ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ហៅ​ផែនការ​​អាល្លឺម៉ង់​ដែល​គ្រោង​បញ្ជូន​នាវា​ចម្បាំង​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ថា​គាំទ្រ​សណ្តាប់​ធ្នាប់​ដែល​ផ្អែកលើ​ច្បាប់


រូប​ឯកសារ៖ រូបថត​ដែល​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នេះ បង្ហាញ​ពី​នាវា​ទាហាន​ជើង​ទឹក​ចិន​មួយ​ក្រុមកំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
រូប​ឯកសារ៖ រូបថត​ដែល​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នេះ បង្ហាញ​ពី​នាវា​ទាហាន​ជើង​ទឹក​ចិន​មួយ​ក្រុមកំពុង​ធ្វើ​សមយុទ្ធ​យោធា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បាន​សរសើរ​ផែនការ​របស់​ប្រទេស​អាល្លឺម៉ង់​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់ ចំពោះ​គម្រោង​បើកបរ​នាវា​ចម្បាំង​ឆ្លងកាត់​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ដោយ​បាន​ហៅផែនការ​នេះ​ថា​ជាការ​គាំទ្រ​ប្រកប​ដោយ​ការស្វាគមន៍មួយ​«ដល់​សណ្តាប់​ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់»​នៅ​ក្នុង​តំបន់។

ពួក​មន្ត្រី​អាល្លឺម៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា កង​នាវា​អាល្លឺម៉ង់​នឹង​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អាស៊ី​នៅ​ខែ​សីហា ​ហើយ​ពេល​ត្រឡប់​មកវិញ នាវា​នេះ​នឹង​ក្លាយ​ជានាវា​ចម្បាំង​អាល្លឺម៉ង់​ដំបូងគេ​ដែល​បើក​ឆ្លង​កាត់​សមុទ្រ​ចិន​ខាង​ត្បូង​ចាប់តាំង​ពី​ឆ្នាំ​២០០២​មក។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ផលប្រយោជន៍​ជាតិ​នៅ​ក្នុង​ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព គោរព​ច្បាប់​អន្តរជាតិ ធ្វើ​ពាណិជ្ជកម្ម​តាម​ផ្លូវ​ច្បាប់​ដោយ​គ្មាន​ការបង្អាក់ ​សេរីភាព​នៃការ​ធ្វើ​នាវាចរណ៍​ និង​ការប្រើប្រាស់​សមុទ្រ​ដោយ​ស្រប​ច្បាប់»។

ចិន​បាន​ទាមទារ​ផ្នែក​ភាគ​ច្រើន​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ទាំង​មូល។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា ប្រទេស​នានា​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍ និង​ការ​ហោះហើរ​ឆ្លង​កាត់​ផ្លូវទឹក​នោះ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ ប៉ុន្តែ បាន​និយាយ​ទៀត​ថា «ប្រទេស​ទាំង​នោះ​មិន​អាច​យកលេស​ដើម្បី​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អធិបតេយ្យភាព ​និង​សន្តិសុខ​របស់​ប្រទេស​ដទៃ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​សមុទ្រ​នោះ​បាន​ទេ»៕

XS
SM
MD
LG