អ្នកវិភាគកំពុងព្រមានថា នេះគឺជាការយកប្រទេសនៅអាស៊ីចំនួន៥ជាគោលដៅ។ ប្រទេសទាំងនោះប្រជែងការទាមទារចំណែកនៅក្នុងសមុទ្រនេះ និងមានការគាំទ្រកាន់តែខ្លាំងឡើងៗពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាគូប្រជែងអំណាចរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាជប្រជាជននៅក្នុងទីក្រុងប៉េកាំងបានអនុម័តច្បាប់មួយកាលពីថ្ងៃទី២២ ខែមករា ដែលអនុញ្ញាតយ៉ាងច្បាស់ៗឱ្យឆ្មាំសមុទ្រប្រើប្រាស់កងកម្លាំង។ ច្បាប់នេះអនុញ្ញាតឱ្យប្រើប្រាស់ «គ្រប់មធ្យោបាយចាំបាច់ទាំងអស់» ដើម្បីបញ្ឈប់នាវាបរទេស រួមទាំងការប្រើប្រាស់សព្វាវុធនៅលើនាវាចិនផងដែរ។
នាវាឆ្មាំសមុទ្រចំនួនប្រមាណ២០០បានប្រឈមនឹងនាវារបស់ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមជាប្រចាំ។ ប្រទេសទាំងបីនេះមានការប្រជែងទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងដែលសម្បូរទៅដោយធនធាន និងលាតសន្ធឹងពីភាគខាងត្បូងនៃទីក្រុងហុងកុងរហូតដល់ឥណ្ឌូណេស៊ី។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបើកនាវាចម្បាំងរបស់ខ្លួនជាប្រចាំកាត់ផ្លូវទឹកដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េនេះដើម្បីព្រមានដល់ចិន ដែលជាអតីតសត្រូវរបស់ខ្លួនក្នុងសង្គ្រាមត្រជាក់ និងបង្ហាញពីការគាំទ្រដល់ប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលមានការទាមទារចំណែកនៅក្នុងសមុទ្រនេះដែរ។ ចិនបានលើកឡើងពីកំណត់ត្រាប្រវត្តិសាស្ត្រដើម្បីគាំទ្រដល់ការទាមទាររបស់ខ្លួនដែលមានរហូតដល់ប្រមាណ៩០%នៃសមុទ្រនេះ។ ប្រទេសផ្សេងទៀតជឿថា ការទាមទាររបស់ចិនរំលោភបំពានច្បាប់សមុទ្រអន្តរជាតិ។
លោក Alexander Vuving សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិក Daniel K. Inouye សម្រាប់ការសិក្សាសន្តិសុខនៅក្នុងរដ្ឋ Hawaii សហរដ្ឋអាមេរិកបាននិយាយក្នុងន័យដើមថា «ការប្រើប្រាស់កាំភ្លើង និងកម្លាំងប្រឆាំងប្រទេសផ្សេងគឺដើម្បីប្រឆាំងវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីនៅសមុទ្រចិនខាងត្បូងដោយសារតែអតុល្យភាពអំណាចសម្រាប់ចិន»។ លោកបានបន្ថែមថា «កាំភ្លើងធំ» នៅលើនាវាឆ្មាំសមុទ្រចិនអាចនឹងបន្លាចដល់ប្រទេសនៅអាស៊ីអាគ្នេយ៍។
ប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងបី រួមទាំងប៊្រុយណេ និងតៃវ៉ាន់ដែលជាប្រទេសទាមទារស្ងាត់ៗខឹងសម្បានឹងចិនដោយសារតែការពង្រីកអំណាចរបស់ខ្លួននៅសមុទ្រ ជាពិសេសនៅលើកោះ Paracel និង Spratly ដែលមានជម្លោះខ្លាំងក្លា។ ប្រទេសចិនដោយមានកងកម្លាំងខ្លាំងបំផុតនៅតំបន់អាស៊ី និងជាប្រទេសមានអំណាចធំបំផុតទី៣នៅក្នុងពិភពលោកបានសាងសង់កូនកោះមួយចំនួនដែលប្រទេសនៅអាស៊ីអាគ្នេយ៍និយាយថា ជារបស់ពួកគេ។ សមុទ្រនៅជុំវិញនោះមានតម្លៃដោយសារតែទិន្នផលត្រី និងធនធានឥន្ធនៈនៅបាតសមុទ្រ។
បណ្តាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា លោក Delfin Lorenzana រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបាននិយាយថា ច្បាប់ឆ្មាំសមុទ្ររបស់ចិនបង្កើនហានិភ័យនៃ «ការវិនិច្ឆ័យនៅសមុទ្រខុស»។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានប្រតិកម្មទៅនឹងចំណាត់ការរបស់ចិនដោយបានជំរុញឱ្យប្រទេសទាំងអស់គោរពច្បាប់អន្តរជាតិ។
កងទ័ពជើងទឹកវៀតណាមបានស្លាប់នៅក្នុងឆ្នាំ១៩៧៤ និងឆ្នាំ១៩៨៨ នៅក្នុងការប៉ះទង្គិចយោធាជាមួយនឹងចិន។ ប្រទេសទាំងពីរបានបុកទូកគ្នាទៅវិញទៅមកនៅក្នុងឆ្នាំ២០១៤ នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបានអនុញ្ញាតឱ្យមានការដំឡើងអណ្តូងជីកយកប្រេងរបស់ចិននៅលើផ្ទៃទឹកមានជម្លោះ។ ចិន និងហ្វីលីពីនបានជាប់ក្នុងភាពទ័លច្រកនៅក្នុងឆ្នាំ២០១២ ដោយសារតែភាគីចិនបានក្តោបក្តាប់ផ្ទៃទឹកនៅខាងលិចកោះ Luzon។ ចិន និងម៉ាឡេស៊ីបានជាប់ក្នុងភាពទ័លច្រកនៅដើមឆ្នាំ២០២០។
ប្រទេសទាមទារនៅអាស៊ីអាគ្នេយ៍ក៏តាមដានកប៉ាល់របស់ចិនដែលបើកនៅក្បែរកោះមានជម្លោះ និងបណ្តេញកប៉ាល់នេសាទរបស់ចិនផងដែរ។
ការខឹងសម្បារបស់ចិនបានកើនឡើងដោយសារតែការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសទាមទារនៅអាស៊ីអាគ្នេយ៍ បូករួមនឹងការបើកនាវាចម្បាំងកាត់សមុទ្រចិនខាងត្បូងជាប្រចាំ ជាឧទាហរណ៍ ការធ្វើសមយុទ្ធរបស់ក្រុមកប៉ាល់ដឹកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកកាលពីដើមខែនេះ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលមិនមានការទាមទារនៅក្នុងសមុទ្រនេះ បានជួយបង្វឹកទាហានហ្វីលីពីន ហើយនៅក្នុងឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យមានការលក់អាវុធដ៏ប្រល័យទៅឱ្យវៀតណាម។ តៃវ៉ាន់បានទិញសព្វាវុធទំនើបៗពីសហរដ្ឋអាមេរិករួចហើយ។
លោក Eduardo Araral សាស្ត្រចារ្យរងនៅសាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយក្នុងន័យដើមថា «ខ្ញុំគិតថា កងទ័ពរំដោះប្រជាជនចិនកំពុងលេងល្បែងនៃភាពមិនច្បាស់លាស់នៅក្នុងការគិតរបស់មនុស្សគ្រប់គ្នា ដើម្បីឱ្យភាពមិនច្បាស់លាស់នេះធ្វើជារនាំងមួយដោយនិយាយថា កុំធ្វើសកម្មភាពលឿនពេកនៅក្នុងទឹកដីទាំងនេះ ដោយសារតែយើងមានជម្រើសនេះ»។
នៅក្នុងក្រុងប៉េកាំង លោក Li Shanzhu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍បាននិយាយថា ច្បាប់ឆ្មាំសមុទ្រនេះ «ផ្តល់ការធានាផ្លូវច្បាប់ដើម្បីការការពារប្រកបដោយប្រសិទ្ធភាពចំពោះអធិបតេយ្យភាពជាតិ សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រ និងសន្តិសុខ» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ផ្លូវការរបស់ចិន។
លោក Vuving បាននិយាយថា ឆ្មាំសមុទ្រចិនមាននាវាដែលមានកងកម្លាំងត្បាតធំៗបំផុតនៅក្នុងពិភពលោក ប៉ុន្តែចិនមិនអាចប្រៀបធៀបជាមួយនឹងកងកម្លាំងសហរដ្ឋអាមេរិកបានទេ។
លោក Yun Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីខាងកើតនៅមជ្ឈមណ្ឌល Stimson បាននិយាយថា ផ្ទុយទៅវិញ ចិនសង្ឃឹមនឹងស្តារទំនាក់ទំនងជាមួយនឹងរដ្ឋបាលលោកប្រធានាធិបតី Joe Biden បន្ទាប់ពីទំនាក់ទំនងរកាំរកូសរយៈពេល៤ឆ្នាំនៅក្រោមរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump។
លោក Yun Sun បាននិយាយក្នុងន័យដើមថា «បរិបទនៃការប្រកួតប្រជែងមហាអំណាចក្នុងរយៈពេលបួនឆ្នាំមុនគឺជារឿងអវិជ្ជមានខ្លាំងមែនទែន។ ប្រសិនបើរដ្ឋាភិបាលចិនមានក្តីរំពឹងថា នឹងមានការល្អប្រសើរឡើង ការប្រតិកម្មលើសកម្រិតនៅចំណុចនេះមិនមែនជាយុទ្ធសាស្ត្រល្អនោះទេ»៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា