេយ្យ​ជា​ច្រើន ដែល​ពេល​ខ្លះ​ឈាន​ដល់​អំពើ​ហិង្សា​ផង​នោះ កើត​ឡើង​មក។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Wang Wenbin បាន​ចោទ​ប្រកាន់​ប្រទេស​ទាំង​នោះ​ថា​បាន ប្រើ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​ជា «លេស​នៅ​ក្នុង​ការ​ប្រកាស​ជា​ឯកតោភាគី​នូវ​ការ​ផ្អាក​កិច្ច​ព្រមព្រៀង​បត្យាប័ន» ជាមួយ​ទីក្រុង​ហុងកុង៕

XS
SM
MD
LG