ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មូលហេតុ​ដែល​​សហរដ្ឋ​អាមេរិក​ចង់​បញ្ជូន​នាវា​ល្បាត​សមុទ្រ​របស់​ខ្លួន​ទៅ​កាន់​សមុទ្រ​ជិត​ប្រទេស​ចិន


រូប​ឯកសារ៖ នាវា​​ចម្បាំង Bertholf របស់​កង​ម្លាំង​ឆ្មាំ​សមុទ្រ​​សហរដ្ឋ​អាមេរិក និង​នាវា​ចម្បាំង​របស់​កងឆ្មាំ​សមុទ្រ​ហ្វីលីពីន​ សំចង​នៅ​ជិត​ក្រុង​ម៉ានីល កាល​ពី​ឆ្នាំ​២០១៩។
រូប​ឯកសារ៖ នាវា​​ចម្បាំង Bertholf របស់​កង​ម្លាំង​ឆ្មាំ​សមុទ្រ​​សហរដ្ឋ​អាមេរិក និង​នាវា​ចម្បាំង​របស់​កងឆ្មាំ​សមុទ្រ​ហ្វីលីពីន​ សំចង​នៅ​ជិត​ក្រុង​ម៉ានីល កាល​ពី​ឆ្នាំ​២០១៩។

គម្រោង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​បញ្ជូន​នាវា​ល្បាត​សមុទ្រ​របស់​ខ្លួន​ទៅ​កាន់​ដែន​ទឹក​ដែល​នាវា​ចិន​ឧស្សាហ៍​ធ្វើ​ចរាចរ​ញឹកញាប់​នោះ នឹង​បង្ហាញ​អំពី​ការ​តាំងចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ការ​ពង្រីក​ដែន​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​មិន​ចាំបាច់​ធ្វើ​ឲ្យ​មាន​ជម្លោះ​ស្រួចស្រាល់​ណា​មួយ​ជាមួយ​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​មួយ​ចំនួន។

កង​កម្លាំង​ឆ្មាំ​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​មាន «មូលដ្ឋាន​នៅ​ក្នុង​កំពង់ផែ​ជា​យុទ្ធសាស្រ្ត និង​ផ្តល់​លទ្ធភាព​បាន​ប្រសើរ​ដល់​កង​នាវា Fast Response Cutters» នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក និង «ប្រទេស​ដៃគូ​នានា​នៅ​ក្នុង​តំបន់»។ នេះ​បើ​តាម​ការ​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​តុលា របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Robert O’Brien។

អ្នក​នាំ​ពាក្យ​ទី​បញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពេល​វេលា​ជុំវិញ​រឿង​នេះ​កំពុង​ត្រូវ​បាន​គេ​គិតគូរ​នៅ​ឡើយ។

នាវា​ល្បាត​របស់​កង​កម្លាំង​ឆ្មាំ​សមុទ្រ​អាមេរិក​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​សកម្មភាព​នេសាទ​ណា​មួយ​ដែល​គ្មាន​ការ​អនុញ្ញាត ដែល​មិន​បាន​ជូន​ដំណឹង ឬ​មិន​ស្រប​តាម​បទ​បញ្ញត្តិ ដែល «គំរាម​កំហែង​ដល់​អធិបតេយ្យភាព​របស់​សហរដ្ឋ​អាមេរិក ក៏​ដូចជា​អធិបតេយ្យភាព​របស់​ប្រទេស​ជិត​ខាង​នានា​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក និង​បង្ក​គ្រោះថ្នាក់​ដល់​ស្ថិរភាព​នៅ​ក្នុង​តំបន់​ផងដែរ»។

ប្រទេស​ចិន​មាន​កង​នាវា​នេសាទ​ដែន​សមុទ្រ​ឆ្ងាយ​ដែល​មាន​ទំហំ​ធំ​ជាង​គេ​បំផុតនៅ​លើ​ពិភពលោក ហើយ​នាវា​ល្បាត​របស់​ខ្លួន​តែងតែ​មិន​បាន​តាមដាន​មើល​សកម្មភាព​របស់​នាវា​នេសាទ​ទាំង​នោះ​គ្រប់​ពេល​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេបញ្ជាការ​កង​កម្លាំង​ឆ្មាំ​សមុទ្រ​សហរដ្ឋ​អាមេរិក​លោក​ឧត្តម​នាវីឯក Karl Schultz កាល​ពី​ខែ​តុលា។ លោក​បាន​បន្ថែម​ថា គម្រោង​របស់​សហរដ្ឋ​អាមេរិក​គឺ​មិន​មែន​ទាក់ទិន​តែ​រឿង​នេសាទ​នោះ​ទេ។

អ្នក​ជំនាញ​មួយ​ចំនួន​ជឿ​ថា ការ​បង្កើន​នូវ​សកម្មភាព​ល្បាត​តាម​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​នឹង​បង្ហាញ​ដល់​ប្រទេស​ចិន​ថា សហរដ្ឋ​អាមេរិក​តាំង​ចិត្ត​ក្នុង​ការ​ត្រួត​ពិនិត្យ​នូវ​សកម្មភាព​របស់​ប្រទេស​ចិន​ជា​ទូទៅ​ដោយ​មិន​ប្រឈម​ឲ្យ​មាន​ជម្លោះ​ដូច​នាវា​ទាហាន​ជើង​ទឹក​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ គេ​យល់​ឃើញ​ជា​ទូទៅ​ថា នាវា​ល្បាត​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​មាន​លក្ខណៈ​បែប​ការពារ​ខ្លួន ចំណែក​ឯ​នាវា​ទាហាន​ជើង​ទឹក​អាមេរិក​វិញ​មាន​លក្ខណៈ​បែប​វាយ​ប្រហារ។

លោក Alan Chong សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​កិច្ចការ​អន្តរជាតិ S. Rajaratnam នៃ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «នាវា​ល្បាត​សមុទ្រ​មាន​លក្ខណៈ​ស្លូត​ជាង​នាវា​ទាហាន​ជើងទឹក​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​វា​ក៏​បង្ហាញ​អំពី​ការ​តាំងចិត្ត​នៅ​ក្នុង​ការ​ប្រឈម​ជាមួយ​នឹង​ចិន​ផងដែរ។

លោក​បាន​បន្ត​ថា៖ «ការ​ប្រើ​នាវា​ល្បាត​សមុទ្រ​នេះ​គឺជា​វិធី​មួយ​នៅ​ក្នុង​ការ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ដោយ​មិន​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ឧបទ្ទវហេតុ​បាញ់បោះ​ដាក់​គ្នា​រវាង​កម្លាំង​ទាហាន​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ»។

រដ្ឋាភិបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​មាន​ជម្លោះ​មួយ​ចំនួន​ជាមួយ​ប្រទេស​ចិន ដែល​ជា​អតីត​គូ​សត្រូវ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ បាន​បង្កើន​ចរាចរណ៍​នាវា​ឆ្លង​កាត់​រយៈពេល​ខ្លី​នៅ​ក្នុង​ដែន​សមុទ្រ​ដែល​ចិន​មាន​ជម្លោះ​ជាមួយ​កោះ​តៃវ៉ាន់ នឹង​ប្រទេស​អាស៊ី​អាគ្នេយ៍ ៤ ផ្សេង​ទៀត។

សហរដ្ឋ​អាមេរិក​បាន​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​មួយ​ចំនួន​ដែល​ជា​គូ​សត្រូវ​របស់​ប្រទេស​ចិន​នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ​នោះ និង​បាន​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ដែន​សមុទ្រ​ក្នុង​ទ្វីប​អាស៊ី​ជាមួយ​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​នានា​ដូចជា​ប្រទេស​ជប៉ុន​ជាដើម។

លោកJoe Biden ដែល​ត្រូវ​បាន​គេ​សន្មត់​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក នឹង​រក្សា​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន បន្ទាប់ពី​លោក​ចូល​កាន់​តំណែង​នៅ​ដើម​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​មួយ​ចំនួន។

ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់ កំពុង​ប្រជែង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដើម្បី​គ្រប់គ្រង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

ដោយ​មាន​កម្លាំង​យោធា​របស់​ខ្លួន​ដែល​ជា​កម្លាំង​យោធា​ខ្លាំង​បំផុត​ទី ៣ លើ​ពិភព​លោក ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​គូ​ជម្លោះ​ផ្សេង​ទៀត​មាន​ការ​ខឹងសម្បារ​ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក ដោយ​បាន​ចាក់​ដី​បំពេញ​កូន​កោះ​តូចៗ ដែល​ក្នុង​ករណី​ខ្លះ​គឺ​ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ផ្នែក​យោធា។

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ នាវា​ល្បឿន​លឿន ៣ គ្រឿង​របស់​កម្លាំង​ឆ្មាំ​សមុទ្រ​អាមេរិក បាន​ទៅ​ដល់​កោះ Guam ដើម្បី​ជំនួស​នាវា​ចាស់ៗ​នៅ​ទី​នោះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Karl Schultz នៅ​ក្នុង​សុន្ទរកថា​មួយ​កាល​ពី​ថ្ងៃ​ទី ២០ ខែ​តុលា នៅ​មជ្ឈមណ្ឌល​សារព័ត៌មាន​បរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កោះ Guam មាន​ទីតាំង​ស្ថិត​នៅ​ជិត​ទ្វីប​អាស៊ី​ជាង បើ​ប្រៀបធៀប​ជាមួយ​កំពង់ផែ​នានា​របស់​សហរដ្ឋ​អាមេរិក។ នាវា​ល្បាត​របស់​កង​កម្លាំង​ឆ្មាំ​សមុទ្រ​អាមេរិក​នឹង​ផ្តល់ «ការ​បង្កើន​សមត្ថភាព​និង​រង្វង់​ចម្ងាយ​ដ៏​សំខាន់​ដើម្បី​ទប់ទល់​នឹង​សកម្មភាព​ខុស​ច្បាប់ ធ្វើ​ការ​ស្រាវជ្រាវ​និង​ជួយ​សង្គ្រោះ និង​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​តំបន់»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Schultz នៅ​ក្នុង​សុន្ទរកថា​របស់​លោក។

លោក Schultzបាន​បន្ថែម​ថា កង​នាវា​នេសាទ​ដែន​សមុទ្រ​ឆ្ងាយ​របស់​ចិន មាន​នាវា​ជាង ៤.៦០០ គ្រឿង។

កម្លាំង​ឆ្មាំ​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​មិន​មាន​អ្វី​ចម្លែក​ទេ​សម្រាប់​ទ្វីប​អាស៊ី។ កាល​ពី​ឆ្នាំ​មុន នាវា​ល្បាត​សមុទ្រ Stratton និង Bertholf បាន​ចំណាយ​ពេល ១០ ខែ នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាង​លិច​ដើម្បី​ត្រួត​ពិនិត្យ​មើល​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ប្រទេស​កូរ៉េខាងជើង និង​ដើម្បី «កសាង​សមត្ថភាព» ជាមួយ​កង​នាវា​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Schultz។

បុគ្គលិក​របស់​កង​កម្លាំង​ឆ្មាំ​សមុទ្រ​សហរដ្ឋ​អាមេរិក​ក៏​កំពុង​បង្កើន​ការ​តាំង​ចិត្ត​របស់​ខ្លួន​ជាមួយ​ប្រទេស​វៀតណាម​ផងដែរ ខណៈ​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​មួយ​នេះ​សង្ឃឹម​ថា​នឹង​ពង្រីក​ការ​ល្បាត​តាម​ដែន​សមុទ្រ​របស់​ខ្លួន​ឲ្យ​បាន ៥ ដង​លើស​ពី​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Schultz។

ប្រទេស​វៀតណាម​តែង​ប៉ះ​ទង្គិច​ជា​ប្រចាំ​ជាមួយ​ប្រទេស​ចិន​ទាក់ទិន​នឹង​បញ្ហា​អធិបតេយ្យ​ភាព​ដែន​សមុទ្រ ជា​ពិសេស​តំបន់​ដែន​សមុទ្រ​ដែល​មាន​ប្រេង។

លោក Schultz បន្ត​ទៀត​ថា នាវា​ល្បាត Munro របស់​កង​កម្លាំង​ឆ្មាំ​សមុទ្រ​អាមេរិក បាន​ចូលរួម​ក្នុង​សមយុទ្ធ​នាវា​ជើង​ទឹក​តំបន់​ប៉ាស៊ីហ្វិក​ឆ្នាំ ២០២០ កាល​ពី​ខែ​សីហា ជាមួយ​ប្រទេស​ចំនួន ៩ ផ្សេង​ទៀត​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដែល​មាន «សារៈ​សំខាន់​ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព​ផ្លូវ​ធ្វើ​ដំណើរ​តាម​សមុទ្រ និង​សន្តិសុខ​របស់​មហា​សមុទ្រ​នានា​នៅ​លើ​ពិភពលោក»។

ប្រទេស​ចិន​នៅ​មិន​ទាន់​ឆ្លើយតប​នៅ​ឡើយ​ទេ​ចំពោះ​គម្រោង​របស់​សហរដ្ឋ​អាមេរិក​នោះ ប៉ុន្តែ​វិបសាយ​ព័ត៌មាន China Daily របស់​រដ្ឋាភិបាល​ចិន បាន​បញ្ជាក់​កាល​ពី​ខែ​សីហា​ថា នាវា​ល្បាត​សមុទ្រ ២ គ្រឿង​របស់​ចិន​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​តំបន់​ប៉ាស៊ីហ្វិក​ខាង​ជើង​ដើម្បី «បង្ក្រាប​ការ​នេសាទ​ខុស​ច្បាប់» នៅ​ទី​នោះ។ ប្រទេសចិន​បាន​បញ្ជូន​នាវា​ល្បាត​សមុទ្រ​របស់​ខ្លួន​ទៅ​កាន់​តំបន់​នោះ​ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក​ម្ល៉េះ។

កង​កម្លាំង​ឆ្មាំ​សមុទ្រ​របស់​ចិន​បាន​លើកឡើង​ពី​ការ​ជួយ​សង្រ្គោះ​បែប​មនុស្សធម៌​ដើម្បី​ជា «លេស» សម្រាប់​ខ្លួន​ធ្វើ​សកម្មភាព​យោធា​តែ​ប៉ុណ្ណោះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Alan Chong។ ប៉ុន្តែ​ជា​ទូទៅ ចិន​បាន​ទុក​នាវា​ទាហាន​ជើង​ទឹក​របស់​ខ្លួន​ឲ្យ​នៅ​ឆ្ងាយ​ពី​ដែន​ទឹក​ដែល​មាន​ជម្លោះ។

លោក Eduardo Araral សាស្ត្រាចារ្យ​នៅ​មហា​វិទ្យាល័យ​គោល​នយោបាយ​សាធារណរៈ​នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី (National University of Singapore) បាន​ឲ្យ​ដឹង​ថា៖ «ប្រទេស​ចិនមិន​បាន យក​នាវា​ទាហាន​ជើងទឹក​របស់​ខ្លួន​មក​ដាក់​នៅ​ពី​មុខ​នោះ​ទេ។ ដូច្នះ ខ្ញុំ​គិត​ថា សហរដ្ឋ​អាមេរិក​កំពុង​រៀនតាម​ប្រទេស​ចិន​ដែរ ដែល​មិន​ចង់ដាក់​នាវា​ទាហាន​ជើង​ទឹករបស់​ខ្លួន​នៅ​ពី​មុខ​កង​កម្លាំង​ល្បាត​ការពារ។ ម្យ៉ាង​ទៀត ដោយសារ​វា​មើល​ទៅ​មិន​ស៊ី​គ្នា បាន​ជា​សហរដ្ឋ​អាមេរិក​អាចដាក់​នាវា​ល្បាត​សមុទ្រ​របស់​ខ្លួន​ទៅ​វិញ»។

«កង​កម្លាំង​ល្បាត​ការពារ» នៅ​ពេល​នេះ​គឺ​ចង់​សំដៅ​លើ​កង​នាវា​នេសាទ​របស់​ចិន ដែល​មាន​ទំហំ​ធំ​ខ្លាំង ដែល​ប្រទេស​ជា​ច្រើន​យល់​ឃើញ​ថា ការ​ធ្វើ​ដូច្នេះ​គឺ​ប្រៀប​ដូចជា​ការ​បង្ហាញ​នូវ​កម្លាំង​យោធា​របស់​ចិន​អញ្ចឹង។

ឆ្មាំ​ល្បាត​សមុទ្រ​នៅ​ជុំវិញ​ពិភពលោក ជា​ទូទៅ​បំពេញ​ការងារ​គ្រាន់តែ​ដើម្បី​ការពារ​តំបន់​ឆ្នេរ​និង​តំបន់​សមុទ្រ​ជិតៗ​តែ​ប៉ុណ្ណោះ។ ការ​ល្បាត​របស់​សហរដ្ឋ​អាមេរិក​នៅ​តាម​សមុទ្រ​ដែល​ឆ្ងាយ​ពី​ដែនទឹក​របស់​ខ្លួន នៅ​ទី​បំផុត​អាច​ធ្វើ​ឲ្យ​មាន​ចម្ងល់​ផ្លូវ​ច្បាប់ ប្រសិនបើ​ការ​ល្បាត​នោះ​ធ្វើ​ឡើង​ក្នុង​រង្វង់​ឆ្ងាយ​ពេក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Derek Grossman អ្នក​វិភាគ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ Rand Corporation នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Derek Grossman បញ្ជាក់ថា៖ «ប្រសិន​បើ​អាច​ទៅ​រួច​នោះ វា​ជា​គំនិត​មួយ​ដ៏​ល្អ​អស្ចារ្យ»។

លោក​បន្ថែម​ដូច្នេះ​ថា៖ «ខ្ញុំ​គិតថា ប្រសិនបើ​ប្រទេស​ចិន​បង្កើន​ការ​ប្រើប្រាស់​ឆ្មាំ​សមុទ្រ​និង​កងនាវា​ល្បាត​ការ​នេសាទ គឺ​ឆ្មាំ​សមុទ្រ​ទល់​នឹង​ឆ្មាំ​សមុទ្រ​ក្នុង​កម្រិត​ដូច​ពេល​នេះ នោះប្រហែល​ជា​រឿង​មួយ​ដែល​ប្រសើរ​ក្នុង​ការ​ជៀសវាង​ការធ្វើ​ឲ្យ​ឡើង​កម្តៅ [ដែល​អាច​ឈាន​ទៅ​ដល់​ការ​មាន​ជម្លោះ]៕

ប្រែ​សម្រួល​ដោយ​ជ្រា វណ្ណរិទ្ធ

XS
SM
MD
LG